បណ្តាញសង្គម

ពេលម្ចាស់ដើមចេញមុខ ទើបដឹងសារព័ត៌មានកូរ៉េខំបំភ្លៃអំពី Song Hye Kyo កម្រិតណា

កាលពីថ្មីៗនេះ Song Hye Kyo បានចូលរួមក្នុងបទសម្ភាសន៍មួយ ខណៈពេលផ្សព្វផ្សាយឲ្ យគ្រឿងអលង្ការមួយនៅប្រទេសម៉ូណាកូ។

នៅពេលនោះ នាងបាននិយាយអំពីផែនការអនាគត, និយាយអំពីជោគវាសនា និងគោលបំណងចង់ពាក់មកុដនៅថ្ងៃកំណើត។ យ៉ាងណាក្ដី មានសារព័ត៌មានកូរ៉េខាងត្បូងមួយចំនួន បានសម្រង់សម្ដីខុស ធ្វើឲ្យមើលទៅឃើញថា Song Hye Kyo គិតថា "ជាជោគវាសនារបស់ខ្លួនដែលត្រូវលែងលះ” និងថា "នាងចង់ឲ្យគេចាត់ទុកខ្លួនដូចជាព្រះនាង”។

មហាជនកូរ៉េចាប់ផ្ដើមជឿនឹងការចុះផ្សាយនេះ ហើយការរិះគន់ និងការបញ្ចេញកំហឹងលើតារាសម្ដែងរូបនេះ ក៏កើតមានឡើង។ យ៉ាងណាក្ដីអ្នកបកប្រែដែលមានឈ្មោះថា Miss J ដែលបានជួយដល់ Song Hye Kyo បកប្រែភាសាក្នុងពេលធ្វើការសម្ភាសន៍ដើមនោះ បានចេញមុខនិយាយការពិត។ អ្នកបកប្រែនិយាយថា ៖ "មានការយល់ច្រឡំជាច្រើនកើតមាន ព្រោះតែសារព័ត៌មានលុបចោលពាក្យសម្ដីពីការសម្ភាសន៍ខ្លះ ហើយជ្រើសយកតែចម្លើយដែលនាង (Song Hye Kyo) បានឆ្លើយ។

នេះជាលើកដំបូងដែលខ្ញុំជួបរឿងបែបនេះ ហេតុនេះខ្ញុំពិតជារន្ធត់ចិត្ត និងខឹងមែនទែន ហើយក៏ភ័យខ្លាចផងដែរ”។ តាមការបកស្រាយលម្អិតរបស់ Miss J គឺអ្នកសម្ភាសន៍បានសួរសំនួរថា "ប្រសិនបើអាចពាក់មកុដមួយរបស់ Chuamet (ម៉ាកគ្រឿង អលង្ការដែលនាងផ្សាយ) តើអ្នកចង់ពាក់ពេលណា?”។

ព្រោះសំនួរនេះហើយទើប Song Hye Kyo ឆ្លើយថា "ប្រសិនបើអាច ខ្ញុំចងពាក់មកុដនៅថ្ងៃកំណើត នៅថ្ងៃទី ២២ វិច្ឆិកា។ នៅពេលខ្ញុំពាក់មកុដ ខ្ញុំមានអារម្មណ៍ថាដូចជាព្រះនាង”។ ប៉ុន្តែសារព័ត៌មានបានចុះផ្សាយពីចម្លើយនេះ ដោយពណ៌នាខុសន័យ។ Miss J បានបញ្ជាក់ទៀតថា ពេលនិយាយដល់រឿងជោគវាសនា Song Hye Kyo មិនមែនសំដៅដល់ការលែងលះកាលពីថ្មីៗនេះទេ។

ពេលនោះសំនួរបានសួរអំពីការជ្រើសរើសលើកិច្ចការដែលត្រូវធ្វើបន្ទាប់ថា "តើអ្នកសម្រេចថាធ្វើការលើកិច្ចការអ្វីមួយដោយរបៀបណា?”។ Song Hye Kyo បានតបថា "ខ្ញុំជឿថាការងាររត់មករកអ្នកតាមជោគវាសនាបានកំណត់ មិនមែនថាត្រូវខិតខំយកវាមកបានដោយរបៀបណានោះទេ”។

ចុងក្រោយ Miss J បង្ហាញថាសារព័ត៌មានកូរ៉េរាយការណ៍ខុសលើចម្លើយរបស់ Song Hye Kyo អំពីការរៀបចំខ្លួនរបស់នាង។ នៅពេលអ្នកសម្ភាសន៍សួរ "តើអ្នកចូលចិត្តគ្រឿងអលង្ការអ្វី”។ Song Hye Kyo ឆ្លើយថា "ពិតណាស់ ខ្ញុំចូលចិត្តគ្រឿងអលង្ការប្រណីតៗពេលធ្វើការ ប៉ុន្តែចំពោះការរស់នៅប្រចាំថ្ងៃធម្មតាខ្ញុំចូលចិត្តរៀបចំខ្លួនធម្មតាៗ។

ខ្ញុំគិតថាវាគ្រាន់តែជាស្ទីលរបស់ខ្ញុំ"។ អ្នកបកប្រែខាងលើលើកឡើងដែរថា សោកស្ដាយណាស់ដែលសារព័ត៌មានកូរ៉េចុះផ្សាយអំពី Song Hye Kyo ដូចជាតារាមានចរិតជាព្រះនាងម្នាក់ ទាំងដែលធាតុពិតនាងជាមនុស្សចិត្តទូលាយ និងស្មោះត្រង់ម្នាក់៕

 

 

 ដកស្រង់ពី៖ Sabay