បណ្តាញសង្គម

មាន ១០ជំនាញនេះ កន្លែងណាក៏ចង់បានអ្នកទៅធ្វើការដែរ

តាមការស្រាវជ្រាវរបស់ LinkedIn ជាទីកន្លែងប្រមូលផ្ដុំតំណែងនិងប្រវត្តិអ្នកដាក់ពាក្យធ្វើការច្រើនបំផុតមួយក្នុងលោក បានធ្វើការវិភាគដោយប្រើ Algorithm បានរក

ឃើញថាជំនាញទាំងប៉ុន្មានខាងក្រោមនឹងជួយឲ្យអ្នកក្លាយជាបុគ្គល Hot property ដែលអ្នកណាៗក៏ចង់បាន។

LinkedIn បានបែងចែកជំនាញទាំងនោះជាពីរផ្នែក គឺ Soft Skills និងHard Skills។

Soft Skills គឺជំនាញចាត់ការអារម្មណ៍និងការចូលសង្គមដូចជាការប្រើភាសាពីរោះពិសា ការប្រាស្រ័យទាក់ទង ភាពរួសរាយរាក់ទាក់ គំនិតសុទិដ្ឋិនិយម Social Manner និងបុគ្គលិកលក្ចណៈជាដើម។

១. គំនិតឆ្នៃប្រឌិត

អ្នកខ្លះយល់ច្រឡំថា គំនិតឆ្នៃប្រឌិតមានតាំងពីកំណើត តែមែនទែនទៅ វាកើតពីការខិតខំព្យាយាមទៅវិញទេ។ មានការស្រាវជ្រាវជាច្រើនបានបង្ហាញថា គំនិតឆ្នៃប្រឌិតអាចហ្វឹកហាត់បាន គ្រាន់តែត្រូវមានគំនិតរីកចម្រើនទើបភាពឆ្នៃប្រឌិតតាមមកជាក្រោយ។

២. ជំនាញបញ្ចុះបញ្ចូល

ក្នុងសម័យកាលដែលពោរពេញដោយព័ត៌មាន ជំនាញ Storytelling ជំនាញនិយាយល្អនឹងជួយឲ្យលោកអ្នកកាន់តែលេចធ្លា ត្រូវចងចាំថាកុំពូកែតែមាត់ រកសាច់ការគ្មាន។

៣. ជំនាញធ្វើការជាក្រុម

 

ពេលនេះមិនមែនជាសម័យដែលត្រូវធ្វើការម្នាក់ឯងទៀតទេ។ ដើរម្នាក់ឯងដើរបានលឿនមែន តែបើដើរមានគ្នា ដើរបានឆ្ងាយជាង។ ជំនាញធ្វើការជាក្រុម ជាមួយអ្នកដទៃនឹងជួយឲ្យអ្នករកបានក្រុមការងារដែលអាចជួយគ្នារីកចម្រើនបានយ៉ាងយូរអង្វែង។

៤. ជំនាញសម្របខ្លួន

អ្នកណាសម្របខ្លួនបានលឿនជាងអ្នកនោះជាអ្នកឈ្នះ។ ព្រោះពិភពលោកផ្លាស់ប្ដូរលឿនជាងមុនឆ្ងាយ អ្វីដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ ថ្ងៃខាងមុខអាចនឹងមិនចាំបាច់ទៀតក៏ថាបាន។ ដូច្នេះហើយ ការសម្របខ្លួនឲ្យត្រូវតាមរបត់សង្គមថ្មីៗ នឹងជារឿងដែលចាំបាច់បំផុត។ សាកស្រមៃមើលក្រុមមនុស្សមួយចំនួនមិនព្រមផ្លាស់ប្ដូរ មិនព្រមទទួលស្គាល់ថាឥលូវពិភពលោកគេដើរដល់ណាហើយ...នេះជារឿងពិបាកបំផុត ហេតុនេះហើយអ្នកណាពូកែសម្របខ្លួន នឹងជាមនុស្សដែលគេចង់បានបំផុត។

៥. ជំនាញគ្រប់គ្រងពេលវេលា

To do List ច្រើនពេក រហូតមិនដឹងធ្វើមួយណាមុន ធ្វើមិនទាន់ តែលោកអ្នកគួរសួរខ្លួនឯងថា រវល់ព្រោះការងារច្រើន ឬរវល់ព្រោះមិនចេះចាត់ចែងការងារតាមលំដាប់សំខាន់របស់វា។ ហេតុនេះហើយ ជំនាញគ្រប់គ្រងពេលវេលាចាំបាច់ខ្លាំង នៅពេលមនុស្សមានរឿងច្រើនដែលត្រូវធ្វើនិងត្រូវខ្វល់ខ្វាយ។

