បណ្តាញសង្គម

Selena បកស្រាយអត្ថន័យនៅពីក្រោយបទ Lose You To Love Me ជៀសវាងពាក្យប៉ាន់ស្មានផ្តេសផ្តាស់

បន្ទាប់ពីបានធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំអស់មួយរយៈ Selena Gomez បានចេញបទចម្រៀងសាជាថ្មីម្តងទៀតមានចំណងជើងថា Lose You To Love Me ដែលជាបទមនោសញ្ចេតនាចាក់ដោតអារម្មណ៍។

គ្រាន់តែស្តាប់ឮពីអត្ថន័យដែលបង្កប់នូវភាពឈឺចាប់ក្នុងបទចម្រៀងមួយនេះរួចមក តាមបណ្តាព័ត៌មាន រួមទាំងមតិជាច្រើនយល់ថា បទនេះចង់សំដៅទៅលើសង្សារចាស់របស់នាងគឺ Justin Bieber ។ យ៉ាងណាក្តី មុនពេលចេញផ្សាយបទ Lose You To Love Me ជាផ្លូវការ តារាសម្តែងនិងតាចម្រៀងរូបនេះ បានបង្ហោះសារខ្លីមួយនៅក្នុង Instagram ក្នុងគោលបំណងចង់និយាយអរគុណ ដល់ Fan Fan ទាំងអស់គ្នា ដែលតែងតែនៅចាំជួយគាំទ្រនាងរហូតមក។

មិនថាពេលនាងសប្បាយរីករាយ ពេលកើតទុក្ខ ឬទទួលរងវិបត្តិផ្លូវចិត្ត មានតែអ្នកគាំទ្រនេះហើយ ដែលតែងផ្តល់កម្លាំងចិត្តមិនបោះបង់ចោលនាង។ តើបទថ្មីរបស់ Selena ពិតជាទាក់ទងជាមួយនឹង Jusin Beiber ដូចពាក្យគេថាដែរទេ? ដោយសារតែផ្នែកមួយចំនួននៅក្នុងបទចម្រៀងមានអត្ថន័យដូចសាច់រឿងពិតរបស់នាង ទើបធ្វើឲ្យអ្នកស្តាប់ធ្វើការប៉ាន់ស្មានយកតែម្តង។

យ៉ាងណាមិញ Selena Gomez បានបកស្រាយស្ងាត់ៗ ក្នុងComment YouTube ដោយបញ្ជាក់ច្បាស់ថា "បទនេះត្រូវបានបង្កើតឡើង ព្រោះខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិត ចាប់តាំងពីពេលចេញអាល់ប៊ុមលើកចុងក្រោយ។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាមានក្តីសង្ឃឹម មានភាពរឹងមាំ និងកាន់តែល្អប្រសើរ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ។"

ដកស្រង់ពី៖ Sabay