បណ្តាញសង្គម

​Xperia​ 2​ អាច​នឹងមាន​​អេក្រង់​បង្ហាញ​លោត​ដល់ 5K​ និង​អាច​ចេញ​ជា​ series​ ទៀត​ផង​

កាលពីខែមិថុនា កន្លងទៅ Sony បានដាក់លក់ស្មាតហ្វូន Xperia 1 របស់ខ្លួន ជាផ្លូវការ ដែលមានអេក្រង់ខ្នាតកុន ក្នុងកម្រិត 4K រួមជាមួយកម្លាំងម៉ាស៊ីនខ្លាំង និងមានចំណុច

ពិសេស ជាច្រើនទៀត ដែលធ្វើស្មាតហ្វូនមួយនេះ ទទួលបានការកោតសរសើរ ជាច្រើន ពីសំណាក់អ្នកប្រើប្រាស់។ មិនទាន់បានយូរប៉ុន្មានផង ក្នុងពេលនេះ ស្រាប់តែមានដំណឹងមួយចំនួនទៀត ទាក់ទងទៅនឹង Xperia ជំនាន់ថ្មី ជាមួយ សមត្ថភាព អាចនឹងកាន់តែប្រសើរជាងបងរបស់វា ផងដែរ។


ជាក់ស្ដែង បន្ទាប់ពីទទួលបានការគាំទ្រច្រើន ទៅលើផ្នែកកម្រិតបង្ហាញ ដែលមាននៅលើអេក្រង់របស់ Xperia 1 ហើយ គឺថានៅក្នុងដំណឹងនេះ បានបញ្ជាក់ថា Sony កំពុងតែបង្កើនផ្នែកគុណភាពបង្ហាញបន្ថែមទៀត នៅលើ Xperia ជំនាន់ក្រោយរបស់ខ្លួន ដោយត្រូវបានគេហៅថា Xperia 1R (មានឈ្មោះកូដ J8220) ហើយវាអាចនឹងមានឈ្មោះ ជាផ្លូវការថា Xperia 2។ សម្រាប់ Xperia 2 អាចមានអេក្រង់ ដែលមានកម្រិតបង្ហាញ លោតធំខ្លាំងដល់ 5K ឬ 5040 x 2160 ភិចស៊ែល និងរក្សាកម្រិត Aspect ratio ខ្នាតកុន 21:9 ដដែល។ លើសពីនេះ វាអាចនឹងមានគ្រាប់ភិចស៊ែល កើនឡើងប្រហែល 70% បន្ថែមទៀត ពីលើជំនាន់ដំបូង។ ចំពោះចំនួនគ្រាប់ភិចស៊ែល ដ៏ច្រើននោះ ត្រូវបានគេបញ្ជាក់ថា វាអាចមានដង់ស៊ីតេ រហូតដល់ 899ppi (ឬអាចហៅថាដង់ស៊ីតេអេក្រង់) ខណៈពេលដែលបច្ចុប្បន្ននេះ Xperia 1 មានត្រឹមតែ 643ppi ប៉ុណ្ណោះ។ កាន់តែពិសេសនោះ ម្ដងនេះ Sony អាចមិនមែនបញ្ចេញត្រឹមតែ មួយម៉ូឌែលទេ ព្រោះអ្វីដែលគេបានឃើញគឺ វាមានឈ្មោះកូដចំនួន 3 ម៉ូឌែល រួមមាន J8010, J8210 និង J8270 មានន័យថា លើកនេះ យើងអាចហៅវាបានថា Sony Xperia 2 series។



អញ្ចឹង បើគ្រប់យ៉ាងនឹងក្លាយ ជាការពិតមែននោះ មានន័យថា Sony អាចកំពុងតែផលិតអាវុធ បន្ថែមទៀត សម្រាប់ចូលរួមធ្វើសឹកសង្រ្គាមស្មាតហ្វូន ជាមួយក្រុមហ៊ុនដទៃ នៅលើទីផ្សារ ក្រែងអាចទទួលបាន តំបន់កាន់កាប់ច្រើនជាង ពេលបច្ចុប្បន្ន ព្រោះថាឥលូវនេះ ក្រុមហ៊ុនជប៉ុនមួយនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយលុកហើយ។ ប៉ុន្តែបើសិនជា អាចទម្លាក់តម្លៃឲ្យធូរជាងនេះទៀត ប្រហែលមានមនុស្សមិនតិចទេ ដែលសួររកម៉ូឌែល អេក្រង់ខ្នាតកុន នៅក្នុងហាងលក់ទូរសព្ទ។

ដកស្រង់ចេញពីCamborReport