Hard Skills គឺសមត្ថភាពខាងជំនាញវិជ្ជាជីវៈ។

១. ជំនាញ Cloud Computing

Cloud Computing គឺសេវាកម្មផ្សេងៗដែលប្រើប្រាស់លើរលកធាតុអាកាសដូចជា Google តែមួយមានទាំង Google Docs, Google Sheet,...ឬ Drop Box ជាដើម។ បច្ចុប្បន្ននេះ សង្កេតឃើញថា ការធ្វើការលើបណ្ដាញអ៊ីនធឺណេតមានកាន់តែច្រើនឡើងៗ ហើយបើលោកអ្នកនៅតែមិនទាន់ស្គាល់ឬមិនទាន់ចេះប្រើស្ទាត់ទេ គួរប្រញាប់រកពេលហ្វឹកហាត់ប្រើវាបណ្ដើរៗទៅ។

២. AI (Artificial Intelligence)

AI - Artificial Intelligence នឹងចូលមកធ្វើការជំនួសតំណែងមួយចំនួនរបស់មនុស្សដូចជា ការឆ្លើយតបសារ ការរាប់លុយ ឬអ្នកគិតលុយជាដើម។ AI នឹងកាន់តែពង្រីកមុខងារតួនាទី និងសមត្ថភាពកាន់តែទូលំទូលាយ ដ្បិតតែមិនអាចជំនួសមនុស្សបាន ១០០% តែលោកអ្នកគួរតែស្វែងយល់និងចេះប្រើប្រាស់វាទើបជាការប្រសើរ។

៣. ជំនាញវិភាគ

ដោយសារបច្ចុប្បន្ននេះ ការប្រមូលព័ត៌មានមិនមែនជារឿងលំបាកទៀតទេ តែអ្វីដែលពិបាកគឺយកព័ត៌មានទាំងនេះមករៀបរៀងជាយុទ្ធសាស្រ្តទៅវិញទេ។ ហេតុនេះហើយទើបក្រុមហ៊ុនជាច្រើនត្រូវការបុគ្គលិកដែលមានជំនាញច្បាស់លាស់ក្នុងការនាំយកព័ត៌មានមកវិភាគហើយរៀបចំយុទ្ធសាស្រ្តនេះឯង។

៤. ជំនាញគ្រប់គ្រងធនធានមនុស្ស

សម័យកាលផ្លាស់ប្ដូរ ឯមនុស្សក៏ផ្លាស់ប្ដូរដែរ។ មនុស្សសម័យនេះមិនមែនយកពាក្យបញ្ជា យកការគម្រាមមកប្រើហើយបានផលទេ។ បើសិនចង់បានមនុស្សល្អៗធ្វើការជាមួយក្នុងរយៈពេលយូរ អ្នកគ្រប់គ្រង មេក្រុមឬម្ចាស់ក្រុមហ៊ុនត្រូវចេះរៀនប្រើកម្លាំងជំរុញទឹកចិត្តនិងការលើកទឹកចិត្តមនុស្សក្នុងក្រុមទើបមានប្រសិទ្ធភាពជាង។

៥. UX Design

សព្វថ្ងៃនេះ មនុស្សចាប់អារម្មណ៍នឹង Digital ច្រើនជាង ហើយការធ្វើឲ្យ Digital អាចទាក់ទាញចំណាប់អារម្មណ៍មនុស្សបាន ការបង្កើតបទពិសោធន៍ល្អថ្មីៗឲ្យអ្នកប្រើប្រាស់ដែលអាចឲ្យ Brand នីមួយៗលេចធ្លោពីគេ គឺអ្វីដែលកម្រនឹងធ្វើបានតែសំខាន់ខ្លាំងណាស់ក្នុងមុខជំនួញ។ បើលោកអ្នកមានជំនាញចេះសរសេរកូដនេះជារឿងល្អហើយ តែសរសេរកូដយ៉ាងណាឲ្យជាប្រយោជន៍និងបទពិសោធន៍ល្អ ថ្មីប្លែកមិនធ្លាប់មានទើបជារឿងសំខាន់។

ទាំងអស់នេះគឺជំនាញទាំង ១០ដែលក្រុមហ៊ុនជាច្រើនត្រូវការ។ ដ្បិតតែគ្មានអ្នកណាចេះឬពូកែគ្រប់មុខបាន តែលោកអ្នកអាចប្រមូលបទពិសោធន៍និងរៀនស្វែងយល់ពីជំនាញអនាគតដ៏ខ្លីខាងមុខនេះជាមុនបានតាមចំណូលចិត្តឲ្យហើយទៅមិនខុសទេ៕

ដកស្រង់ចេញពីSabay