បណ្តាញសង្គម

លិខិត​សូម​ទោស​​ ​​ក្រុមហ៊ុនជប៉ុនមួយ លើ​កំហុស​យក​រូប​អង្គរវត្ត​​​ រចនា​លើ​ក្រប​​សៀវភៅ ​ភាសា​វៀតណាម

ថ្មីៗនេះ ប្រតិកម្មពិសេស លើបណ្ដាញសង្គម បានផ្ទុះឡើងមិនតិចទេ ទៅលើគម្របសៀវភៅរៀន ភាសាវៀតណាម បោះពុម្ពដោយ ក្រុមហ៊ុន Asuka របស់ជប៉ុន ដែលយករូបអង្គរវត្តខ្មែរ ទៅរចនាលម្អនៅលើនោះ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយ ពីរូបភាពនៃ ក្របសៀវភៅ ដែលធ្វើឲ្យ ប្រជាជនខ្មែរឆេះដុំ បានចរាចរណ៍យ៉ាងមមាញឹក លើបណ្ដាញសង្គម ក្រុមហ៊ុន Asuka ក៏បានធ្វើការ សូមទោសជាផ្លូវការ ទៅកាន់ស្ថានទូតខ្មែរប្រចាំ ប្រទេសជប៉ុន។

 

គម្របសៀវភៅ ដែលគេចែកចាយតៗគ្នា និងបង្កើតប្រតិកម្មលើ ហ្វេសប៊ុក

លិខិត បាននិយាយថា ក្រុមហ៊ុន សូមសម្ដែងការសូមទោស យ៉ាងអស់ពីចិត្ត ចំពោះកំហុសនៃការច្រឡំ ប្រើប្រាស់រូបអង្គរវត្តខ្មែរ ទៅដាក់លើសៀវភៅជា ភាសាវៀតណាម ដែលបានបោះពុម្ព តាំងពីខែមេសា ២០១៤នោះ។ វាជាទង្វើ ដ៏ធ្វេសប្រហែសបំផុត ដែលក្រុមហ៊ុនគិតថា រូបប្រាសាទ ដែលយកមកលម្អ លើក្របសៀវភៅនោះ ជាប្រាសាទមួយ របស់វៀតណាម។ ទាល់តែមានប្រតិកម្មថា នោះជាប្រាសាទអង្គរវត្ត ដែលជាមោទនភាពជាតិ ជាដួងព្រលឹង និងជាអត្តសញ្ញាណ ជាតិខ្មែរ ទើបក្រុមហ៊ុន ភ្ញាក់កំហុស។

គម្របសៀវភៅ ដែលគេចែកចាយតៗគ្នា និងបង្កើតប្រតិកម្មលើ ហ្វេសប៊ុក

ពាក់ព័ន្ធ នឹងកំហុសរបស់ក្រុមហ៊ុន បោះពុម្ពសៀវភៅនេះ លោក បូរិន និស្សិតខ្មែរមួយរូប កំពុងសិក្សានៅទីក្រុង Fukuoka ប្រទេសជប៉ុនថា មិនធ្លាប់ឃើញសៀវភៅនេះ ផ្ទាល់ភ្នែកទេ តាមតូបលក់។ ប៉ុន្តែនេះ ជាកំហុសធំរបស់ ក្រុមហ៊ុន Asuka ដែលមិនផ្ទៀងផ្ទាត់ ឲ្យប្រុងប្រយ័ត្ន ទាល់តែសោះ។

បូរិន ថាក្រុមហ៊ុន ហោចណាស់គួរអី Search លើ Google ឲ្យច្បាស់សិនទៅ មុននឹងព្រីនចេញ ឬ បោះពុម្ព។ “ពួកគេ មិនគួរបង្កើត កំហុសអីចឹងសោះ។ វាមិនអាចទទួលបានទេ សម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែពួកគេ បានសុំទោស ចំពោះអំពើ ដ៏ខ្ជីខ្ជានេះហើយ”។ និស្សិតអាហារូបករណ៍ខ្មែរ កំពុងសិក្សាថ្នាក់ អនុបណ្ឌិតកសិកម្ម នៅ សាកលវិទ្យាល័យ Kyushu University ប្រទេសជប៉ុន រំលេចទស្សនៈបែបនេះ។

មិន មានការបញ្ជាក់ថា សៀវភៅ ដែលប្រើគម្របមានកំហុស បានចែកចាយ ក្នុងបរិមាណកម្រិតណា ទៅដល់ទីផ្សារនោះទេ។ ប៉ុន្តែទន្ទឹម ការសូមទោសក្រុមហ៊ុន Asuka បានអះអាងថា នឹងធ្វើការងារបន្ទាន់ដូចជា៖

- រចនា និងផ្លាស់ប្ដូរគម្របសៀវភៅថ្មីឡើងវិញ ឲ្យលឿនតាម ដែលអាចទៅរួច
- បញ្ឈប់ការចែកចាយសៀវភៅ ទៅកាន់តូបសៀវភៅទាំងឡាយ ទម្រាំប្ដូរក្របថ្មី
- បំផ្លាញគម្រប ដែលមានកំហុសទាំងអស់
- គម្រប ដែលរចនាចេញថ្មី និងបង្ហាញលើ គេហទំព័រក្រុមហ៊ុន

លិខិតសូមទោស របស់ក្រុមហ៊ុនបោះពុម្ភ Asuka

ដកស្រង់ពី៖ គេហទំព័រសប្បាយ