Samsung និង Huawei ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេ នៅក្នុងត្រីមាសទី 2 ឆ្នាំនេះ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ Gartner បានបង្ហាញរបាយការណ៍មួយ ដែលនិយាយពីចំនួន ស្មាតហ្វូនសរុបដែលលក់បាន នៅក្នុងត្រីមាសទី 2 នេះ ដោយក្នុងនោះ យើងឃើញថា ចំនួនដែលលក់បានទាំងអស់ប្រហែលជា
368 លានគ្រឿង ដែលមានការថយចុះ 1.7% បើប្រៀបធៀបជាមួយឆ្នាំមុន។ កាន់តែពិសេសនោះ យីហោស្មាតហ្វូន ដែលលក់បានច្រើនជាងគេ ឃើញថានៅតែជា ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងដដែល ពោលគឺ Samsung ខណៈដែលនៅពីក្រោយនោះ មានដូចជា Huawei, Apple ជាដើម។
ពិតណាស់ នៅក្នុងត្រីមាសទី 2 នេះ Samsung បានបន្តឈរនៅលេខរៀងទីមួយ ក្នុងឋានៈជាស្មាតហ្វូន ដែលលក់បានច្រើនជាងគេ ហើយភាគច្រើនគឺជា ស្មាតហ្វូនត្រកូល A តែម្តង។ មិនខុសទេ ក្រុមហ៊ុនខាងលើលក់បាន 20.4% នៃចំនួនលក់របស់ស្មាតហ្វូនសរុប ទូទាំងពិភពលោក ដែលគិតទៅប្រមាណជា 75 លានគ្រឿងទៀតផង។ ដោយឡែក បើក្រឡេកទៅមើល Huawei វិញ គឺបានឈរនៅលេខរៀងទី 2 បន្ទាប់ពីក្រុមហ៊ុនខាងលើ ពោលគឺ ក្រុមហ៊ុនចិននេះ លក់បានដល់ទៅ 15.5% នៃចំនួនលក់របស់ស្មាតហ្វូនសរុប និយាយឲ្យចំទៅ ប្រហែលជាខ្ទង់ 58 លានគ្រឿងផងដែរ។ ហេតុនេះហើយ បើយើងបូកសរុបចំនួនស្មាតហ្វូន ដែលលក់បាន របស់ក្រុមហ៊ុនទាំងពីរនេះ ចូលគ្នា គឺវាឡើងដល់ទៅជិត 36% ឯណោះ អាចនិយាយបានថា ចំនួនលក់នៃស្មាតហ្វូន របស់យីហោទាំងពីរខាងលើ គឺស្មើនឹង 1 ភាគ 3 នៃចំនួនលក់ទាំងអស់ក្នុងពិភពលោកទៀតផង។
គួរបញ្ជាក់ដែរថា បន្ទាប់ពី Samsung និង Huawei ស្មាតហ្វូនដែលលក់បានច្រើន បន្តបន្ទាប់ទៀតមានដូចជា Apple លក់បានប្រមាណជា 38 លានគ្រឿង ខណៈពេលដែល Xiaomi លក់បានជាង 33 លានគ្រឿង រីឯ OPPO ឯណោះវិញ លក់បានខ្ទង់ 28 លានគ្រឿងផងដែរ។
ដូច្នេះហើយ បើតាមរបាយការណ៍ខាងលើ អាចនិយាយបានថា Samsung នៅតែបន្តឈនៅក្នុងតារាងស្មាតហ្វូន ដែលមានចំនួនលក់បានច្រើនជាងគេ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2019 នេះ ខណៈពេលដែល Huawei ឯណោះវិញ បានពង្រីកទីផ្សារ ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដូចជាបន្តជំហាន ជោគជ័យរបស់ខ្លួន ដែលធ្វើឲ្យផលិតផល ស្មាតហ្វូនរបស់យីហោនេះ ឈរនៅលំដាប់ទី 2 នៃចំនួនស្មាតហ្វូន ដែលលក់បានច្រើនជាងគេទៀតផង។
ដកស្រង់ចេញពីCamboReport