បណ្តាញសង្គម

ឡូយ​បាត់ ស្ងាត់​ៗ MC Vuthy ហ៊ឺហា​រថយន្ត​ឡិចស៊ីស​ប្រណិត​មួយ​គ្រឿង​យ៉ាង​រំភើយ

ផ្ដើមពីតារាសម្ដែងធម្មតាម្នាក់ ពិធីករ និងជាប្រធានក្រុមបង្ហាញម៉ូដមួយ ឥឡូវពិធីករ វុទ្ធី កាន់តែហ៊ឺហាហើយ ក្រោយពីគេឃើញលោកទើបរំលេចសមិទ្ធផលរថយន្តទំនើបមួយគ្រឿងម៉ាក Lexus 400h ធ្វើឲ្យប្រិយមិត្ត និងមិត្តភ័ក្ដិជាច្រើនចូលរួមអបអរ។

រថយន្តនោះ គេទើបនឹងឃើញ ពិធីករប្រុសរូបនេះ ថតរូបបង្ហាញនៅលើបណ្ដាញសង្គមថ្មីៗ ដែលភ្លាមៗ អ្នកគាំទ្រ និងមិត្តភ័ក្ដិហាក់មិនទាន់ជឿថាជារបស់លោកនោះទេ។ ប៉ុន្តែតាមការឆ្លើយឆ្លងជាមួយអ្នកគាំទ្រ ទើបបានដឹងថា នោះគឺជារថយន្តរបស់លោកមែន ដោយទើបនឹងក្លាយជាកម្មសិទ្ធិថ្មីៗ។

យ៉ាងណា អ្វីដែលនៅមានមន្ទិលនោះ គឺថា ជារថយន្តដែលលោកចំណាយលុយទិញដោយផ្ទាល់ ឬក៏មានអ្នកណានៅពីក្រោយត្បិតថា តារាប្រុសរូបនេះ ហាក់មិនសូវចេញមុខច្រើនប៉ុន្មានឡើយនៅក្នុងការងារសិល្បៈ។ ដូច្នេះ មន្ទិលនៅត្រង់ថា តើលោកបានប្រាក់ពីណាមកទិញរថយន្តទំនើបធុនកណ្ដាលមួយគ្រឿងនេះ។

ជុំវិញបញ្ហានេះ តារាប្រុស បានឆ្លើយប្រាប់ Sabay ថា រថយន្តឡិចស៊ីសខាងលើ គឺជារបស់លោក ប៉ុន្តែដូចការសង្ស័យ គឺមិនមែនជារថយន្តដែលលោកទិញដោយខ្លួនឯងទេ។ បន្ថែមពីលើនេះ ក៏មិនមាននរណាជាអ្នកនៅពីក្រោយ ជួយផ្គត់ផ្គង់លោកដែរ។ ប្រធានក្រុមតារាម៉ូដែល ប្រាប់ថា រថយន្តនោះ លោកបានមកដោយសំណាងក៏ថាបាន ថាលោកខិតខំក៏បានថា ព្រោះវាអំណោយបានពីលទ្ធផលការងាររបស់លោក។

វុទ្ធី បញ្ជាក់ថា មើលពីខាងក្រៅ លោកគឺជាតារាសិល្បៈ ប៉ុន្តែតាមពិត គឺលោកធ្វើកិច្ចការជាច្រើនទៀត ពិសេសថ្មីៗនេះ លោកបានធ្វើជាអ្នកលក់ផលិតផលអនឡាញឲ្យក្រុមហ៊ុនមួយឈ្មោះ Rf3 World Cambodia ។ ក្រោយពីសម្រេចលទ្ធផលល្អ ទើបក្រុមហ៊ុនជូនកាដូដ៏ធំមួយនេះដល់លោក។

លោកបញ្ជាក់ទៀតថា បើអោយលោកមានលុយទាំងដុំ គឺលោកពិតជាមិនទាន់មែន ប៉ុន្តែដូចប្រាប់ គឺដោយសារលទ្ធផលការងារប៉ុណ្ណោះ។ លោក វុទ្ធី ត្រូវបានគេស្គាល់ជាពិធីករមួយរូប និងជាមេក្រុមម៉ូដែលមួយរូបផង។ ក្រៅពីនេះ លោកក៏មានទីផ្សារការងារថតស្ប៉តពាណិជ្ជកម្ម និងសម្ដែងរឿងមួយចំនួនផង។

ទាំងនេះ ពិធីកររូបសង្ហា អះអាងថា បានមកពីការខិតខំដោយមិនបោះបង់របស់លោក។ ក្រោយពីការងារសិល្បៈដំណើរល្អ លោកក៏បានបោះជំហានចូលមកធ្វើជាអ្នកលក់ផលិតផលអនឡាយ នូវផលិតផលថែរក្សាសុខភាពគ្រីម Firmax3 របស់ក្រុមហ៊ុនខាងលើនេះ។ ដោយធ្លាប់មានប្រវត្តិតស៊ូ ក្នុងការងារសិល្បៈ លោក វុទ្ធី ក៏បានត្រៀមខ្លួន ដើម្បីចូលរួមចំណែកជាមួយសង្គម ជួយជនទីទ័ល ដោយលោកគ្រោងនឹងធ្វើទៅតាមពេលវេលា និងថវិកាផ្ទាល់ខ្លួន៕

 

ដកស្រង់ពី៖ Sabay