បណ្តាញសង្គម

Xiaomi​ បាន​បង្ហាញ​ជាផ្លូវការ​ ពី​កង់​អគ្គិសនី​ Himo​ C16​ ដែល​មាន​អាគុយ​ប្រើ​ប្រាស់​បាន​យូរ​ទៀត​ផង​

ប្រិយមិត្តភាគច្រើន ធ្លាប់បានស្គាល់ហើយ ពីផលិតផលដាក់ស្លាកយីហោ Xiaomi ហើយគុណភាពរបស់វា ក៏មិនធ្វើឲ្យអ្នកប្រើប្រាស់ អស់សង្ឃឹមនោះដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើ

បានដាក់បង្ហាញជាផ្លូវការ នូវកង់អគ្គិសនីរបស់ខ្លួនមួយម៉ូឌែល ដែលមានឈ្មោះថា Himo C16 Electric Bicycle ហើយវាក៏ជាប្រភេទកង់អគ្គិសនី ដែលទទួលបានប្រជាប្រិយភាពច្រើនពីអ្នកប្រើប្រាស់ទៀតផង។ អ្វីដែលពិសេសនោះគឺ កង់មួយនេះបានធ្វើឡើង ដោយមានអាគុយកាន់បានយូរផងដែរ។

ពិតណស់ Himo C16 មានរូបរាងមិនខុសពីកង់ធម្មតាប៉ុន្មានទេ ហើយវាក៏មិនមែនជាកង់អគ្គិសនីដំបូង របស់ Xiaomi ពោលគឺ ក្រុមហ៊ុនមួយនេះ ធ្លាប់បានបញ្ចេញ 2 ម៉ូឌែលរួចមកហើយ។ មិនខុសទេ កង់មួយនេះ ត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើថាមពលរបស់អាគុយ ដោយវាត្រូវបានបង្កើតឡើងពី សារធាតុលីចូម ដែលធ្វើឲ្យអាគុយនេះ មានទម្ងន់ស្រាល ជាពិសេស វាក៏អាចដកចេញពីតួកង់បានទៀតផង។ ជាក់ស្ដែងបើតាម Xiaomi បានឲ្យដឹងថា អាគុយរបស់វាអាច ប្រើប្រាស់ធម្មតាបានចម្ងាយ 75km ប៉ុន្តែបើសិន ជាមានអ្នកជិះពីរអ្នក ពោលគឺជិះឌុបគ្នានោះ វាអាចប្រើបានចម្ងាយត្រឹម 55km ប៉ុណ្ណោះ។ កាន់តែពិសេស អាគុយនេះក៏មានភ្ជាប់ជាមួយមុខងារ សន្សំសំចៃថាមពល(power-saving) ម្យ៉ាងទៀត អ្នកជិះក៏អាចប្រើប្រាស់ ឈ្នាន់ដើម្បីធាក់ដូចកង់ធម្មតាដែរ ដើម្បីជួយសន្សំសំចៃថាមពល បានមួយកម្រិតទៀត។

លើសពីនេះទៅទៀត កង់អគ្គិសនីខាងលើ បានធ្វើឡើងដោយមានបំពាក់ជាមួយជើងទម្រ នៅផ្នែកខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដាក់ជើង នៅពេលដែលអ្នកបើកមិនប្រើឈ្នាន់ធាក់ ដូច្នេះដែរ។ មិនទាន់អស់ទេ នៅផ្នែកខាងស្ដាំនៃដៃកង់ បានភ្ជាប់មកជាមួយ អេក្រង់សម្រាប់ផ្ដល់ដំណឹងមួយចំនួន ដូចជា ល្បឿន ថាមពលរបស់អាគុយ ជាងនេះទៅទៀត នៅក្នុង Zone តែមួយនោះ វាក៏មានប៊ូតុងសម្រាប់បញ្ជារផ្សេងៗរួមមាន បឹទ ឬបើកភ្លើង LED ខាងមុខជាដើម។ នៅផ្នែកខាងក្រោយវិញ វាក៏មានភ្លើង LED ដែលអាចភ្លឺនៅពេលចាប់ហ្រ្វាំង ក៏ដូចជានៅពេលបើកផងដែរ ដែលធ្វើឲ្យអ្នកបើកអស់បារម្ភ មិនថាបើកពេលយប់នោះទេ។

និយាយរួមទៅ ទាំងនេះជាចំណុចសំខាន់ៗមួយចំនួនរបស់កង់ Himo C16 ហើយវានឹងចាប់ផ្ដើមលក់ចេញនៅថ្ងៃទី 19 ខែកញ្ញាខាងមុខនេះ ជាមួយជម្រើស 3 ពណ៌រួមមាន ខ្មៅ ស និងពណ៌ប្រផេះទៀតផង។ បើតាមលក្ខណៈសម្បត្តិរបស់វាប៉ុណ្ណេះ ខ្ញុំគិតថាវាពិតជាពិសេសមែនទែន ដែលមានអាគុយអាចជិះម្នាក់ឯងបានជាង 70km ក៏ដូចជាមានអេក្រង់ផ្ដល់ដំណឹង ស្រដៀងនឹងម៉ូតូដែរ។ គួរឲ្យសោយស្ដាយ ដែលយើងមិនទាន់ ដឹងពីតម្លៃរបស់វានោះទេ ប៉ុន្តែក៏ប្រហែលជាមិនថោកដែរ អញ្ចឹងនៅថ្ងៃដាក់លក់ យើងនឹងដឹងពីតម្លៃពិតប្រកដរបស់វា ចេញពីមាត់ Xiaomi តែម្ដង។

ដកស្រង់ចេញពីCamboReport