បណ្តាញសង្គម

សូម្បី​តែ​ម៉ាស៊ីន​ថត DSLR ក៏​ងាយ​រង​គ្រោះ​នឹង​ត្រូវ​គេ Hack បាន​ដែរ

ម៉ាស៊ីនថតជាឧបករណ៍មួយ ក្នុងចំណោមឧបករណ៍ មួយចំនួនទៀត ដែលមិនតម្រូវឲ្យចាំបាច់ ភ្ជាប់អ៊ីនធើណេតសោះឡើយ ដូច្នេះអ្នកទាំងអស់គ្នា ប្រាកដជាយល់ឃើញថា វាមិនអាចឲ្យពពួក Hackers

វាយលុកចូលបាននោះទេ។ ទោះបីជាយ៉ាងណា នាពេលថ្មីៗនេះ អ្នកស្រាវជ្រាវជំនាញ បានរកឃើញថា ម៉ាស៊ីនថត DSLR និងម៉ាស៊ីនថត Mirrorless មួយចំនួន គឺតាមពិតទៅ អាចងាយរងគ្រោះចំពោះ ការវាយប្រហាររបស់ពួក Hacker បានថែមទៀតផង។

ខណៈពេលដែល ស្ថិតនៅជិតតំបន់វ៉ាយហ្វាយ កាមេរ៉ារបស់លោកអ្នក ដូច្នេះមនុស្សអាក្រក់ណាមួយ អាចដំឡើងមេរោគបាន យ៉ាងងាយស្រួល និងអាចដាក់អ៊ិនគ្រីប Encrypt លើរូបភាពរបស់អ្នកបាន ដោយលុះត្រាតែអ្នកបង់ប្រាក់ ទើបពួក Hacker ទាំងអស់នោះ ដោះលេខកូដឲ្យវិញបាន។ ក្រុមអ្នកស្រាវជ្រាវទាំងនេះ គឺមានឈ្មោះថា Check Point Research និងបានកត់សម្គាល់ឃើញថា Picture Transfer Protocol (PTP) គឺគ្មានការផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវល្អ ចេញពីក្រុមហ៊ុននោះទេ ដោយតាមរយៈការដោតខ្សែ និងទាំងការឥតប្រើខ្សែ ដូច្នេះមានភាពងាយស្រួល អាចឲ្យនរណាម្នាក់ បញ្ចូលមេរោគបានផងដែរ។

ក្រុមអ្នកស្រាវជ្រាវ បានប្រើប្រាស់ម៉ាស៊ីនថត Canon EOS 80D មកសាកល្បងឲ្យមើល ថាតើអាចធ្វើការ Hack បានមែនដែរឬទេ។ តាមរយៈវីដេអូខាងក្រោម បានបង្ហាញឲ្យឃើញថា ដំបូងពួកគេបានបង្កើត Wi-Fi សម្រាប់បញ្ឆោតមួយ ដោយខណៈពេលដែល មកជិតដល់កាមេរ៉ាហើយ ពួកគេក៏មានឱកាស វាយលុកចូលកាត SD Card និងចាប់ផ្ដើមចាក់សោរ រូបភាពទាំងអស់នោះ។ បន្ទាប់មកទៀត ម្ចាស់ម៉ាស៊ីនថត នឹងប្រទះឃើញសារមួយ ដែលបញ្ជាក់ប្រាប់ថា រូបភាពរបស់គាត់ លែងអាចប្រើបានទៀតហើយ លុះត្រាតែគាត់ព្រម បង់ប្រាក់ថែមទៀតផង។

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីសកម្មភាព Hack ទៅលើម៉ាស៊ីនថត៖


លើសពីនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវ Check Point Research បាននិយាយប្រាប់ថា ម៉ាស៊ីនថត គឺជាគោលដៅសំខាន់បំផុត សម្រាប់ពពួក Hacker ពីព្រោះនៅលើឧបករណ៍នេះ មានផ្ទុកនូវរូបភាពផ្ទាល់ខ្លួន ដ៏មានតម្លៃជាច្រើន ដែលមនុស្សភាគច្រើន សុខចិត្តចំណាយទឹកប្រាក់ ដើម្បីបានវាមកវិញផងដែរ។ ប្រសិនបើចង់ការពារ ម៉ាស៊ីនថតរបស់លោកអ្នក សូមប្រយ័ត្ននឹងវ៉ាយហ្វាយ ដែលមិនគួរឲ្យទុកចិត្ត ឬបិទចោលតែម្ដង និងតែងតែធ្វើការអាប់ដេត។ល។


ដកស្រង់ចេញពីCamboReport