បណ្តាញសង្គម

ភោ សុ​ផានិត បង្ហាញ​បំណង​ចង់​វិល​រក​អាជីព​ពិធីករ​ជា​ថ្មី

បន្ទាប់ពីបាត់មុខជាពិធីករតាម ទូរទស្សន៍មួយរយៈធំពេលនេះ លោកភោ សុភានិត បានបង្ហាញបំណងចង់ចូលប្រឡូកក្នុងអាជីពពិធីករនេះឡើងវិញ ប្រសិននៅតែមានទស្សនិកជននិយមនិងគាំទ្រ ។

យ៉ាងណាបំណងខាងលើរបស់អតីតពិធីករទូរទ្សន៍ដ៏មានទឹកដមសំឡេងផ្អែមរូបនេះ គឺមិនមានចេតនាមកដណ្តើមទីផ្សារក្មេងៗជំនាន់ក្រោយនោះឡើយ ពោលលោកគ្រាន់តែចង់ផ្តល់ជាពិសោធន៍អោយអ្នកសិល្បថ្មីៗលើជំនាញពិធីករនេះប៉ុណ្ណោះ ។ អតីតពិធីករនៅប៉ុស្តិ៍លេខ៣ លោក ភោ សុផានិត បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា កាលដែលលោកមានបំណងចាប់ក្បាលមេក្រូធ្វើជាពិធីករឡើងវិញនេះ គឺមានគោលសំខាន់ចំនួន៣ ។

លោកថាទី១ ខ្ញុំចង់ជួយ និងចែករំលែកដល់ប្អូនៗជំនាន់ក្រោយ ដែលស្រលាញ់ការងារជាពិធីករ ចង់ទទួលបានមតិយោបល់ ឬចំណេះដឹង ចំណេះពិសោធន៍ ចំណេះធ្វើ និងឱកាសការងារថ្មីមួយទៀតដែលខ្ញុំនឹងជម្រាបជូននៅពេលក្រោយ ។ ទី២ ខ្ញុំចង់អញ្ជើញពួកគាត់ចូលរួមការងារសំខាន់មួយ គឺ«ផ្នែកទីផ្សារ និងលក់» ដែលជាកិច្ចការដ៏សំខាន់មួយនៃការងារជាពិធីករ ពួកគាត់នឹងក្លាយជាអ្នកទីផ្សារលក់អាជីព និងទី៣ ជួយបង្ហាញផ្លូវ តម្រង់ទិសឲ្យពួកគាត់មានផ្នត់គំនិតវិជ្ជមាន គិតធំ មានក្តីសុបិនមានគោលដៅ ។

បើតាមលោក ភោ សុផានិត បច្ចុប្បន្នបើទោះបីជារាល់ថ្ងៃនេះលោកជាមន្ត្រីរាជការម្នាក់ក៏ដោយ ប៉ុន្តែលោកនៅតែឆ្លៀតពេលទំនេរទទួលការងារជាពិធីករលើការងារអចលនទ្រព្យផងដែរ ។ លោកបញ្ជាក់ថា ក្នុងនាមជាពិធីករជាង១០ឆ្នាំ លោកនៅតែស្រឡាញ់នូវអាជីពមួយនេះដដែល ហើយលោកមិនចង់បោះបង់ ឬមិនបានបង្រៀន និងផ្តល់បទពិសោធន៍ដល់ក្មេងជំនាន់ក្រោយនោះឡើយ ។

យ៉ាងណាលោក ភូ សុផានិត បានអះអាងថា ប្អូនៗធ្វើការងារជាពិធីករបច្ចុប្បន្ន គឺបានល្អហើយ តែគួរបន្តការខិតខំប្រឹងប្រែងទៀតតាមរយៈការសិក្សាស្រាវជ្រាវអានសៀវភៅ ចូលរួមវគ្គសិក្សាខ្លី ពង្រឹង និងពង្រីកចំណេះដឹងសាកលឲ្យបានច្រើន ជាពិសេសដើរឲ្យទាន់បច្ចេកវិជ្ជាសម័យថ្មី ៕

ដកស្រង់ពី៖ កោះសន្ដិភាព