បណ្តាញសង្គម

នរណា​ខ្លះទៀត ​អាចជា​បេក្ខភាព គ.ជ.ប ដែល​ស្នើ​ដោយ​ គណបក្ស​ជាប់ឆ្នោត​ទាំងពីរ

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានរកឃើញ បេក្ខភាពទី៩ សម្រាប់សមាសភាព នៃសមាជិកស្ថាប័ន រៀបចំការបោះឆ្នោតថ្មី ជាផ្លូវការហើយ បន្ទាប់ពីលោកស្រី ពុង ឈីវកេក បានប្រកាសទទួលយក ការស្នើសុំពីគណបក្សទាំងពីរ។  ប៉ុន្តែបេក្ខភាពចេញពី គណបក្សនយោបាយ ចំនួន៧រូបផ្សេងទៀត មិនទាន់ត្រូវបាន បង្ហាញជាផ្លូវការនៅឡើយទេ ក្រៅពីលោក គួយ ប៊ុនរឿន ដែលជាបេក្ខភាព មកពីគណបក្សសង្គ្រោះជាតិ។ តើនរណាខ្លះ ដែលអាចជាបេក្ខភាពស្នើឡើង ដោយបក្សទាំងពីរ?

កុំថាឡើយ ព័ត៌មានក្រៅផ្លូវការ ដែលអាចនឹងបង្ហើប ឬព្រលយចេញពី មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា សម្រាប់បេក្ខភាពចំនួន៤រូប ដែលបក្សគ្រោង នឹងដាក់ជាសមាជិកស្ថាប័ន រៀបចំការបោះឆ្នោតថ្មី។ រហូតមកដល់ថ្ងៃអង្គារនេះ គណបក្សប្រជាជនកម្ពុជា បានផ្អិបទុកយ៉ាងណែន នូវព័ត៌មាននេះ បើទោះជាបេក្ខភាពទី៩ គឺលោកស្រី ពុង ឈីវកេក ត្រូវបានប្រកាស រកឃើញជាផ្លូវការហើយក៏ដោយ។

ក៏ប៉ុន្តែស្ថិតកាលៈទេសៈនេះ គណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យអ្នកតាមដាន ស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជាចោទជា សំណួរបានថា តើគណបក្សមួយនេះ អាចនឹងរក្សាទុកបេក្ខភាព គ.ជ.បមួយចំនួន ដែលកំពុងដឹកនាំស្ថាប័ន រៀបចំការបោះឆ្នោត បច្ចុប្បន្ននេះ? ឬក៏បេក្ខភាពចំនួន៤រូបនោះ សុទ្ធតែជ្រើសចេញពី មន្ត្រីដែលមិនធ្លាប់ គ្រប់គ្រងតំណែងជាសមាជិក គ.ជ.បបច្ចុប្បន្ន?

យ៉ាងណាក៏ដោយ យើងអាចក្រឡេកទៅមើល នីតិវិធី នៃការជ្រើសរើសសមាជិក គ.ជ.ប បច្ចុប្បន្ននេះបាន។ សូមកំភ្លេចថាថ្នាក់ដឹកនាំ គ.ជ.ប ដែលបច្ចុប្បន្ន កំពុងធ្វើការ ដោយឯករាជ្យនោះ ត្រូវបានស្នើឡើង ដោយក្រសួងមហាផ្ទៃ ឆ្លងដោយគណៈរដ្ឋមន្ត្រី និងអនុម័ត ដោយរដ្ឋសភា ក្រោមសំឡេង៥០ភាគរយបូក។ បើតាមច្បាប់បោះឆ្នោត សមាជិក គ.ជ.ប ដែលត្រូវបានសភាផ្ដល់ សេចក្ដីទុកចិត្ត ត្រូវតែមានភាពអព្យាក្រឹត និងមិនលម្អៀង។

សមាសភាព គ.ជ.ប បច្ចុប្បន្ននេះ រួមមាន លោក អ៊ឹម សួស្ដី លោកស្រី ស៊ីន ជុំ បូ លោក ហាវ៉ាណ ស៊ីល័យ លោក មាន សទិ លោក ឯម សុផាត លោក សោម ច័ន្ទឌីណា លោក ម៉ៅ សុភារិទ្ធ និងលោក សោម សុភរី។ មុនក្លាយជាសមាជិក គ.ជ.ប ឥស្សរៈជនទាំងនេះ សុទ្ធតែធ្លាប់ជាប់ព័ន្ធ នឹងបក្សនយោបាយ ដូចជាគណបក្សបក្សប្រជាជន គណបក្សសមរង្សី និងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាដើម។ ដូច្នេះហើយ ទើបពួកគេត្រូវបាន ច្បាប់កំណត់ ឲ្យលាលែងពី គណបក្សនយោបាយ មុននឹងចូលកាន់ តំណែងរបស់ខ្លួន។

សរុបមកវិញ សម្រាប់គណបក្សប្រជាជនកម្ពុជា ចម្លើយដែលអាចប្រាប់ថា នរណានឹងក្លាយជាបេក្ខភាព ជ្រើសរើសដោយបក្ស ចំនួន៤រូបនោះ គឺមានតែរង់ចាំរហូត ដល់រដ្ឋសភាសម្រេច ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ រួចរាល់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ របស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានរដ្ឋសភា នាថ្ងៃម្សិលមិញ មុនពេលដែល សម្តេច សង្កត់ធ្ងន់ថា ពេលវេលានេះ គណបក្សសម្តេច ស្នើសុំលាក់ អត្តសញ្ញាណបេក្ខភាពទាំង ៤រូបនោះសិន។

និយាយដល់ គណបក្សសង្គ្រោះជាតិវិញម្ដង គឺរហូតមកដល់ថ្ងៃអង្គារនេះ មានតែលោក គួយ ប៊ុនរឿន ម្នាក់ប៉ុណ្ណោះ ដែលបក្សប្រឆាំង បង្ហាញជាផ្លូវការថា លោកជាបេក្ខភាព១រូបក្នុងចំណោម បេក្ខភាព៤រូប ដែលត្រូវស្នើឡើង។ យ៉ាងណាក៏ដោយ ខណៈដែលបេក្ខភាព ៣រូបកំពុង ស្ថិតក្នុងការលាក់កំបាំង អត្តសញ្ញាណនោះ លោក សម រង្ស៊ី ធ្លាប់បានបង្ហើប ប្រាប់ថា ក្នុងចំណោមបេក្ខភាព៤រូប នឹងមាន២រូប ជ្រើសចេញពីថ្នាក់ដឹកនាំ អង្គការសង្គមស៊ីវិល។

ជាមួយគ្នានេះ បើទោះក្របខណ្ឌគណបក្ស កំពុងព្យាយាមបិទបាំង និងលាក់ព័ត៌មាន ស្ដីពីអត្តសញ្ញាណបេក្ខភាព ៣រូប ចុងក្រោយរបស់ខ្លួននោះ ក៏ដោយ ក៏ប៉ុន្តែព័ត៌មានក្រៅផ្លូវការ មួយចំនួន ត្រូវបានបញ្ជាក់ឲ្យដឹងនូវ អត្តសញ្ញាណបេក្ខភាព ២រូបទៀត បន្ទាប់ពីលោក គួយ ប៊ុនរឿន។ បេក្ខភាពទាំងពីរនោះ រួមមាន លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល និងលោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