បណ្តាញសង្គម

1-OPPO ប្រកាស​ចេញ Reno​ 2, 2Z និង 2F ជា​ផ្លូវ​ការ ជាមួយ​កាមេរ៉ា​​ពង្រីក​​បាន​ 20​ ដង​​មែន​

ពិតណាស់ ថ្មីៗនេះ OPPO បានប្រកាសផ្លូវការហើយពី ស្មាតហ្វូនត្រកូល Reno ជំនាន់ទី 2 របស់ខ្លួន ដែលវាបានបង្ហាញខ្លួនចំនួន 3 ម៉ូឌែល ដូចដែលពាក្យចចាមអារ៉ាម បាននិយាយពិតមែន រួមមាន OPPO Reno 2

, Reno 2Z និង OPPO Reno 2F។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈសម្បត្តិសំខាន់ៗ របស់ស្មាតហ្វូនទាំងនេះ គឺមិនខុសពីពត៌មានបែកធ្លាយ កន្លងមកនោះទេ មិនថាជារូបរាង ខាងក្នុង ឬមួយក៏ខាងក្រៅឡើយ ដូច្នេះ បើប្រិយមិត្តចង់ដឹង ច្បាស់ពី OPPO Reno 2 series ខ្ញុំនឹងធ្វើការរៀបរាប់ នៅក្នុងអត្ថបទខាងក្រោមនេះ។

មិនខុសទេ រូបរាងរបស់ស្មាតហ្វូន ទាំងបីម៉ូឌែលខាងលើ គឺហាក់ដូចជាមិនខុសពី Reno ជំនាន់ដំបូងប៉ុន្មាននោះទេ អ្វីដែលខុសគ្នាខ្លាំងនោះ គឺនៅត្រង់ចំណុច ដែលដាក់កាមេរ៉ាតែម្ដង។ ដើម្បីងាយស្រួលយល់ នៅខាងក្រោមនេះ ខ្ញុំនឹងធ្វើការរៀបរាប់ ពីលក្ខណៈសម្បត្តិលម្អិតរបស់វា ទៅតាមម៉ូឌែលនីមួយៗផងដែរ។

ដំបូងចាប់ផ្ដើមពី OPPO Reno 2

ស្មាតហ្វូនមួយម៉ូឌែលនេះ បានបំពាក់ជាមួយ អេក្រង់លាតទំហំ 6.55 អ៊ីញ ប្រភេទ Dynamic AMOLED ដែលកម្រិតសមាមាត្រអេក្រង់(aspect ratio) 20:9 ព្រមទាំងអាចបង្ហាញរូបភាពបានត្រឹម Full HD+ ប៉ុណ្ណោះ។ កាន់តែពិសេស វាបានប្រើប្រាស់កញ្ចក់ប្រភេទ Gorilla Glass 6 ព្រមទាំងមានបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់ជំនាន់ទី 3.0 ជាងនេះទៅទៀត វាត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា E3 Sunlight Screen ដែលអាចធ្វើឲ្យ អេក្រង់បង្ហាញពន្លឺ បានគ្រប់គ្រាន់ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ហើយវាក៏ជួយ សន្សំថាមពលថ្មផងដែរ។ ចំពោះកាមេរ៉ារបស់វាវិញ នៅខាងក្រោយមានចំនួន 4 គ្រាប់ តម្រៀបជាជួរឈេរ នៅចំណុចកណ្តាលនៃតួខ្លួន ដែលមានសេនស័រគោលទំហំ 48MP អាចទ្រទ្រង់ជាមួយមុខងារ OIS លេន 13MP មួយទៀត ជាលេន telephoto រួមទាំងលេនទូលាយ 8MP និងចុងក្រោយទំហំ 2MP ជា monochrome len ទៀតផង។

គួរបញ្ជាក់ដែរថា កញ្ចប់កាមេរ៉ានេះ អាចធ្វើការពង្រីករូបភាពបាន 5 ដង ជាប្រភេទ hybrid zoom និង 20 ដង ជាប្រភេទ Digital zoom។ នៅខាងមុខវិញ វាមានសេនស័រកាមេរ៉ាមួយគ្រាប់ ដាក់នៅត្រង់ព្រុយត្រីឆ្លាម ដែលហូតឡើង ដូចជំនាន់មុនដែរ ដោយមានទំហំ 16MP ព្រមទាំងអាចធ្វើការបានច្រើន មិនចាញ់ខាងក្រោយឡើយ។ មកដល់ផ្នែកសំខាន់វិញ Reno 2 បានបំបាក់ជាមួយបន្ទះឈីប Snapdragon 730G ជាមួយរ៉េម 8GB និងអង្គផ្ទុក 256GB ព្រមទាំងមានមុខងារ Hyper Boost 2.0, Touch Boost 2.0 ជាមួយ Frame Boost 2.0 និងមួយទៀតគឺមុខងារ Engine Boost 2.0 ផងដែរ។ ស្មាតហ្វូនមួយនេះ ដំណើរការដោយ Android 9 ស្រោបដោយ ColorOS 6.1 ដែលមានថាមពលថ្ម 400០mAh ហើយវាបានទ្រទ្រង់ ជាមួយមុខងារសាកថ្មលឿន VOOC 3.0 ទៀតផង។

