បណ្តាញសង្គម

និស្សិតខ្មែរ៣រូប ចេញទៅប្រកួតយក ជើងឯកពិភពលោក ខាង Microsoft Office នៅសហរដ្ឋអាម៉េរិក

ភ្នំពេញ៖ និស្សិតខ្មែរ ៣ រូប ដែលឈ្នះ ការប្រកួតជើងឯក ផ្នែក Microsoft Office នៅកម្ពុជា កាលពីខែ មេសាកន្លងទៅ បានចេញដំណើរ ពីកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ដើម្បីទៅប្រកួតកម្មវិធី Microsoft Office លំដាប់ថ្នាក់ពិភពលោក នៅសហរដ្ឋអាម៉េរិក ។

និស្សិតឆ្នើមទាំងនេះ រួមមានយុវជន ម៉ក់ សាយភារ៉ូត និស្សិតជំនាញ ព័ត៌មានវិទ្យា មកពីសាកលវិទ្យា ល័យ ជាតិគ្រប់គ្រង ជាអ្នកខ្លាំងផ្នែក Microsoft Word , គង់ ឌីវីន និស្សិតផ្នែកព័ត៌មានវិទ្យា មកពី សាកល វិទ្យាល័យ ពុទ្ធិសាស្រ្ត ជាអ្នកខ្លាំងផ្នែក Microsoft Excel និងយុវជន ឡេង សុជាតិ មកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកខ្លាំងផ្នែក Microsoft Power Point ។ ពួកគេទាំងនេះ នឹងត្រូវទៅ ប្រកួត Microsoft Office លំដាប់ថ្នាក់ពិភពលោក ជាមួយបេក្ខជន មកពីជាង ១០០ប្រទេសផ្សេងៗ នៅ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ ។

ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន មុនចេញដំណើរ នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ យុវជន ម៉ក់ សាយភារ៉ូត បានឱ្យដឹងថា នេះជាលើកទី ១ ហើយ សម្រាប់រូបគេ ដែលបាន ចូលរួមប្រកួតប្រជែង ផ្នែក រដ្ឋបាលកុំព្យូទ័រ (Microsoft Office) លំដាប់ថ្នាក់ ពិភពលោកបែបនេះ ។ សាយភារ៉ូត បានបន្តទៀតថា ក្នុងការប្រកួតលើកនេះ រូបគេនឹងខិតខំ ឱ្យអស់ពីលទ្ធភាព ដើម្បីនាំមកនូវកិត្តិយស ជូនដល់ប្រទេស កម្ពុជា ។

ចំណែកយុវជន គង់ ឌីវីន ឯណោះវិញ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការប្រកួត Microsoft Office លំដាប់ថ្នាក់ពិភពលោក គឺជាឱកាសមួយ សម្រាប់អ្នកជំនាញកុំព្យូទ័រ នៅកម្ពុជា បានបញ្ចេញ សមត្ថភាពរបស់ពួកគេ ហើយកម្មវិធីនេះ នឹងបង្ហាញពីសារសំខាន់ នៃការប្រើប្រាស់ Microsoft Office កាន់តែច្រើនបន្ថែម នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅលើពិភពលោក ។

ការប្រកួតប្រជែងពានរង្វាន់ ពិភពលោកប្រចាំឆ្នាំ២០១៤ លើជំនាញ Microsoft Office Specialist (MOS) នៅ Disney Land កាលីហ្វូញ៉ា សហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើង ដោយ IIG ពិភពលោក ។ ចំណែកការដឹកនាំ និស្សិតឆ្នើមទៅចូលរួម ប្រកួតពានរង្វាន់នេះ ត្រូវបានរៀបចំដោយ មជ្ឈមណ្ឌល iiG នៅកម្ពុជា ។

បើតាមប្រសាសន៍ របស់លោកស្រី ឡាយ សុគន្ធា អគ្គនាយិកា IIG Education Cambodia ដែលថ្លែង នាពេល កន្លងមក បានឱ្យដឹងថា នេះជាលើកទី១ ដែលប្រទេស កម្ពុជាចូលរួម ក្នុងកម្មវិធីប្រកួតប្រជែង ផ្នែកព័ត៌មាន និងបច្ចេកវិទ្យា ជាលក្ខណៈ អន្តរជាតិ ហើយជាកិត្តិយស ណាស់សម្រាប់ IIG Education Cambodia ដោយមាន ការជំរុញពី ក្រសួងអប់រំ យុវជន និងកីឡាក្នុងការផ្តល់ ឱកាសឲយុវជនខ្មែរ មាន ឈ្មោះលើឆាកអន្តរជាតិនិង បង្ហាញវត្តមាន ប្រទេសកម្ពុជា លើឆាកអន្តរជាតិផងដែរ ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល