បណ្តាញសង្គម

តារា​ស្រី​ថៃ​កំពូល​​ម្នាក់​មក​ដល់​កម្ពុជា​ដោយ​មាន​កង​អង្គរក្ស​មាឌឌាំង​ច្រូងច្រាង

តារាស្រីកំពូលម្នាក់របស់ថៃ បានមកដល់ប្រទេសកម្ពុជានាព្រឹកនេះ នៅប្រលានយន្តហោះភ្នំពេញអន្តរជាតិ ដោយមានទាំងកងអង្គរក្សមានឌាំងមួយក្រុមអមដំណើរដើម្បីសុវត្ថិភាពរបស់នាងផង។

តារាស្រីកំពូលរបស់ថៃរូបនោះ គឺ Pinky Savika ដ៏ស្រស់សោភាព ដែលត្រូវបានគេស្គាល់ច្រើនតាមរយៈរឿង "ទាសករស្នេហ៍"។ នេះជាទិដ្ឋភាពយ៉ាងកម្រ ត្បិតថា តារាថៃល្បីៗច្រើននាក់មកហើយបានមកដល់កម្ពុជា។ ប៉ុន្តែកម្រឃើញមានក្រុមអង្គរក្សច្រមុះស្រួចមាឌធំឌាំងបែបនេះមកតាមដូចជាពេលនេះទេ។ យ៉ាងនេះក្ដី មានការលើកឡើងថា តារាស្រីថៃរូបនេះ ជាតារាកំពូលរបស់ថៃមួយរូប ដូច្នេះហើយ សុវត្ថិភាពរបស់នាងគឺជារឿងសំខាន់។

វត្តមាន របស់នាង បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅប្រលានយន្តហោះនារាជធានីភ្នំពេញព្រឹកនេះ ស្របពេលអ្នកគាំទ្រនាងមួយចំនួនបានចោមរោមសុំថតរូបជាមួយ។ តាមព័ត៌មានដែលទទួលបាន ស្រីស្អាតរូបនេះ នាងមកក្នុងបេសកកម្មសិល្បៈពិសេសមួយ នាល្ងាចនេះជាមួយអ្នកគាំទ្ររបស់ខ្លួន។ លោកស្រី ស៊ូ អេង នាយិកាក្រុមហ៊ុន TRE ដែលបាននាំយក Pinky មកកាន់កម្ពុជានាពេលនេះ បានប្រាប់ឲ្យដឹងថា តារាថៃរូបនេះ នឹងចូលរួមកម្មវិធីតន្ត្រីពិសេសមួយ នៅអ៊ីអនសែនសុខល្ងាចនេះ។

លោកស្រីបន្តថា តារាស្រីថៃ នឹងមានការសម្ដែងពិសេសដើម្បីផ្ដល់ការសប្បាយដល់អ្នកគាំទ្រ និងផ្សព្វផ្សាយពីភាពយន្តរបស់ខ្លួន ព្រមទាំងផលិតផលមួយចំនួនផង។ នេះមិនមែនជាលើកទី១ទេ សម្រាប់ Pinky Savika មកកាន់កម្ពុជា ប៉ុន្តែជាលើកទី២ហើយ។ តារាស្រី ប្រាប់ថា ដូចលើកទី១ដែរ នាងមានអារម្មណ៍ល្អ ស្រស់ស្រាយ ពេលជួបអ្នកគាំទ្រ ហើយថា នាងមានអារម្មណ៍កម្ពុជាដូចជាផ្ទះទី២របស់នាងដែរ។ តាមផែនការ តួឯកស្រីរឿង "ទាសករស្នេហ៍" មានពេលត្រឹម១យប់ប៉ុណ្ណោះនៅលើទឹកដីប្រទេសកម្ពុជា ដោយល្ងាចនេះនាងនឹងជួបអ្នកគាំទ្រនៅអ៊ីអនសែនសុខ ក្នុងកម្មវិធីតន្ត្រីពិសេសមួយ។

លុះថ្ងៃបន្ទាប់នាងនឹងទៅទស្សនាព្រះបរមរាជវាំងរបស់ខ្មែរយើង បន្ទាប់មកនាងនឹងវិលត្រឡប់ទៅប្រទេសកំណើតវិញ៕

ដកស្រង់ពី៖ Sabay