បណ្តាញសង្គម

Meizu 16s Pro អាច​ប្រើ​ឈីប Snapdragon 855+ និង​ទទួល​បាន​ពិន្ទុ​ជាង 460K ពី AnTuTu

កាលពីថ្មីៗនេះក្រុមហ៊ុនចិនMeizuទើបតែបានបញ្ជាក់ពីថ្ងៃប្រកាសបញ្ចេញនូវកំពូលស្មាតហ្វូនថ្មីមួយទៀតរបស់ខ្លួនម៉ូឌែលMeizu16sProមានលេខសម្គាល់m1973ដោយនឹងធ្វើនៅថ្ងៃទី 28 ខែសីហាខាងមុននេះហើយ។ 

 

ជាទូទៅ មុនការប្រកាសជាផ្លូវការ នៃស្មាតហ្វូននីមួយៗ តែងតែឃើញមាននូវប្រភពលេចធ្លាយមួយចំនួន ពីរូបរាង និងលក្ខណៈសម្បតិ្តខ្លះៗ លើបណ្តាញសង្គមនានា ហើយក្នុងនោះ ក្រុមការងារ ខេមបូរីផត ក៏ធ្លាប់បានរាយការណ៍ពីលក្ខណៈ បែកធ្លាយនៃ Meizu 16s Pro ជូនដល់ប្រិយមិត្ត ផងដែរ។ ដោយមួយរយៈមុន ស្មាតហ្វូននេះ បានចុះថា នឹងប្រើប្រាស់បន្ទះឈីបប្រភេទ Snapdragon 855 ដូចទៅនឹង Meizu 16s ធម្មតាដែរ។ ប៉ុន្តែ មកដល់ថ្ងៃនេះ នៅក្នុង AnTuTu benchmarks បានបង្ហាញឲ្យឃើញថា វានឹងបំពាក់ឈីបកំពូល ជំនាន់ចុងក្រោយគេបង្អស់របស់ ក្រុមហ៊ុន Qualcomm គឺ Snapdragon 855+ វិញ និងអមមកជាមួយ GPU ប្រភេទ Adreno 640 ដើរដោយ Android 9 Pie ជាពិសេស ព្រមទាំងទទួលបានកម្រិតពិន្ទុ ខ្ពស់ដល់ទៅ 464,411 ថែមទៀតផង។

បើយោងតាមការធ្វើតេស្តជាក់ស្តែង ក្នុងកម្មវិធី AnTuTu បានបន្តទៀតថា Meizu 16s Pro ជំនាន់ថ្មីនេះ នឹងមានរ៉េមទំហំ 6GB  + អង្គផ្ទុកទិន្នន័យទំហំ 128GB។ ចំពោះផ្នែកកាមេរ៉ាវិញ គឺវានឹងបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 20 មេហ្គាភិចសែល និងកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមានលេនដើមទំហំ 48 មេហ្គាភិចសែល។ យ៉ាងណា ក្នុងរបាយការណ៍តេស្តនេះ ពុំបានបញ្ជាក់ច្បាស់អំពីទំហំអេក្រង់ វាប៉ុន្មានទេ គ្រាន់ដឹងត្រឹមថា វាអាចមានអេក្រង់បង្ហាញរូបភាព ក្នុងកម្រិត FHD+ (1080 x 2232 ភិចសែល) តែប៉ុណ្ណោះ។

និយាយរួមមក លើកនេះ យើងគួរតែជួយអបអរដល់ក្រុមហ៊ុន Meizu ដែលឃើញថាស្មាតហ្វូន Meizu 16s Pro ជំនាន់ថ្មីរបស់ពួកគេ គ្រោងនឹងប្រកាសជាផ្លូវការ ឲ្យមហាជនបានស្គាល់នោះ ពិតជាទទួលបានពិន្ទុមិនធម្មតាឡើយ ពីការធ្វើតេស្តក្នុង AnTuTu។ សូមបញ្ជាក់ម្តងទៀតដែរថា វានឹងបង្ហាញមុខ ជាផ្លូវការ នៅថ្ងៃទី 28 ចុងខែសីហានេះហើយ ដូចច្នេះយើងអាចរង់ចាំ មើលទាំងអស់គ្នា ថាស្មាតហ្វូនមួយនេះ នឹងមានសមត្ថភាពខ្លាំង ដូចទៅនឹងពិន្ទុដែលវាទទួល បានដែរឬទេ?

ដកស្រង់ចេញពីCamboReport