បណ្តាញសង្គម

តារា​ល្បុក្កតោ​ខ្មែរ អ៊ូ តារា លេច​មុខ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

តារាសម្ដែង និងជាអ្នកជំនាញក្បាច់គុណល្បុក្កតោរបស់ខ្មែរមួយរូប លោក អ៊ូ តារា នៅថ្ងៃនេះ បានលេចមុខលេចមុខគួរឲ្យភ្ញាក់ផ្អើលនៅលើបណ្ដាញផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បន្ទាប់ពីលោកបានទៅចូលរួមកម្មវិធីមហោស្រពភាពយន្ត ដែលធ្វើឡើងនៅទីនោះ។

មហោស្រពភាពយន្តនេះមានឈ្មោះ "Chungbuk International Martial Arts and Action Film Festival "។ លោក អ៊ូ តារា ដែលពេលនេះកំពុងនៅប្រទេសកូរ៉េខាងត្បូង បានឆ្លើយប្រាប់ sabay តាមសារអេឡិចត្រូនិកព្រឹកនេះថា លោកបានដល់កូរ៉េខាងត្បូងថ្មីៗ តបតាមការអញ្ជើញពីកម្មវិធីមហោស្រពដ៏ធំរបស់កូរ៉េនេះ។

លោកត្រូវបានអញ្ជើញ ក្នុងនាមជាតារាក្បាច់គុនល្បុក្កតោផង ជាភ្ញៀវកិត្តិយស និងជាវាគ្មិនសម្រាប់ការធ្វើបទបង្ហាញពីការផលិតភាពយន្តក្បាច់គុន ភាពយន្តប្រភេទ Actionនៅក្នុងស្រុកផង។ តាមតារាក្បាច់គុនរូបនេះ មហោស្រពដាក់បញ្ចាំងតែភាពយន្តប្រភេទក្បាច់គុនប៉ុណ្ណោះ។

ដូច្នេះហើយ ទើបភាពយន្តខ្នាតធំរបស់ខ្មែរចំនួន៣រឿងដែរ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីបញ្ចាំងរបស់មហោស្រពភាពយន្តមួយនេះ។ ភាពយន្តវ៉ៃតប់របស់ខ្មែរទាំង៣នោះមានរឿង "ហែកគុក ឬ Jailbreak” និងរឿង "The Prey” ដែលលោក អ៊ូ តារា បានចូលរួមសម្ដែង។ ដោយឡែកមួយរឿងទៀត គឺរឿង “The Surviving Bokator” ជាប្រភេទភាពយន្តឯកសាររបស់អ្នកដឹកនាំរឿងជនជាតិកាណាដាមួយរូប។

នេះមិនមែនជាលើកទី១ទេ ដែលតារាសម្ដែង មានជំនាញក្បាច់គុនល្បុក្កតោរបស់ខ្មែរ បានចូលរួមកម្មវិធីខាងលើ គឺលោកបានចូលរួមប្រមាណ៣ឆ្នាំរួចមកហើយ ព្រោះលោកនិងក្រុមផលិតភាពយន្តក្បាច់គុន គឺជាសមាជិករបស់ World Martial Art Film។ ប៉ុន្តែនេះជាលើកទី១ដែល កម្មវិធីបានមកធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ដូច្នេះហើយ លោក អ៊ូ តារា បានបញ្ជាក់ថា លោកមានមោទកភាពដែលបានមកដល់ទីនេះ(មហោស្រព) ជាកន្លែងដែលលោកបានផ្សព្វផ្សាយសារខ្លះៗពីខ្មែរមានទាំងភាពយន្ត និងក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ លោកលើកឡើងថា "យើងនាំអ្វីដែលកម្ពុជាមាន សម្រាប់ឲ្យពិភពលោកបានស្គាល់!”។

មហោស្រពភាពយន្ត "Chungbuk International Martial Arts and Action Film Festival " គឺជាកន្លែងដាក់បញ្ចាំងភាពយន្តតែប្រភេទភាពយន្តក្បាច់គុនសុទ្ធ ដូច្នេះហើយ ផលិតករ អ្នកដឹកនាំភាពយន្តប្រភេទនេះភាគច្រើន មកពីប្រទេសនានាដែលត្រូវបានអញ្ជើញ នឹងមានវត្តមានរួមគ្នាក្នុងកម្មវិធី ដែលនឹងត្រូវប្រារព្ធធ្វើឡើងពីថ្ងៃទី២៩ សីហា ម្សិលមិញ ដល់ថ្ងៃទី ០២ កញ្ញា ២០១៩ខាងមុខ។ លោក អ៊ូ តារា និងក្រុមផលិតភាពយន្តក្បាច់គុន គ្រោងនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ០៧ កញ្ញា ២០១៩៕

ដកស្រង់ពី៖ Sabay