Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីរៈភាព និង​ភាព​ល្បីល្បាញ​របស់​លោក ស៊ិ​ន ស៊ី​សា​មុត ត្រូវ​បាន​ថត​ភាពយន្ត​ឯកសារ

  • បោះពុម្ព

លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ បានរៀបចំផលិតជាឯកសារស្តីពីវីរៈភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត

ក្នុងពេលដែលគម្រោងមួយនេះ បានយល់ព្រមរួចហើយពីលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ កាលពីពេលថ្មីៗនេះ ។ គម្រោងផលិត និងផ្សព្វផ្សាយភាពយន្តឯកសារដែលមានចំណងជើងថា “Elvis Of Cambodia” ដែលជាភាពយន្តឯកសារបង្ហាញពីវីរៈភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត ត្រូវបានលោកជំទាវរដ្ឋមន្ត្រីសម្តែងនូវការស្វាគមន៍ និងបានផ្តល់លិខិតគាំទ្រផ្លូវការរបស់ក្រសួងចំពោះគម្រោងដ៏មានសារសំខាន់នេះ ។

ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ប៉ុក បូរក្ស បានអះអាងថា ភាពយន្តឯកសារនេះ គឺត្រូវបានផលិតដោយលោកផលិតករអាមេរិកឈ្មោះ Chris G. Parkhurst ដែលគាត់បានមកសិក្សាពីជីវប្រវត្តិរបស់តារាចម្រៀងលោក ស៊ិន ស៊ីសាមុត ហើយគាត់ចង់ផលិតបង្ហាញពីវរៈភាព និងជីវប្រវត្តិរបស់អធិរាជសំឡេងមាសរូបនេះឡើងវិញ ។

លោកបញ្ជាក់ថា គម្រោងមួយនេះត្រូវបានផលិតខ្លះហើយ ហើយភាពយន្តឯកសារមួយនេះអាចនឹងបញ្ចប់នៅអំឡុងឆ្នាំ២០១៩ នេះ ខណៈពេលដែលភាពយន្តឯកសារនេះ នឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេស ដើម្បីជាការរំឭកភាពល្បីល្បាញរបស់អធិរាជសំឡេងមាសលោក ស៊ិន ស៊ីសាមុត ។

លោក ប៉ុក បូរក្ស ឱ្យដឹងទៀតថា ចំពោះផ្នែកខ្លះនៃជីវប្រវត្តិ គឺធ្វើឡើងដោយមានកិច្ចសម្ភាសន៍ផ្ទាល់ពីក្រុមគ្រួសាររបស់លោក ស៊ិន ស៊ីសាមុត ដែលនៅរស់រានមានជីវិតនៅក្នុងខេត្តក្រចេះ និងផ្នែកខ្លះទៀតនឹងនិយាយពីវីរៈភាព ភាពល្បីល្បាញរបស់លោក ស៊ិន ស៊ីសាមុត ដែលល្បីរន្ទឺពេញផ្ទៃប្រទេស ក្នុងពេលដែលបទចម្រៀងរបស់លោកគឺមានអ្នកចេះច្រៀងស្ទើរគ្រប់មនុស្សគ្រប់វ័យ។ លោក ប៉ុក បូរក្ស បន្តទៀតថា គម្រោងផលិតភាពយន្តឯកសារខាងលើនេះ ត្រូវបានគាំទ្រទាំងស្រុងពីក្រសួងវប្បធម៌ និងក្រសួងសាធារណការដែលមានលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខណៈពេលដែលផលិតករអាមេរិកមួយនេះ គឺជាមិត្តភក្តិស្គាល់លោករដ្ឋមន្ត្រីផងដែរ ។

លោកថា ភាពយន្តឯកសារនេះ បានរៀបចំចងក្រងថតឡើងក្រោយពីការរៀបចំការប្រគំតន្ត្រីមួយកាលពីអំឡុងឆ្នាំ ២០១៧ និយាយពីលោក ស៊ិន ស៊ីសាមុត ក្រោមការគាំទ្រពីក្រសួងវប្បធម៌ និងក្រសួងពាណិជកម្ម ដែលពេលនោះគឺលោក ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី ។

លោកបញ្ជាក់ថា តាមគម្រោងភាពយន្តឯកសារនេះ ពេលដែលថតចប់ គឺមិនមែនតែចាក់បញ្ចាំងនៅក្នុងស្រុកប៉ុណ្ណោះទេ ពោលគឺគ្រោងនឹងចាក់នៅក្រៅស្រុកផងដែរ ក្នុងគោលបំណងផ្សព្វផ្សាយនៅភាពល្បីល្បាញនៃកំពូលតារាចម្រៀងដ៏ល្បីល្បាញបំផុតរបស់កម្ពុជាកាលពីអតីតកាល ។

គួរំឭកថា លោក ស៊ីន ស៊ីសាមុត គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញបំផុត នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា ជាអធិរាជសំឡេងមាស ។ លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។

ភាពល្បីល្បាញរបស់លោក ស៊ីន-ស៊ីសាមុត គឺបានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សា ។ល។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក ។ បើយោងតាមឯកសារលោក ស៊ីន ស៊ីសាមុត បានចាប់កំណើតនៅថ្ងៃ២៣ ខែសីហា ១៩៣២ នៅខេត្តស្ទឹងត្រែង ។

លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន ៤នាក់ (ប្រុស ២ ស្រី ២) ។ ឪពុករបស់លោកជាឆ្មាំយាមពន្ធនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង។ ឪពុករបស់លោកបានលាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន ២នាក់ទៀត ។

បើនិយាយពីលោក ស៊ិន ស៊ីសាមុត រហូតមកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរគ្មាននរណាម្នាក់មិនស្គាល់ និងចេះច្រៀងបទចម្រៀងរបស់លោកនោះឡើយ ៕

ដកស្រង់ពី៖ កោះសន្ដិភាព