បណ្តាញសង្គម

iPad Pro ដែលបំពាក់​ដោយ កាមេរ៉ា 3 គ្រាប់ អាចនឹង​បង្ហាញខ្លួន នៅក្នុង ​ខែតុលា ខាងមុខនេះ

សព្វថ្ងៃនេះ បើនិយាយអំពី ថេប្លេត នរណាៗ ក៏នឹកឃើញដល់ ថេប្លេត របស់ក្រុមហ៊ុន Apple មុនគេដែល ព្រោះថាវាមាន រូបរាង ស្រស់ស្អាត ទាន់សម័យ មានកម្លាំងម៉ាស៊ីន ខ្លាំង និងមុខងារពិសេសៗ ជាច្រើនទៀតផង។

គួររំលឹកផងថា Apple បានបញ្ចេញ ថេប្លេត លំដាប់កំពូលរបស់ខ្លួន iPad Pro 11 អ៊ីញ និង iPad Pro 12.9 អ៊ីញ កាលពី ខែតុលា ឆ្នាំមុន ហើយវាក៏ទទួលបាន ការគាំទ្រជាច្រើនផងដែរ។

ហើយក៏មាន ព័ត៌មានជាច្រើន បាននិយាយថា ក្រុមហ៊ុន Apple ប្រហែលជាកំពុងសម្ងំ អភិវឌ្ឍ ថេប្លេតជំនាន់ថ្មី របស់ខ្លួន ហើយត្រៀមនឹងដាក់បង្ហាញជាផ្លូវការ នាពេលខាងមុខនេះ។

ស្រាប់តែ ក្នុងថ្ងៃនេះ មានប្រភពមួយ ដែលមានឈ្មោះថា Mac Otakara បានរាយការណ៍ថា iPad Pro ជំនាន់ថ្មីរបស់ Apple អាចនឹងបំពាក់មកជាមួយ កាមេរ៉ា បី ខណៈដែល iPad ដែលមានអេក្រង់ទំហំ 10.2 អ៊ីញ អាចនឹងបំពាក់ កាមេរ៉ាភ្លោះ ស្រដៀងទៅនឹង iPhone XS ។

ប្រភពដដែល បានបន្តទៀតថា iPad ទាំង 2 នឹងត្រូវដាក់បង្ហាញជាផ្លូវការ នៅក្នុង ខែ តុលា ខាងមុខនេះ។ គួរបញ្ជាក់ផងថា Apple Insider មិនអាចបញ្ជាក់ បានទេថា ការអះអាងរបស់ Mac Otakara ពិត ឬមិនពិតនោះទេ។

បើព័ត៌មានខាងលើនេះ គឺជាការពិតមែននោះ ការដែលបំពាក់ កាមេរ៉ាខាងក្រោយ ជាច្រើនគ្រាប់សម្រាប់ iPad វានឹងក្លាយទៅជា ការផ្លាស់ប្តូរ ដ៏ធំមួយ សម្រាប់ Apple ព្រោះដោយសារតែ ក្រុមហ៊ុន Apple មិនធ្លាប់បំពាក់ កាមេរ៉ាច្រើនគ្រាប់ នៅលើ iPad ក្នុងប្រវត្តិសាស្រ្ត របស់ខ្លួនឡើយ បើទោះបីជា Apple បានបំពាក់ កាមេរ៉ាភ្លោះ លើកដំបូងរបស់ខ្លួន នៅលើ iPhone 7 Plus កាលពី ឆ្នាំ 2016 ក៏ដោយ។

គួររំលឹកផងថា កាលពី ខែមិនា អ្នកវិភាគ ដ៏ល្បីល្បាញម្នាក់ ដែលមានឈ្មោះថា Ming-Chi Kuo បានព្យាករណ៍ អំពីកំនែអាប់ដេត របស់ iPad ជំនាន់ក្រោយ ដោយលោក បាននិយាយថា Apple នឹងធ្វើការបញ្ចេញ iPad ដែលមានអេក្រង់ LCD ទំហំ 10.2 ដែលមកជំនួស តំណែងរបស់ iPad អេក្រង់ ទំហំ 9.7 អ៊ីញ ហើយវាអាចនឹងបង្ហាញខ្លួននាពេលខាងមុខនេះ។

សរុបមកវិញ ប្រសិនបើ ព័ត៌មានខាងលើនេះ គឺជាការពិតមែន នោះមានន័យថា ក្រុមហ៊ុន Apple ចង់បង្កើន សមត្ថភាព កាមេរ៉ា របស់ iPad ឲ្យដើរទាន់ ជំនាន់របស់ iPhone ហើយ នេះក៏ជាដំណឹងដ៏ល្អមួយ សម្រាប់ប្រិយមិត្ត ដែលតែងតែស្រលាញ់ និងគាំទ្រផលិតផលរបស់ Apple ជាពិសេស ខ្សែរស្រឡាយរបស់ iPad តែម្តង។

ដកស្រង់ចេញពីCamboReport