Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំងឺ​ថ្មី​ដ៏​សាហាវ ​សម្លាប់​មនុស្ស​ ច្រើន​រយ​នាក់ ​នៅ​អាហ្វ្រិក អាច​រីក​រាលដាល​ដល់ ​តំបន់​អាស៊ី

  • បោះពុម្ព

ជំងឺប្រភេទថ្មីមួយ បានវាយប្រហារយ៉ាងខ្លាំង ទៅលើបណ្តាប្រទេស នៅទ្វីបអាហ្វ្រិក ហើយចំនួនជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត រហូតទៅដល់ ៧២៩នាក់ ខណៈពេលអ្នកឆ្លងជំងឺនេះ មានដល់ជាង ១៣០០នាក់ហើយ។ ប្រទេសមួយចំនួន បានសម្រេចប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ត្បិតចំនួនមនុស្សឆ្លងជំងឺនេះ កើនឡើងរហ័សពេក ហើយមកទល់ពេលនេះ គេមិនទាន់រកឃើញ ថ្នាំការពារ ឬព្យាបាលបានឡើយ ហើយអ្នកដែលឆ្លងជំងឺនេះ នឹងស្លាប់ភ្លាមៗ ក្នុងរយៈពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

អង្គការ និងទីភ្នាក់ងារអន្តរជាតិ ដែលទទួលបន្ទុក ផ្នែកសុខភាព បានបង្ហាញ ការព្រួយអារម្ភខ្លាំង ដោយសារជំងឺនេះ អាចនឹងបន្តរីករាលដាលខ្លាំផុតពី ការគ្រប់គ្រងទៅកាន់ ទ្វីបផ្សេងទៀត លើពិភពលោក ដែលក្នុងនោះ មានទ្វីបអាស៊ី និងអឺរ៉ុបជាដើមផង។ ស្ថាប័នទាំងនេះ កំពុងមរមារញឺក ខិតខំប្រឹងប្រែង ស្រាវជ្រាវរកថ្នាំ ការពារ ព្យាបាល និងវិធានការ ទប់ស្កាត់ការរីករាលដាល នៃជំងឺនេះ។

១. សំនួរ៖ ថ្មីៗនេះ មានជំងឺប្រភេទថ្មីមួយ កំពុងរីករាលដាលយ៉ាងខ្លាំង និងបានសម្លាប់មនុស្ស អស់ជាច្រើននាក់ នៅក្នុងទ្វីបអាហ្វ្រិក ហើយពេលនេះពិភពលោក ក៏កំពុងព្រួយបារម្ភ ខ្លាំងផងដែរ។ តើមកដល់ពេល នេះស្ថានភាពជំងឺឆ្លង នឹងមានការវិវត្តយ៉ាងណា ទៅហើយបាទ?

១. ចម្លើយ៖ ជំងឺឆ្លងនេះ កំពុងវាយប្រហារខ្លាំងឡើងៗ ឥតឈប់ទៅ លើតំបន់អាហ្វ្រិក ហើយជំងឺនេះឈ្មោះថា Ebola ។ មកទល់ពេលនេះ វាបានរីករាលដាល ដល់ប្រទេសមួយចំនួន នៅក្នុងតំបន់អាហ្វ្រិកខាងលិច មានប្រទេសហ្គីណេ (Guinea) ប្រទេសលីបឺរី (Liberia) និងសេរ៉ាឡេអូន (Sierra Leone)។ ម្សិលមិញនេះ ប្រទេស សេរ៉ាឡេអូន បានប្រកាសរដ្ឋ ក្នុងភាពអាសន្ន ហើយស្ថាប័នរដ្ឋ សាលារៀន ត្រូវបានបិទទ្វារបណ្តោះអាសន្ន ត្បិតតែវាឆ្លងរហ័សពេក។ តាមពិតទៅជំងឺនេះ លេចចេញ តាំងពីខែមិនាមកម្លេះ តែវាទើតែរីករាលដាលខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះប៉ុណ្ណោះ។ បើយោងតាមស្ថាប័ន អង្គការសុខភាព ពិភពលោក ចំនួនអ្នកឆ្លងសរុប មានរហូតដល់ជាង ១៣០០នាក់ហើយ ចាប់តាំងពីខែមិនាមក ហើយអ្នកស្លាប់ កើនឡើងដល់ ៧២៩នាក់។បណ្តាប្រទេសជាច្រើន នៅលើពិភពលោក បានប្រកាសហាមឃាត់ មិនអោយប្រជាជន របស់ខ្លួនធ្វើដំណើរ ទៅកាន់ប្រទេសទាំងបីខាងលើនេះ ដើម្បីទប់ស្កាត់ ការរីករាលដាលខ្លាំង ព្រោះជំងឺនេះជាជំងឺឆ្លង។ គេព្រួយបារម្ភថា ជំងឺនេះ អាចរីករាលដាលខ្លាំង ហួសការគ្រប់គ្រង ទៅដល់តំបន់មួយចំនួន ដូចជាអាស៊ី និងអឺរ៉ុបថែមទៀតផង ហើយសំខាន់ គេមិនទាន់រកឃើញ ថ្នាំការពារ និងព្យាបាលឡើយ។

