បណ្តាញសង្គម

រឿងគួរឲ្យចាប់អារម្មណ៍ ម្សិលមិញគឺ iPhone 6 តម្លៃជាង ១.៤០០ ដុល្លារអាមេរិក

“iPhone 6 តម្លៃជិត ១.៤០០ ដុល្លារ” បានក្លាយជា ប្រធានបទរឿង ដ៏គួរឲ្យចាប់អារម្មណ៍បំផុត កាលពីម្សិលមិញ ខណៈ Sabay បានចុះផ្សាយ អត្ថបទស្រង់ពី គេហទំព័របរទេសមួយ បង្ហាញពីតម្លៃរបស់ ទូរសព្ទជំនាន់ថ្មី របស់ Apple ត្រូវគេដាក់លក់ ក្នុងតម្លៃកប់ពពក។

ប្រិយមិត្តជាច្រើន កំពុងតាមដានពីព័ត៌មានផ្សេងៗ របស់ iPhone 6 ខណៈដែល វានឹងបង្ហាញខ្លួន អំឡុងខែកញ្ញា ខាងមុខនេះ។ អ្វីដែលប្រិយមិត្តជាច្រើន ចាប់អារម្មណ៍ និងចង់ដឹងបំផុតនោះ គឺ តម្លៃតែម្តង។ តាមគេហទំព័ររបស់ជប៉ុន iPhone ជំនាន់ថ្មីរបស់ Apple តម្លៃលក់ មិនក្រោម ១.០០០ ដុល្លារនោះទេ និងអាចដល់ ១.៤០០ ដុល្លារ ដែលជា តម្លៃមួយខ្ពស់ធៀប ផលិតផល របស់គូប្រកួតប្រជែង។

ជាការកត់សម្គាល់ នៅពេលដែល Apple ចេញលក់ ផលិតផល អ្វីមួយមានការ កក្រើកខ្លាំងណាស់ ដោយសារ តែមានការគាំទ្រ លើផលិតផល ដែលស៊ីម៉ាក របស់ក្រុមហ៊ុនផ្លែ ប៉ោមមួយនេះ។ យ៉ាងណា តម្លៃខាងលើ គ្រាន់តែ ជាតម្លៃក្រៅផ្លូវការ មិនទាន់មានការ ទទួលស្គាល់ពី Apple នៅឡើយទេ។

មិនចម្លែកពេកទេ គេចាំបានថាកាល Apple ចេញ iPhone ជំនាន់ទី ៧ iPhone 5S តម្លៃទាបបំផុត ក៏មិនក្រោម ១.០០០ ដុល្លារ និងអាចកើន ដល់ជិត ២.០០០ ដុល្លារ សម្រាប់ទីផ្សារ ប្រទេសយើង។ អីចឹង មិនដឹងមាន ប្រិយមិត្តប៉ុន្មាននាក់ ចង់បានទូរសព្ទ ជំនាន់ថ្មីរបស់ Apple នេះ។

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល