បណ្តាញសង្គម

ស្ពានជ្រោយចង្វារ ទ្រុឌទ្រោមខ្លាំង មិនអនុញ្ញាតឲ្យ រថយន្តធុនធ្ងន់ឆ្លងកាត់

ភ្នំពេញ៖ ចាប់ពីថ្ងៃនេះតទៅ ម្ចាស់រថយន្ត ដឹកជញ្ជូន ធុនធ្ងន់ទាំងអស់ ដែលធ្លាប់តែធ្វើ ចរារចរឆ្លងកាត់ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ហៅស្ពាន ជ្រោយចង្វារ មិនអនុញ្ញាតឲ្យបើក ឆ្លងកាត់ស្ពាននេះ ទៀតឡើយ។

នេះបើតាម សេចក្តីជូនដំណឹង របស់សាលា រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ សីហា ម្សិលមិញ។ ការប្រកាសឲ្យ ឆ្លងកាត់សារជាថ្មី នឹងត្រូវធ្វើឡើង តាមរយៈសេចក្តីជូនដំណឹង របស់សាលា រាជធានីភ្នំពេញ នៅពេលក្រោយ។ យោងតាមសេចក្តី ជូនដំណឹងនោះ មូលហេតុដែលឈប់ឲ្យ រថយន្តធុនធ្ងន់ បើកឆ្លងកាត់ ស្ពានជ្រោយចង្វារនេះ គឺដើម្បីការពារគ្រោះថ្នាក់ ដោយសារតែ ក្នុងរយៈប៉ុន្មាន ថ្ងៃមកនេះ ក្រុមបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ បានពិនិត្យឃើញស្ពាននេះ មានសភាព ទ្រុឌទ្រោម ខ្លាំងផ្នែកសំណង់ នៃទម្រស្ពាន ដែលពុំអាចទ្ររ ថយន្តធុនធ្ងន់ បានឡើយ។ ម្លោះហើយសាលា រាជធានីភ្នំពេញ ស្នើឲ្យម្ចាស់រថយន្ត ធុនធ្ងន់ទាំងអស់ បង្វែរទៅឆ្លងកាត់ ស្ពានព្រែកព្នៅជំនួសវិញ។

សូមបញ្ជាក់ថា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ហៅជាទូទៅថា ស្ពានជ្រោយចង្វារនេះ ត្រូវបានកសាងឡើង ក្នុងឆ្នាំ១៩៦៦ ។ ក្នុងសម័យ ខ្មែរក្រហម ស្ពាននេះត្រូវខូចខាត ផ្នែកមួយចំនួន ។ ក្រោយថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ មួយរយៈធំស្ពាននេះក៏មិនទាន់កសាងដែរ ដោយសារគ្មានហិរញ្ញវត្ថុ។ ប៉ុន្តែនៅក្នុងឆ្នាំ ១៩៩៥ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើម ជួសជុលឡើងវិញ ក្រោមជំនួយ និងវិស្វករ របស់ជប៉ុន៕