បណ្តាញសង្គម

កូនស្រី​តារាចម្រៀង​មាស សុ​ម៉ា​លី ជាប់​លេខ​១ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​សកល​នៅ​កាលី​ហ្វ​រ​ញ៉ា

កូនស្រីរបស់តារាចម្រៀងជើងចាស់អ្នកស្រី មាស សុម៉ាលី ដែលមានឈ្មោះថា គីម សុភណ្ឌ បានប្រលងជាប់ចំណាត់ថ្នាក់លេខ១

ក្នុងកម្មវិធីប្រឡងចម្រៀងខ្មែរជាសកលប្រចាំរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីបានប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខជនជាច្រើនរូប ។ គីម សុភណ្ឌ បានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ជាមួយបេក្ខជនបុរសម្នាក់ទៀតឈ្មោះ ឡាយ ប៊ុនឡេង ក្នុងវគ្គផ្តាច់ព័ត្រដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែសីហានេះ ដែលមានគណៈមេប្រយោគមានជំនាញលើផ្នែកសិល្បៈជាច្រើនឆ្នាំ ។

ពិធីការិនីអ្នកស្រី លី ស៊ីថារី ភរិយារបស់អតីតតារាសម្តែងលោក យស បូវណ្ណៈ ដែលជាអ្នករៀបចំការប្រឡងនេះបានឲ្យដឹងថា បេក្ខនារី គីម សុភណ្ឌ ត្រូវបានគណកម្មការវាយតម្លៃខ្ពស់ពីទឹកដមសំឡេងរបស់នាង នៅក្នុងចំណោមបេក្ខនារីទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងប្រចាំរដ្ឋក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។

អ្នកស្រីបញ្ជាក់ថា កន្លងមក គីម សុភណ្ឌ មិនដែលបង្ហាញខ្លួនច្រៀងនៅលើឆាកបែបនេះឡើយ ហើយនេះ គឺជាលើកទី១ សម្រាប់នាង ខណៈពេលដែលទឹកដមសំឡេងរបស់នាងគឺមានភាពពិរោះមិនចាញ់ម្តាយនាង គឺអ្នកស្រី មាស សុម៉ាលី នោះឡើយ ។ បើតាមអ្នកស្រី លី ស៊ីថារី គឺនាង គីម សុភណ្ឌ ក៏មានឪពុកជាតារាចម្រៀងឈ្មោះ គីម សុខុន ប៉ុន្តែពេលមកដល់អាមេរិកឪពុករបស់នាង និងម្តាយ មាស សុម៉ាលី ក៏បានបែកបាក់គ្នាខណៈពេលដែលនាងបានមករស់នៅអាមេរិកនេះ តាំងពីអាយុប្រមាណជា៨ឆ្នាំមកម្លេះ ។

អ្នកស្រីបន្ថែមថា គីម សុភណ្ឌ នាងអាចចេះនិយាយ និងសសេរខ្មែរ ហើយការប្រឡងនេះគឺតម្រូវឲ្យច្រៀងតែបទខ្មែរមិនឱ្យច្រៀងបទបរទេសនោះឡើយ ហើយកម្មវិធី គឺទទួលយកទាំងអស់ ចំពោះកូនខ្មែរណាដែលបានកើតនៅបរទេសក្នុងការចូលរួមប្រឡង ។ យ៉ាងណាក៏ដោយបើទោះបីជានាង គីម សុភណ្ឌ បានជាប់នៅសហរដ្ឋអាមេរិកមែនតែក៏មិនប្រាកដថា នាងអាចនឹងយកឈ្នះបេក្ខជនផ្សេងៗទៀត ពេលប្រកួតនៅស្រុកខ្មែរនោះឡើយពោលគឺនៅតែទទួលការខិតខំ និងដុះខាត់សំឡេងបន្ថែមទៀត មុនការប្រកួតមកដល់ ។

គួរំឮកថា មហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនៅរាជធានីភ្នំពេញ ។ មហស្រពនេះធ្វើឡើងក្នុងគោលបំណងបំផុសចលនាមហាជន ជាពិសេសយុវជនខ្មែរទាំងនៅក្នុង និងក្រៅប្រទេសឲ្យចូលរួមលើស្ទួយតម្លៃសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិសំដៅរួមចំណែកអភិរក្សសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ៕

ដកស្រង់ពី៖ កោះសន្ដិភាព