បណ្តាញសង្គម

ពិត​ទេ? លេច​ដំណឹង​មក​ថា ឡូរ៉ា ម៉ម ធ្លាប់​ក្រសួង​ហៅ​ទៅ​ព្រមាន!

ថ្មីៗនេះ មានលេចលឺដំណឹងមកថា តារាចម្រៀងខ្មែរសញ្ជាតិអាមេរិក ឡូរ៉ា ម៉ម ធ្លាប់ត្រូវបានក្រសួងហៅទៅព្រមានម្ដងហើយ ពាក់ព័ន្ធនឹងការតែងនិពន្ធបទចម្រៀងរបស់នាងនាពេលកន្លងមក។

នេះបើតាមប្រភពមិនបញ្ចេញឈ្មោះមួយ ដែលអះអាងថា មានសាច់ញាតិម្នាក់ធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហើប។ រំលឹកថា ឡូរ៉ា ម៉ម បានសាងកេរ្តិ៍នៅក្នុងសិល្បៈចម្រៀងក្នុងស្រុក ដោយបានចាប់ផ្ដើមជាមួយបទ “ផ្កាព្រហាម រីកពព្រាយ” និង "សុបិនស្នេហ៍" ដែលចេញអំឡុងឆ្នាំ ២០១២ និង២០១៣។ក្រោយមកទៀត នាងក៏បានចេញបទ “ខ្ញុំមិនសុខចិត្តទេ" និងបទ "ស្វារាំមុនឃីស" ជាដើម ដែលសុទ្ធប្រភេទបទច្នៃចេញពីបទចម្រៀងមរតកដើម របស់អ្នកស្រី ប៉ែន រ៉ន ដោយនាងបានកែបន្ថែមសាច់ភ្លេងថ្មី។

ដូច្នេះហើយ តាមការបង្ហើបពីប្រភពខាងលើ ការព្រមាននោះ គឺមានពាក់នឹងការយកបទមរតកដើមមកកែច្នៃទាំងនេះ ដែលផ្ទុយពីច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ប្រភពលើកឡើងថា តាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល គឺពុំអនុញ្ញាតឲ្យយករាល់ស្នាដៃបទចម្រៀងទាំងអស់របស់គេ យកមកកែកុន ថែមថយនោះទេ គឺអាចត្រឹមតែយកមកច្រៀងតាម (Cover) ប៉ុណ្ណោះ។

ដូច្នេះករណីរបស់ ឡូរ៉ា គឺប្រាសចាកពីច្បាប់ខាងលើ ដែលនឹងនាំឲ្យខូចដល់ស្នាដៃម្ចាស់ដើម ទើបក្រសួងបានកោះហៅតារាចម្រៀងសញ្ជាតិអាមេរិកទៅជួបណែនាំ។ យ៉ាងណា ក៏ដោយករណីហៅ ឡូរ៉ា ទៅជួបនេះ មិនមែនទើបកើតមានក្នុងពេលថ្មីៗនេះនោះទេ។ តាមប្រភពបានអះអាងថា រឿងនេះបានកើតឡើងយូរមកហើយ គឺតាំងតែពីពេល ឡូរ៉ា ម៉ម បានបញ្ចេញបទចម្រៀងទាំងអំបាលម៉ានខាងលើ មិនប៉ុន្មានខែម្ល៉េះ។

ទន្ទឹមនឹងការបង្ហើបពីប្រភពកំបាំងមុខខាងលើ ចំណុចគួរចាប់អារម្មណ៍គឺថា ឡូរ៉ា ម៉ម ក៏ហាក់មិនសូវឃើញមានចេញបទចម្រៀងថ្មី ដោយយកបទមរតកដើមមកកែច្នៃដូចមុនទៀតដែរ ពោលគឺ ឡូរ៉ា នៅតែចេញបទថ្មីបន្តបន្ទាប់ ប៉ុន្តែទាំងនោះ សុទ្ធជាបទរសជាតិថ្មី មិនដូចមុនឡើយ ដែលក្នុងនោះ គេឃើញមានដូចជាបទ "Coming Home” “ស្រីស្អាត” "ចិញ្ចៀនបញ្ចាំចិត្ត" ជាដើម។ យ៉ាងណាមិនដឹងថា សាច់រឿងពិតយ៉ាងណានៅឡើយ ខណៈជុំវិញដំណឹងលេចលឺខាងលើ ភាគីខាង ឡូរ៉ា ម៉ម មិនអាចសុំការអធិប្បាយបាននោះទេ។

តារាស្រីមានទេពកោសល្យខាងរាំរូបនេះ ហាក់ផ្ដាច់ខ្លួនពីការសាកសួររបស់សារព័ត៌មាន ជាក់ស្ដែងនៅជំនួបនៅប្រលានយន្តហោះកាលពីមុនចូលឆ្នាំខ្មែរ វេលាដែលនាង និងសិល្បករមួយចំនួនចេញទៅច្រៀងនៅកូរ៉េនោះ ឡូរ៉ា បានបដិសេធផ្ដល់សម្ភាសន៍ ដោយសំអាងថា នាងដល់ពេលឡើងយន្តហោះហើយ។

ដោយឡែក ជំនួបផ្ទាល់ចុងក្រោយនៅផ្សារទំនើបអ៊ីអននៅសង្កាត់ទន្លេបាសាក់ ក្នុងកម្មវិធីប្រារព្ធ "ទិវាក្មេងស្រីអន្តរជាតិ" រៀបចំដោយអង្គការ ផ្លេន កាលពីថ្ងៃទី ១០ តុលា កញ្ញា ឡូរ៉ា នៅតែមិនព្រមទទួលការសម្ភាសន៍ទៀត ដោយនាងលើកឡើងថា សុំមិននិយាយអ្វីទាំងអស់ពីរឿងផ្ទាល់ខ្លួន ក៏ដូចជាស្ថានភាពការងារសិល្បៈរបស់នាង ដោយសុំនិយាយតែសកម្មភាពរបស់នាងក្នុងកម្មវិធីរបស់អង្គការ ផ្លេន នាពេលនោះប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay