បណ្តាញសង្គម

ប្រព័ន្ធ​ប្រតិបត្ដិ​ការ​ថ្មី Puffin OS ធា​នា​ថា អាច​ដើរ​លឿន​ជាង Android ទៅ​ទៀត

ប្រព័ន្ធផ្ទុកទិន្នន័យលើពពក Cloud Data កាន់តែមានភាពពេញនិយម និងមានអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ការងារប្រចាំថ្ងៃ ដូច្នេះហើយក្រុមហ៊ុន CloudMosa ក៏បានសម្រេចចិត្តបង្កើត ប្រព័ន្ធប្រតិបត្តិការថ្មីមួយ

ដោយពឹងផ្អែកលើប្រព័ន្ធពពក ស្ទើរតែទាំងស្រុងផងដែរ។ ប្រព័ន្ធប្រតិបត្តិការថ្មីមួយនេះ គឺមានឈ្មោះថា Puffin OS ដែលបានលើកឡើងមកថា នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ទៅលើការដំណើរការបានល្អ នៅលើស្មាតហ្វូនកម្រិតទាប រួមទាំងការបង្កើនសុវត្ថិភាព និងដំឡើងកម្មវិធីបានលឿនខ្លាំង។ លើសពីនេះទៅទៀត CloudMosa ក៏ហ៊ានប្រៀបធៀបរវាង Puffin OS និង Android ថាមានសមត្ថភាពខ្លាំង អាចដំណើរការលឿនជាង ថែមទៀតផង។

ហេតុដោយសារតែ Puffin OS គឺជាប្រព័ន្ធប្រតិបត្តិការ ដែលដំណើរការលើប្រព័ន្ធពពក Cloud ដូច្នេះតម្រូវឲ្យអ្នកប្រើប្រាស់ តភ្ជាប់អ៊ីនធើណេត ជារៀងរាល់ពេល បើកកម្មវិធីណាមួយ ដើម្បីអាចឲ្យប្រើបាន ផងដែរ។ ក្រុមហ៊ុន CloudMosa មានគោលបំណងចង់ឲ្យ ប្រព័ន្ធប្រតិបត្តិការ ដ៏ថ្មីប្លែកមួយនេះ អាចមានភាពងាយស្រួល ក្នុងប្រើប្រាស់សម្រាប់ មនុស្សដែលមិនសូវដឹង អំពីបច្ចេកវិទ្យាទំនើបៗ ហើយក៏សង្ឃឹមថា វាទទួលបានប្រជាប្រិយភាព នៅក្នុងកន្លែងមួយចំនួន ដែលមិនមានសេវាកម្ម អ៊ីនធើណេតកម្រិតខ្ពស់។ បើយោងទៅតាម CloudMosa បានបញ្ជាក់ឲ្យដឹងថា Puffin OS គួរតែអាចដំណើរការបាន ទោះបីជាមានអ៊ីនធើណេត 2.5G ក៏ដោយ ដែលធ្វើឲ្យវាល្អឥតខ្ចោះ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងមិនទាន់បានឈានដល់ ការប្រើប្រាស់បច្ចេកវិទ្យា 3G ទូលំទូលាយនៅឡើយទេ។

នៅពេលស្មាតហ្វូន គ្មានប្រព័ន្ធអ៊ីនធើណេត ដូច្នេះ Puffin OS អាចដំណើរការបានតែ កម្មវិធីមួយចំនួនតូចប៉ុណ្ណោះ ដោយរួមមានដូចជា ការហៅទូរសព្ទ, ផ្ញើសារ, ប្រតិទិន និង ម៉ាស៊ីនគិតលេខ។ល។ ការដំឡើងកម្មវិធីថ្មីៗមកប្រើ គឺត្រូវការទាញយកមកពី Puffin OS Web App Stores ដែលកម្មវិធីនីមួយៗ ចំណាយពេលត្រឹមតែ 4 – 5 វិនាទី ដើម្បីដំឡើងប៉ុណ្ណោះ ដោយសារតែ កម្មវិធីទាំងអស់នោះ មានលក្ខណៈទ្រង់ទ្រាយជា Web Browser ផងដែរ។ កម្មវិធីទាំងអស់នោះ ក៏ត្រូវទទួលបានជំនួយពី ប្រព័ន្ធពពករបស់ Puffin OS ដែលមានឈ្មោះថា Avatar ដើម្បីឲ្យដំណើរការបានលឿន បើទោះបីជាអ្នកប្រើមាន អ៊ីនធើណេតយឺតក៏ដោយ។

***សូមទស្សនាវីដេអូខាងក្រោម ដើម្បីអាចយល់ដឹងបន្ថែមអំពី Puffin OS ៖


 

ខណៈពេលដែល Android ជាទូទៅមិនតម្រូវឲ្យ អ្នកប្រើប្រាស់បង់ប្រាក់ លើប្រព័ន្ធសេវាកម្មនោះទេ ក៏ប៉ុន្ដែបណ្ដាលមកពី Puffin OS ត្រូវការជំនួយពីប្រព័ន្ធពពក Avatar Cloud ជារៀងរាល់ពេលរហូត ដូច្នេះហើយក្រុមហ៊ុន CloudMosa មានបំណងចង់គិតថ្លៃ លើសេវាកម្មប្រចាំខែ ថែមទៀតផង។ តាមពិតទៅ ការបង់ប្រាក់ប្រចាំខែ ទៅលើទិន្នន័យពពក វាអាចជាបញ្ហាដែរ ព្រោះសម្រាប់តំបន់មួយចំនួន ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ នឹងអាចមិនសុខចិត្ត បង់ប្រាក់បន្ថែមនោះទេ។ បច្ចុប្បន្ននេះ Puffin OS កំពុងស្ថិតនៅដំណាក់កាល អភិឌ្ឍន៍ចុងក្រោយហើយ ប៉ុន្ដែមិនទាន់បានប្រាប់ អំពីថ្ងៃប្រកាសចេញ ជាផ្លូវការនៅឡើយទេ។

 

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញCamboReport