បណ្តាញសង្គម

ម៉ៃ​យ៉ា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេហ៍​នៅ​កោះ​បាលី

តារាសម្តែងកូនកាត់អាលឺ្លម៉ង់នាង ម៉ៃយ៉ា បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ជាមួយនឹងរូបភាពដ៏ផ្អែមល្ហែមក្នុងដំណើរកម្សាន្តដ៏សប្បាយរីករាយមួយនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលទីកម្សាន្តដ៏ពេញនិយមកាលពីពេលថ្មីៗនេះ ។

រូបភាពជាច្រើនសន្លឹកក្នុងដំណើរកម្សាន្តនេះត្រូវបាន ម៉ៃយ៉ា បង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងសារហៅបុរសជាគូស្នេហ៍យ៉ាងពេញមាត់ថា ជាប្តីសម្លាញ់ថែមទៀតផង ។ ម៉ៃយ៉ា បានចាត់ទុកដំណើរកម្សាន្តរបស់នាងនៅលើកោះបាលីនាពេលនេះ គឺជាការសម្រេចក្តីស្រមៃរបស់ខ្លួន ដែលមានបំណងទៅកម្សាន្តនៅទីនោះ ព្រមទាំងបានអរគុណដល់គូស្នេហ៍ដែលបានធ្វើឲ្យក្តីសុបិនរបស់នាងក្លាយជាការពិត ។

ចាត់ទុកថា នេះជាលើកដំបូងហើយ ដែលពិធីការិនីនៅស្ថានីយទូរទស្សន៍ CNC នាង ម៉ៃយ៉ា បានហៅបុរសជាគូស្នេហ៍ថា ជាប្តីពេញមាត់ បើទោះបីជាកន្លងមក នាងតែងតែបង្ហាញមុខបុរសម្នាក់នេះជាសាធារណៈពេលចូលរួមពិធីផ្សេងៗក៏ដោយ ។ ជាការកត់សម្គាល់ បើទោះបីជាគូស្នេហ៍របស់នាងត្រូវបានគេសង្ស័យថា ជាមនុស្សប្រុសមិនពេញលក្ខណៈក៏ដោយ ប៉ុន្តែ ម៉ៃយ៉ា ហាក់មិនសូវមានការចាប់អារម្មណ៍ចំពោះបញ្ហានេះឡើយ ផ្ទុយទៅវិញនាងតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាបន្តបន្ទាប់ ដូចស្រមោច និងស្ករ ។

បុរសខាងលើនេះ ត្រូវបានគេដឹងថា តែងតែតាមយកចិត្តទុកដាក់លើរូបនាងស្ទើរតែគ្រប់ពេល មិនថានាងចេញសម្តែងនៅក្នុងក្រុង ឬតាមខេត្តនោះឡើយ ខណៈពេលដែលមហាជនក៏មានការសង្ស័យផងដែរថា ពួកគេទាំងពីរទំនងជារស់នៅក្រោមដំបូលផ្ទះតែមួយរួមគ្នាផងដែរ ។ យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ម៉ៃយ៉ា នៅតែមិនទាន់បង្ហាញនូវកំណើតស្នេហ៍របស់នាងនាពេលនេះឡើយ បើទោះបីជានាងបានបញ្ចេញមុខបុរសខាងលើដោយមិនមានការលាក់លៀមក៏ដោយ ។

កន្លងមកនាងធ្លាប់បានអះអាងថា មួយរយៈចុងក្រោយដែលនាងបានប្រឡូកក្នុងវិស័យសិល្បៈនោះ គឺមិនខ្វះទេអ្នកដែលតាមសុំស្នេហ៍ ក្នុងនោះមានទាំងឧកញ៉ា និងមន្ត្រីធំៗ ប៉ុន្តែនាងបានបដិសេធដោយនាងមិនចង់មានស្នេហាបែបនោះឡើយ ។ គ្រានោះនាងតែងតែអះអាងថា ខ្លួនមានបេះដូងទទេស្អាតមិនជាប់ពាក់ព័ន្ធជាមួយនឹងបុរសរូបណាម្នាក់ឡើយ ដោយនាងមិនទាន់ចង់គិតពីរឿងនេះ ព្រោះត្រូវពង្រឹងខ្លួនក្នុងវិស័យសិល្បៈឲ្យមានឈ្មោះបោះសំឡេងកាន់តែល្បីល្បាញ ។

ប៉ុន្តែចុងក្រោយនាងបែរជាបង្ហាញអត្តសញ្ញាណបុរសប្លែកមុខមួយរូបដែលតែងតែនៅគៀកនាងស្ទើរគ្រប់ពេល ។ រំឭកផងដែរថា ម៉ៃយ៉ា ជាតារាសម្តែងដែលមានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិអាល្លឺម៉ង់ ព្រមទាំងមានបងប្អូន ៣នាក់សុទ្ធតែស្រី ហើយនាងជាកូនទី ២ ។ ក្នុងចំណោមបងប្អូនទាំង ៣ នាក់ មានតែនាងម្នាក់ប៉ុណ្ណោះដែលកើតនៅលើទឹកដីអាល្លឺម៉ង់ ។

ប៉ុន្តែបើទោះជាបែបនេះក្ដី ម៉ៃយ៉ា ធ្លាប់អះអាងថា នាងស្រឡាញ់ទឹកដីអាស៊ីជាង ទឹកដីលោកខាងលិច និងសំខាន់ជាងនេះ គឺនាងចង់រស់នៅជាមួយសិល្បៈខ្មែរជាង ។ តារាស្រីរូបនេះបានស្រូបយកទីផ្សារសិល្បៈយ៉ាងច្រើន ដោយមិនចាញ់តារាជើងចាស់មួយចំនួនឡើយ ក្នុងនោះនាងតែងតែបង្ហាញវត្តមានសម្តែងទាំងរឿងខ្នាតធំ រឿងភាគទូរទស្សន៍ ស្ប៉តពាណិជ្ជកម្មផ្សេងៗ ហើយនាងក៏ជាពិធីការិនីមួយរូបប្រចាំស្ថានីយទូរទស្សន៍ CNC ផងដែរ ៕

ដកស្រង់ពី៖ កោះសន្ដិភាព