បណ្តាញសង្គម

Huawei ​និយាយ​ថា​ខ្លួន​មិន​ទាន់​មាន​គម្រោង​បញ្ចេញ​ស្មាតហ្វូន​ដើរ​ដោយ ​HarmonyOS ​ក្នុង​ឆ្នាំ​នេះ​ទេ​

នៅក្នុងព្រឹត្តិការណ៍ Huawei Developers Conference 2019 ដែលបានធ្វើឡើង ក្នុងប្រទេសចិន កាលពីដើមខែ កន្លងទៅនេះ Huawei ក៏បានប្រកាស ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួន ជាផ្លូវការ

ដើម្បីអោយពិភពលោក បានស្គាល់។ ដោយឡែក សម្រាប់ HongMeng OS គឺជាឈ្មោះ លើសារព័ត៌មានដែលចុះផ្សាយកន្លងមក ប៉ុន្តែចំពោះ ឈ្មោះផ្លូវការក្នុងប្រទេសចិនវិញ គឺវាត្រូវបានគេហៅថា HarmonyOS។

ចំពោះ ការបង្កើតប្រព័ន្ធប្រតិបត្តិការថ្មី ដោយខ្លួនឯង របស់ក្រុមហ៊ុនចិនមួយនេះ គឺដើម្បីយកវាមកប្រើ លើស្មាតហ្វូនជំនាន់ក្រោយៗរបស់ខ្លួន ដោយជំនួសអោយការប្រើ ប្រព័ន្ធប្រតិបត្តិការ Android វិញ។ ប៉ុន្តែ ពេលនេះ Huawei បែរជានិយាយថា ខ្លួនមិនទាន់មានគម្រោង បញ្ចេញស្មាតហ្វូន ដំណើរការដោយ HarmonyOS ក្នុងឆ្នាំនេះទៅវិញ ហើយចង់រក្សាវាជា ប្រព័ន្ធ Ecosystem តែមួយ ដែលនៅជាប់នឹង Flatform របស់ Google។ មិនតែប៉ុណ្ណោះ អនុប្រធានជាន់ខ្ពស់របស់ Huawei លោក Vincent Yang បាននិយាយថា ក្រុមហ៊ុនខ្លួន ចង់រក្សាវាក្នុងកម្រិតស្តង់ដារមួយ និងជាប្រព័ន្ធ Ecosystem មួយ ផងដែរ។ លោកបានបន្ថែមថា HarmonyOS អាចជាជម្រើសទី 2 សម្រាប់ក្រុមហ៊ុន Huawei ក្នុងករណីដែលមិនអាច ប្រើប្រព័ន្ធប្រតិបត្តិការ Android បានទៅថ្ងៃមុខ។ 

លោកក៏បានលើកឡើងទៀតថា ស្មាតហ្វូនស៊េរីថ្មី របស់ខ្លួនគឺ Huawei Mate 30 Pro នឹងត្រូវបានដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android ចេញពីប្រអប់ស្រាប់តែម្ដង។ យ៉ាងណាក៏ដោយ ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិក អនុវត្តការហាមឃាត់ទៀតនោះ Huawei អាចនឹងប្តូរទៅប្រើ HarmonyOS នៅលើ ស្មាតហ្វូនរបស់ខ្លួន ជាក់ជាមិនខាន ប៉ុន្តែការផ្លាស់ប្តូរនេះ នឹងមិនងាយកើតឡើងទេ រហូតដល់នាទីចុងក្រោយ នៅពេលដែល Huawei ត្រូវបានបិទពីប្រព័ន្ធប្រតិបត្តិការ Android។

សរុបមក នេះនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលឡើយ ដែលយើងអាចយល់បានថា ហេតុអ្វីបានជាក្រុមហ៊ុន Huawei មានការស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្ត ប្រើ HarmonyOS ជាប្រព័ន្ធប្រតិបត្តិការ លើស្មាតហ្វូន។ ពីព្រោះថា HarmonyOS ទើបតែបានបង្ហាញខ្លួន កាលពីដើមខែនេះ អញ្ចឹងហើយ ស្ទើរតែគ្មានកម្មវិធីអាច Support វានៅឡើយទេ។ ជាក់ស្ដែង ពេលកន្លងមក Huawei បាននិយាយថា Flatform នេះ មានភាពស្រឡះស្អាត និងលឿនជាង Android ហើយមានការសរសេរកូដតិច ដូច្នេះ វាអាចនឹងត្រូវបានប្រើលើ ឧបករណ៍ឆ្លាតវៃផ្សេងទៀត ដូចជា ឡាន, ទូរទស្សន៍ និងនាឡិកាឆ្លាតវៃ ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport