បណ្តាញសង្គម

នាយ ហុងដា មិន​ទាន់​ប្រាថ្នា​ស្នេហ៍​ថ្មី !

រាជធានីភ្នំពេញ ៖ តារាកំប្លែង នាយ ហុងដា ដែលក្លាយជាពោះម៉ាយយូរខែមកហើយនោះបានព្យាយាមមិនទទួលយកស្នេហាថ្មីពីនារីណានាម្នាក់ក្នុងតំណាក់កាលនេះឡើយ ។

លោកលើកហេតុផលថា មិនទាន់ធ្វើចិត្តបានពីការនឹកប្រពន្ឋក្មេងដែលបានចែកឋាន ទើបមិនចង់ពាក់ព័ន្ធនៅពេលចិត្តនៅស្មុគស្មាញ ។ នាយ ហុងដា នៅតែមើលបីបាច់រក្សាកូនក្នុងនាមជាបុរសពោះម៉ាយ ហើយមុននេះលោក ក៏ទើបតែទទួលអារម្មណ៍សោកស្តាយក្រោយពេលលោកឪពុករបស់លោកបានស្លាប់ចោលម្នាក់ទៀត ។

អារម្មណ៍ស្ថិតក្នុងភាពច្របូកច្របល់ធ្វើឲ្យលោកមិនទាន់ចង់គិតអ្វីដែលលើសពីបញ្ហានៅក្នុងគ្រួសារនោះទេ ។ លោកបានប្រកាសថា ឈប់សម្តែងកំប្លែងតាមហាងដូចកាលនៅកម្លាំងពេញទៀតហើយយោងលើអាយុកាន់តែច្រើន ដោយខ្លាចភ្ញៀវហៅជល់កែវពិបាកគេច និងខ្លាចកើតជំងឺ ។

ញញឹមតែលើឆាក តែចិត្តស្មុគនៅឡើយ នាយ ហុងដា ប្រាប់ថា ពេលនេះចិត្តនៅមិនទាន់ ទទួលស្រីណាជាប្រពន្ធទេ រង់ចាំច្រើនខែ ឬ២ឆ្នាំទៅមុខសិនទើបលៃលក ។ លោកបន្តថា ចង់បានអ្នកដែលចេះស្រឡាញ់គ្រួសារ និងកូនចេះដឹងខុសត្រូវ ។ ម្យ៉ាងទៀតពេលនេះ សុំផ្អាករឿងស្នេហាគិតពង្រឹងការងារមុខរបរជួលភ្លេងសម័យតាមមង្គលការឲ្យល្អសិន ។

លោកបញ្ជាក់ថា មិនអាចនៅម្នាក់ឯងរហូតទេ ត្រូវការអ្នកមើលថែរតទៅទៀត ព្រោះបើមានដៃគូ ពេលឈឺថ្កាត់ស្រួលរកគ្នាឲ្យជួយភ្លាមៗបានមុនដល់ពេទ្យ ៕

ដកស្រង់ពី៖ កោះសន្ដិភាព