មកដល់ម៉ូឌែលថ្មីមួយទៀត ដែលមានឈ្មោះថា OPPO Reno 2Z

ម៉ូឌែលមួយនេះ បានបំពាក់ជាមួយអេក្រង់ទំហំ 6.53 អ៊ីញប្រភេទ AMOLED ដែលមានកម្រិតបង្ហាញ 1080 x 2340 ភិចសែល ជាមួយកម្រិត aspect ratio 19.5:9 លាតបាន 91.6% លើតួខ្លួន ព្រមទាំងក្រាល ដោយប្រភេទកញ្ចក់ Gorilla Glass 5 ទាំងមុខ និងក្រោយទៀតផង។ ចំពោះផ្នែកកាមេរ៉ាវិញ នៅខាងក្រោយមាន 4 គ្រាប់ ដោយមាន លេនគោលទំហំ 48MP លេនទូលាយ 8MP និងពីរគ្រាប់ទៀត ទំហំ 2MP ដែលមួយជាលេនព្រាល និងមួយទៀតជាលេន monochrome។ ដូចបានឃើញហើយ វាមិនបានបំពាក់ជាមួយ លេន Telephoto នោះទេ ហេតុនេះ វាមិនអាចធ្វើការ zoom បានដូចម៉ូឌែល ខាងលើឡើយ។ នៅខាងមុខ វាមានកាមេរ៉ា ជាប្រភេទម៉ូទ័រហូតបែបសាមញ្ញ ទំហំ 16MP ដដែល ដែលមានមុខងារសម្បូរបែប ទៀតផង។ OPPO Reno 2Z បានបំបាក់ជាមួយបន្ទះឈីប MediaTek P90 ជាមួយរ៉េម 8GB និងអង្គផ្ទុក 128GB ហើយវាក៏មានបច្ចេកវិទ្យា UFS 2.1 ផងដែរ។ ដោយឡែកចំពោះ ថាមពលថ្ម និងមុខងារសាកថ្មវិញ វាមានលក្ខណៈដូចទៅនឹង Reno 2 ទាំងស្រុងតែម្ដង។

ចុងក្រោយគឺ OPPO Reno 2F

ចំពោះម៉ូឌែលនេះ វាមានលក្ខណៈដូចគ្នាច្រើន ជាមួយ Reno 2Z មិនថារូបរាងខាងក្រៅ ទំហំអេក្រង់ កម្រិតបង្ហាញ ថាមពលថ្ម មុខងារសាកថ្ម ឬមួយក៏កញ្ចប់កាមេរ៉ានោះទេ គឺវាដូចគ្នាស្ទើរទាំងស្រុងតែម្តង។ ផ្ទុយមកវិញ អ្វីដែលខុសគ្នានោះគឺ OPPO Reno 2F បានបំពាក់ដោយបន្ទះឈីប MediaTek Helio P70 ជាមួយរ៉េម 8GB និងអង្គផ្ទុក 128GB ផងដែរ។

ដូច្នេះហើយ ទាំងនេះជាលក្ខណៈសម្បត្តិសំខាន់ៗ នៃស្មាតហ្វូនត្រកូល Reno ជំនាន់ទី 2 ហើយវាត្រូវបានបែងចែកតម្លៃ ដាច់ពីគ្នាទៅតាមម៉ូឌែលនីមួយៗ ដែល OPPO Reno 2 មានតម្លៃខ្ទង់ 515 ដុល្លារ ហើយវានឹងចាប់ផ្ដើមលក់ផ្លូវការចាប់ពីថ្ងៃទី 20 កញ្ញាខាងមុខនេះ ចំណែកឯ Reno 2Z វាត្រូវបានដាក់លក់នៅក្នុងតម្លៃ 417 ដុល្លារ ព្រមទាំងមាន នៅលើទីផ្សារចាប់ពីថ្ងៃទី 6 កញ្ញាតទៅផងដែរ។ ដោយឡែកចំពោះ OPPO Reno 2F វិញ វានឹងត្រួវចូលវាយលុកទីផ្សារ ក្នុងខែវិច្ឆិកាឯណោះ ហើយតម្លៃរបស់វា ក្រុមហ៊ុនចិនខាងលើ មិនទាន់បានបង្ហាញនៅឡើយទេ។

អញ្ចឹងហើយ ខាងលើគឺជាតម្លៃ ដែលស្មាតហ្វូនទាំងនេះ ចរាចរណ៍ នៅក្នុងប្រទេសឥណ្ឌា ចំណែកពេលវេលា ដែលវានឹងមកដល់ក្នុងទីផ្សារស្រុកយើង គឺនៅមិនទាន់ច្បាស់នៅឡើយទេ ហេតុនេះសង្ឃឹមថា វានឹងមកដល់ ក្នុងពេលឆាប់នេះទៅចុះ។ បើតាមរយៈ ការរៀបរាប់នៅខាងលើនេះ អាចនិយាយបានថា សមត្ថភាពរបស់វា ពិតវាសាកសមនឹងតម្លៃ ជាពិសេស គឺវាមាន កាមេរ៉ាចំនួន 4 គ្រាប់ទាំង 3 ម៉ូឌែលតែម្ដង គ្រាន់តែថា Reno 2 វាមានសមត្ថភាពលើសគេ ដែលអាចពង្រីកបាន 20 ដងឯណោះ។ អាស្រ័យហេតុនេះ តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះ Reno 2 series ខាងលើនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៩
ដកស្រង់ចេញពីCamboReport