បណ្តាញសង្គម

ឡាយ ល​ក្ខិ​ណា ខក​ណាត់​អេ​ឡិច ចន្ត្រា នៅ​កា​ណា​ដា

រាជធានីភ្នំពេញ៖ អ្នកនាងឡាយ លក្ខិណា បន្ទាប់ពីច្បាមការងារសិល្បៈឡើងវិញ ទទួលបានលទ្ឋផលល្អ គឺមានការងារមិនដាច់រយៈ ។

ក្រៅពីទទួលថតភាពយន្ត នាងក៏មានឱកាសឡើងច្រៀងតាមស្ថានីយទូរទស្សន៍នានា ព្រមចេញទៅសម្ដែងនៅក្រៅប្រទេសផង។ ជាក់ស្ដែងពេលនេះនាងកំពុងតែសម្ដែងនៅប្រទេសកាណាដាជាថ្មីម្តងទៀត ។ កាលពីប៉ុន្មានខែមុនអ្នកនាងឡាយ លក្ខិណាបានឱកាសទៅច្រៀងនៅប្រទេសកាណាដា បន្ទាប់ពីគេដឹងថា នាងងាកមកប្រឡូកសិល្បៈវិញ ។

ត្រឡប់មកស្រុកវិញមិនបានប៉ុន្មានផង នាងក៏ឡើងយន្តហោះកាលពីពេល ថ្មីៗកន្លងមកនេះទៅកាន់ប្រទេសកាណាដាសាជាថ្មីទៀត ។ ការចាកចេញទៅម្តងនេះមានរយៈពេល៣ខែ ហើយអ្នកនាងឡាយ លក្ខិណា នឹងវិលត្រឡប់មកកម្ពុជាវិញនាខែវិច្ឆិកាខាងមុខ ។ មានការលើកឡើងថា ពិតជាតារាសំណព្វចិត្តអ្នកនៅកាណាដាមែនទើបឡាយ លក្ខិណា បានឱកាសទៅសម្ដែង ម្ដងហើយម្ដងទៀតជាប់គ្នាមិនយូរប៉ុន្មានផង ខណៈតារាខ្លះចង់ដែរ តែគ្មានឱកាសបែបនេះ ។

មានប្រភពលើកឡើងថាអ្នកនាងឡាយ លក្ខិណា ត្រូវគេទុកចិត្តឲ្យរៀបចំគម្រោងនាំតារាខ្មែរទៅសម្ដែងនៅកាណាដាស្របតាមលក្ខខណ្ឌការងារ ។ ដូចនេះហើយទើបឱកាសចេញទៅទីនោះរបស់នាងមានលក្ខណៈអំណោយផលល្អជាងគេ ស្របពេលជនរួមជាតិខ្មែរនៅទីនោះក៏ពេញចិត្តនាងផង ។

អ្នកនាងឡាយ លក្ខិណា មានគម្រោងធំក្នុងការចាប់ដៃជាមួយលោកអេឡិច ចន្ត្រា ទៅសម្តែងនៅប្រទេសកាណាដា ក្នុងអំឡុងខែតុលា ខណៈដែលអ្នកនាងលក្ខិណា បានចេញពីស្រុកខ្មែរ កាលពីយប់ថ្ងៃទី១៣ ខែសីហា តែម្នាក់ឯងរួចហើយ ។ ទោះជាយ៉ាងណាក្ដីគម្រោងនេះត្រូវបរាជ័យព្រោះលោកអេឡិច ចន្ត្រា អាក់ខានក្នុងការចេញទៅតាមកាលកំណត់ ។

អ្នកនាងឡាយ លក្ខិណា បានឱ្យដឹងថា ក្រៅពីត្រៀមច្រៀងម្នាក់ឯងនៅកាណាដា លើកនេះ នាងក៏នឹងច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងនៅទីនោះ ។ លក្ខិណា និយាយថា «បើទោះជាបាន ឬមិនបានច្រៀងឆ្លងឆ្លើយជាមួយលោកអេឡិច ចន្ត្រា ក៏ដោយ តែខ្ញុំនឹងវិលមកស្រុកវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ»។ មានសម្រស់ផូរផង់ តែពេលនេះឡាយ លក្ខិណា នៅតែមិនទាន់រកបានគូគាប់ទេ ដោយត្រឹមតែកំពុងមើលចិត្តប៉ុណ្ណោះ ៕

ដកស្រង់ពី៖ កោះសន្ដិភាព