បណ្តាញសង្គម

រូបរាង​ទាំង​មុខ​និង​ក្រោយ​របស់ Galaxy Watch Active 2 ត្រូវ​បាន​លេច​ធ្លាយ​ដោយ FCC

វត្តមាននាឡិកាឆ្លាតវៃ Galaxy Watch Active ជំនាន់ដំបូងរបស់ Samsung ដែលមានការឌីហ្សាញប្លែកថ្មី និងមានតម្លៃគួរសមផងនោះ ទើបតែកន្លងផុតអស់ជាងប៉ុន្មានខែសោះ ឥឡូវនេះ ឃើញថា

Galaxy Watch Active 2 ក៏ចាប់ផ្តើមលេចមុខ ជិតចូលមកស្នងតំណែងបន្ត ពីសិស្សច្បងវាហើយ។ កាលពីចុងខែមិថុនាមុននេះ ក្រុមការងារ ខេមបូរីផត ក៏បានបង្ហាញពីលក្ខណៈសម្បត្តិលេចធ្លាយ មួយចំនួនរបស់នាឡិកាឆ្លាតវៃ ជំនាន់ថ្មីមករួចម្តងហើយ ដែលប្រិយមិត្តអាចចុចលើ តំណរភ្ជាប់នេះ ដើម្បីចូលទៅទស្សនាព័ត៌មានបន្ថែមពីអត្ថបទនោះ។

នាឡិកាឆ្លាតវៃ Galaxy Watch Active 2 អាចត្រូវបានគេរំពឹងទុកថា វានឹងមានលក្ខណៈស្រដៀង ទៅនឹងខ្សែស្រឡាយមុនដែរ ដោយគ្រាន់តែមានការផ្លាស់ប្តូរ រចនាបថរូបរាង និងបន្ថែមមុខងារក្នុង Software មួយចំនួន ដែល Galaxy Watch Active មិនមានប៉ុណ្ណោះ។ បើយោងតាមប្រភពដដែល បានឲ្យដឹងថា Samsung នឹងនៅតែប្រើកងបង្វិល ឆ្លាស់មុខងារ ដែលយើងធ្លាប់បានឃើញ នៅលើនាឡិកាឆ្លាតវៃ ជាច្រើនមកហើយ របស់ក្រុមហ៊ុនមួយនេះ។ លើសពីនេះទៀត វានឹងដើរដោយ Tizen OS ជាមួយអង្គផ្ទុកទិន្នន័យទំហំ 4GB និងមាន ប្រព័ន្ធGPS, បច្ចេកវិទ្យាការពារទឹកចូល, និងបំពាក់ដោយ Gorilla Glass។

សរុបមក គេពុំទាន់បានបញ្ជាក់ច្បាស់ពីការដាក់បង្ហាញវត្តមានរបស់ Galaxy Watch Active 2 នេះ ជាផ្លូវការនៅថ្ងៃណា ឲ្យជាក់ផងដែរទេ គ្រាន់តែដឹងថា Samsung អាចនឹងប្រកាសវាដណ្តាលគ្នាជាមួយ Galaxy Note 10 នៅក្នុងខែខាងមុខ។ ហេតុដូចច្នេះ យើងមានតែទទ្ទឹមចាំមើលទាំងអស់គ្នា ហើយបើសិនជាមានព័ត៌មាន កាន់តែជាក់លាក់បន្ថែមទៀត ខេមបូរីផត នឹងបន្តរីករាយផ្សាយជូន ប្រិយមិត្តជាទីរាប់អាន។

ដកស្រង់ចេញពីCamboReport