បណ្តាញសង្គម

1-vivo​ បាន​បង្ហោះ​រូប​ភាព​អួត​ពី​ស្មាត​ហ្វូន​ NEX ​ជំនាន់​ថ្មី​របស់​ខ្លួន​ ថា​មាន​អេក្រង់​កោង​បែប​ទឹក​ជ្រោះ​មែន

vivo បានចាប់ផ្តើមបង្កើន ការឃោសនាបន្ថែម ដោយបានបង្ហោះរូបភាព នៃស្មាតហ្វូន NEX ជំនាន់ចុងក្រោយរបស់ខ្លួន ជាបន្តបន្ទាន់។ បើយោងតាមការលេចធ្លាយ កាលពីខែមុន បានអោយយើងមើលឃើញថា vivo NEX 3

មានកញ្ជក់អេក្រង់រាងកោងខ្លាំង តែម្ដង។ ជាក់ស្ដែង កាលពីដើមសប្ដាហ៍នេះ ប្រធានគ្រប់គ្រងផ្នែកផលិតផល របស់ក្រុមហ៊ុន vivo លោក Li Xiang បានបង្ហោះរូបភាព នៃកញ្ចក់ស្មាតហ្វូន NEX 3 នៅលើបណ្តាញសង្គម Weibo ខ្លួនផ្ទាល់ ហើយក្នុងថ្ងៃនេះ លោកក៏បានបង្ហោះរូបភាព នៃស្មាតហ្វូននេះ សាជាថ្មីម្ដងទៀត។

ពិតណាស់ ការបង្ហោះរូបភាពថ្មីនេះ បានបង្ហាញអោយយើងមើលឃើញ កាន់តែច្បាស់ថែមទៀតថា ស្មាតហ្វូន vivo NEX 3 មានអេក្រង់លាតពេញ ស្ទើរតែ 100 ភាគរយទៅហើយ និងថែមទាំងមានគែមអេក្រង់កោង ដល់ទៅជិត 90 ដឺក្រេទៀតផង។ បើយើងងាកមកមើល ការចនាអេក្រង់របស់ NEX 3 នេះ គឺវាដូចទៅនឹង ស្មាតហ្វូនគំរូរបស់ក្រុមហ៊ុន OPPO ដែលបានបង្ហាញកាលពីខែមុនដែរ។ មិនតែប៉ុណ្ណោះ បន្ទះខាងក្រោយរបស់ NEX ថ្មីនេះមានរាងជារង្វង់ សម្រាប់ផ្ទុកកាមេរ៉ាចំនួន 3 គ្រាប់ ដែលមើលទៅហាក់ដូចជា ត្រូវបានយកគំរូតាម រចនាបថរបស់មុខនាឡិកា ទៀតផង។

គួររំលឹកថា NEX ជំនាន់ដំបូងរបស់ vivo គឺជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ា Selfie បែបផុសចេញពីតួខ្លួន ក្នុងចំណោមស្មាតហ្វូនមួយចំនួនទៀត ដែលមានបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ពីក្រោមអេក្រង់ ដូចគ្នា។ ចំណែកឯស្មាតហ្វូន NEX ជំនាន់ទី 2 បានបំពាក់អេក្រង់ដល់ទៅ 2 ឯណោះ ដែលវាជាស្មាតហ្វូនមានបច្ចេកវិទ្យា និងរូបរាងគួរអោយចាប់អារម្មណ៍ ដោយវាបានប្រចេញ កាលពីចុងឆ្នាំមុន អញ្ចឹង vivo NEX ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា វានឹងកាន់តែមានភាពអស្ចារ្យ ជាងជំនាន់មុនៗ ថែមទៀត ជាក់ជាមិនខាន។

សរុបមក ទាំងនេះអាចបញ្ជាក់អោយយើង បានដឹងកាន់តែច្បាស់ហើយថា ស្មាតហ្វូនលំដាប់កំពូល vivo NEX 3 ជំនាន់ក្រោយនេះ ពិតជាមានគែមអេក្រង់កោងប្រាកដមែន ប៉ុន្តែយ៉ាងណាក្រុមហ៊ុនចិនមួយនេះ មិនទាន់បានបង្ហើបពីលក្ខណៈសម្បត្តិ ក៏ដូចជាកម្លាំងម៉ាស៊ីន របស់វា នៅឡើយនោះទេ។

ដកស្រង់ចេញពីCamboReport