បណ្តាញសង្គម

ប្លាស្ទិកកំពុងកើនឡើង សហគ្រិនខ្មែរ១រូប នាំចូលទុយោស្មៅនិងឫស្សី ដើម្បីជួយបរិស្ថាន

បច្ចុប្បន្នយើងឃើញថាបញ្ហាកាកសំណល់ប្លាស្ទិកកំពុងកើនឡើងជារៀងរាល់ថ្ងៃ បញ្ហានេះត្រូវបានពិភពលោកមានការព្រួយបារម្ភជាខ្លាំង មិនថាតែបណ្តាល

ប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ឡើយ។ជាក់ស្តែងមានប្រទេសមួយចំនួនកំពុងរៀបចំវេចខ្ចប់កាកសំណល់ប្លាស្ទិកឲ្យមានភាពត្រឹមត្រូវ ដើម្បីជៀសវាងការបំពុលបរិស្ថានពីកាកសំណល់ប្លាស្ទិកទាំងនោះ។

ក្នុងនោះដែរ ប្រទេសកម្ពុជាក៏កំពុងតែមានច្បាប់រឹតបណ្តឹងទៅលើការទុកដាក់សំរាមឬកាកសំណល់ប្លាស្ទិកផងដែរ។ជាក់ស្តែងថ្មីៗនេះមានយុវជនខ្មែរមួយក្រុមបានបង្កើតគំនិតនាំចូលបំពង់បឺតដែលផលិតចេញពីស្មៅ និងឫស្សី ដើម្បីជាការចូលរួមចំណែកជួយកាត់បន្ថយការប្រើប្រាស់បំពង់បឺតដែលផលិតចេញពីប្លាស្ទិក ក្នុងគោលបំណងជួយឲ្យកម្ពុជាក្លាយជាប្រទេសដែលមិនមានការបំពុលដោយកាកសំណល់ប្លាស្ទិកតទៅទៀត។

តាមបទសម្ភាសន៍ជាមួយ Business Cambodia លោក ងី សុវណ្ណរិទ្ធិ ស្ថាបនិក Organic Lifestyle ជីវភាពបែបធម្មជាតិ បានប្រាប់ឲ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តនាំចូលទុយោផលិតពីស្មៅនិងឫស្សីនេះមកចែកចាយនៅក្នុងប្រទេសកម្ពុជា ដោយសារលោកយល់ឃើញថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានការបំពុលដោយសារកាកសំណល់ប្ទាស្ទិកមានការកើនឡើង ជាពិសេសនៅតាមបណ្តាលហាងកាហ្វេជាច្រើនកំពុងចរាចរបំពង់បឺតផលិតពីប្លាស្ទិក។ ដែលជាហេតុនាំឲ្យមានការកើនឡើងនូវសំរាម ហើយលោកផ្ទាល់មានចិត្តចង់ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់នូវផលិតផលសំរាមប្លាស្ទិកទាំងនោះទៅតាមលទ្ធភាពដែលលោកអាចធ្វើទៅបាន។ ហេតុដូច្នេះហើយ ទើបជម្រុញចិត្តឲ្យលោកនឹងក្រុមការងារលោកផ្សេងទៀតសម្រេចចិត្តនាំចូលផលិតផលមួយនេះមកតែម្តង។

លោកបានបន្ថែមថា សព្វថ្ងៃនេះផលិតផលទុយោដែលលោកនាំចូលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន ដោយមានការកម្មង់ទិញជាច្រើនពីបណ្តាលហាងផ្សេងៗនៅក្នុងក្រុងភ្នំពេញក៏ដូចជានៅតាមបណ្តាលខេត្តនានាផងដែរ រួមមាន បាត់ដំបង សៀមរាប កំពង់សោម ។ 

សហគ្រិនវ័យ ៣១ ឆ្នាំរូបនេះបានបន្តថា បច្ចុប្បន្នលោកកំពុងសិក្សារស្វែងយល់អំពីការផលិតទុយោដែលផលិតពីស្មៅនិងឫស្សីនេះបន្ថែម ដើម្បីយកមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា អាចមានសមត្ថភាពផលិតនូវផលិតផលមួយនេះបាននាពេលអនាគត ដោយមិនចាំបាច់ត្រូវនាំចូលពីបរទេសដូចជាពេលនេះនោះឡើយ៕