២. សំនួរ៖ និស្ស័យ បើតាមខ្ញុំដឹងចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លង នឹងមានការកើនឡើង ច្រើនណាស់ ហើយអ្វីដែល សំខាន់ទៀតនោះ គេនៅមិនទាន់រកឃើញ ថ្នាំសម្រាប់ព្យាបាល និងការពារទៀត។ តើរោគសញ្ញា និងមូលហេតុ នៃការឆ្លងជំងឺនេះ វាមានលក្ខណៈ បែបណាទៅបាទ?

២. ចម្លើយ៖ ដំបូងខ្ញុំ សូមបញ្ជាក់ពីប្រវត្តិជំងឺថ្មី Ebola នេះបន្តិចសិន។ ជំងឺនេះត្រូវបានគេហៅថា Ebola ដែលវា ជាប្រភេទជំងឺឆ្លង ចូលទៅក្នុងខ្លួនមនុស្ស ដំបូងវាបង្ហាញខ្លួន នៅក្នុងឆ្នាំ ១៩៧៦ នៅតំបន់មួយក្បែរ ប្រទេសស៊ូដង់ ហើយបន្ត រីករាលដាលបន្ត ទៅកាន់សាធារណរដ្ឋ ប្រជាធិបតេយ្យហ្កុងកូ ហើយក្រោយ ក៏បន្តឆ្លងទៅដល់ ភូមិមួយក្បែរទន្លេ Ebola ទើបបានគេ ដាក់ឈ្មោះវា បែបនេះទៅ។ យោងតាម អ្នកវិទ្យាសាស្ត្រ មេរោគនេះ ភាគច្រើនឆ្លងចូល ខ្លួនមនុស្សឡាំងឡាយណា ដែលរស់នៅក្បែរ តំបន់ព្រៃទឹកភ្លៀង នាតំបន់ត្រូពិក ហើយវាជាទូទៅ ឆ្លងតាមការប្រាស្រ័យ ទាក់ទងគ្នាជិតស្និទ្ធ និងតាមសារធាតុរាវ ដែលចេញពី រាងកាយមនុស្សមានញើស ឈាមជាដើម ហើយវាក៏អាចឆ្លង តាមសត្វរយៈសត្វព្រៃ មួយចំនួនផងដែរ។ នេះបញ្ជាក់ថា ទាល់តែយើងទាក់ទង និងប៉ះពាល់អ្នកជំងឺផ្ទាល់ ទើបអាចប្រឈមមុខ នឹងការឆ្លងជំងឺនេះខ្ពស់។ ដោយឡែករោគសញ្ញា និងអាការៈ អ្នកដែលឆ្លងជំងឺនេះវិញ មានដូចជា ក្តៅខ្លួនខ្លាំង ឈឺក្បាល ខ្សោយ ឈឺសាច់ដុំ ឈឺបំពង់ក ឈឺទ្រូង ក្អក ពិបាកដកដង្ហើម ក្រោយមកចាប់ផ្តើមក្អួត ចុះរាគ ហើយស្បែកច្បាប់ផ្តើមស្ងួត និងបែកស្រការ និងមានដំបៅផង។ ករណីខ្លះជនរងគ្រោះ មានឈាមហូរ ចេញពីរាងកាយ ឬអវៈយវៈដូចជាភ្នែកជាដើម។ បើសិនជាមានរោគសញ្ញានេះ លេចឡើងហើយ អ្នកជំងឺនោះ នឹងស្លាប់ក្នុងរយៈពេល ប៉ុន្មានប៉ុណ្ណោះ ព្រោះគ្មានថ្នាំសម្រាប់ ព្យាបាលទេ។

៣. សំនួរ៖ ខ្ញុំបានទទួលព័ត៌មានថា អង្គការសុខភាពពិភពលោក បានបញ្ជាក់ថាជំងឺននឹង អាចរីករាលដាលខ្លាំង រហូតមិនអាចគ្រប់គ្រងបាន ហើយវា នឹងបន្តឆ្លង ទៅតំបន់ខ្លះទៀតដូចជា អាមេរិក នៅអាស៊ី និងអឺរ៉ុបផងដែរ។ តើព័ត៌មាននេះ ពិតដែរឬទេនិស្ស័យបាទ?

៣. ចម្លើយ៖ វាពិតជា មានការលើកឡើង និងព្រមានដូច្នេះមែន។ ជំងឺឆ្លងនេះ អាចនឹងបន្តរីករាលដាល រហូតដល់ មិនអាចគ្រប់គ្រងបាន ហើយវានឹងធ្វើអោយមនុស្ស ស្លាប់កាន់តែច្រើន ព្រោះវាមិនទាន់ មានថ្នាំព្យាបាល និងការពារឡើយ។ តែយ៉ាងណាបញ្ហានេះវាទំនងជា មិនអាចកើតឡើងឡើយ ត្បិតដូចខ្ញុំបានលើកឡើង ខាងដើមស្រាប់ហើយថា វាអាចឆ្លងបាន ដរាបណាមានការប្រាស្រ័យទាក់ទងគ្នាផ្ទាល់ និងជិតស្និទ ឬប៉ះពាល់ខ្លួនប្រាណ អ្នកជំងឺតែប៉ុណ្ណោះ។ ហើយសំខាន់ វាឆ្លងមកកាន់ តំបន់ផ្សេងទៀតបាន ដរាបណាប្រជាជន នៃតំបន់នោះ បានចម្លងជំងឺ ហើយត្រលប់មក កន្លែងដែលខ្លួនរស់ និងចម្លងអោយអ្នកដទៃ តែប៉ុណ្ណោះ។ បើតាមការវាយតម្លៃជារួម ជំងឺនេះអាចបន្តឆ្លង តាមអ្នកដំណើរតាមយន្តហោះ ដែលហោះហើរចេញ ពីតំបន់អាហ្វ្រិកខាងលិចនេះតែម្តង។ ប្រទេសមួយចំនួន ប្រឈមមុខខ្ពស់នឹងជំងឺនេះ មានដូចជាប្រទេស នៅមជ្ឈឹមបូព៌ា សហរដ្ឋអាមេរិក និងប្រទេស នៅអឺរ៉ុប មានអង់គ្លេស អាល្លឺម៉ង់ បែលហ្សិក បារាំង អេស្ប៉ាញនិងហូឡង់ ព្រោះប្រទេសនេះ មានជើងហោះហើរ ទៅកាន់ប្រទេស នៅអាហ្វ្រិកដែលបានឆ្លងជំងឺនេះ។ ខ្ញុំចង់បញ្ជាក់ថា ពេលនេះជនជាតិអាមេរិក ពីរនាក់ហើយ បានឆ្លងជំងឺនេះ ដោយសារតែពួកគេ បំពេញការងារផ្នែកមនុស្សធម៌ នៅក្នុងប្រទេសលីបឺរី តែគេបានបញ្ជូន អ្នកឆ្លងទាំងនេះ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យ ហើយនិងទទួលការពិសោធន៍ ដើម្បីឈានដល់ ការព្យាបាលផងដែរ។ តែយ៉ាងណា គេនៅមិនច្បាស់ឡើយថា ការពិសោធន៍ ដើម្បីព្យាបាល ជំងឺនេះអាចទទួលបានជោគជ័យ ឬយ៉ាងណានោះទេ។

៤. សំនួរ៖ ជំងឺនេះមើលទៅដូចជាសាហាវ និងធ្ងន់ធ្ងរណាស់និស្ស័យ បើមិនមានវិធានការណ៍ ទប់ស្កាត់ វាពិតជាមិនអាចគ្រប់គ្រងបានឡើយ។ ជាចុងក្រោយខ្ញុំចង់ដឹងថា តើអង្គការសុខភាពពិភពលោក ឬស្ថាប័ន ដែលពាក់ព័ន្ធ មានវិធានការអ្វីខ្លះហើយ សម្រាប់ទប់ស្កាត់ជំងឺនេះបាទ?

៤. ចម្លើយ៖ ដោយសារតែថ្នាំព្យាបាល ឬវ៉ាក់សាំង សម្រាប់ការពារជំងឺនេះ មិនទាន់ត្រូវបានគេរកឃើញ វិធានការមួយចំនួន ត្រូវបានគេយកមកប្រើ បណ្តោះអាសន្នសិន។ ពេលនេះអង្គការសុខភាព ពិភពលោក បានដាក់ចេញគម្រោង ដែលមានទំហំទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដើម្បីឆ្លើយតប និងប្រយុទ្ធប្រឆាំង ជាមួយការរីករាលដាល នៃជំងឺនេះ នៅតំបន់អាហ្វ្រិកខាងលិច។ អគ្គនាយកអង្គការសុខភាពពិភបលោក បណ្ឌិត Margaret Chan Fung Fu Chun បានបញ្ជាក់ថា លោកស្រី នឹងជួបពិភាក្សាផ្ទាល់ ជាមួយមេដឹកនាំតំបន់អាហ្រិ្វក ស្វែងរកវិធានការ ថ្នាក់តំបន់មួយប្រឆាំង ទៅនឹងមេរោគឆ្លងនេះ ជាមុនសិន ហើយស្ថាប័នលោកស្រី នឹងពង្រាយអ្នកជំនាញ និងផ្តល់ ជំនួយវេជ្ជសាស្ត្រផ្សេងទៀត ទៅកាន់ប្រទេស ដែលរងការវាយប្រហារ ដោយមេរោគ។ នេះគឺធ្វើឡើង ដើម្បីបញ្ចប់ការបន្តចម្លងជំងឺទៅកាន់ ប្រជាជនក្នុងប្រទេស ដែលរងការវាយប្រហារ ដោយជំងឺនេះ ជាមុនសិន។ បន្ទាប់មកស្ថាប័ននេះ នឹងរៀបចំវិធានការទប់ស្កាត់ ការចម្លងជំងឺពី ក្នុងប្រទេស ដែលមានជំងឺនេះ ទៅកាន់ប្រទេសថ្មីផ្សេងទៀត ដែលជាប្រទេសជិតខាង។ ឥឡូវនេះ គេកំពុងរឹតត្បឹត ការហោះហើរ ពីតំបន់មានជំងឺ មកកាន់តំបន់ផ្សេងទៀត នៅអាស៊ី អឺរ៉ុប អាមេរិកជាដើម ហើយប្រទេសនីមួយៗ បានចេញសេចក្តីប្រកាសព័ត៌មាន ហាមឃាត់អ្នកទេសចរខ្លួន មិនអោយទៅប្រទេសបី នៅអាហ្វ្រិកខាងលិច។ ដោយឡែក ការស្រាវជ្រាវរកថ្នាំឬវ៉ាក់សាំងសម្រាប់ការពារ ឬព្យាបាលក៏កំពុង ធ្វើឡើងដូចគ្នាដែរ៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