បណ្តាញសង្គម

ហ៊ឺ​ធ្លាប់​តែ​ផ្អែម​ល្ហែម ឥឡូវ​មិន​ដឹង​មាន​រឿង​អ្វី នាយ​ក្រិន ចេញ​សារ​ថា ភរិយា​ផិត​លោក​ម្ដង​ហើយ​ម្ដង​ទៀត!

ថ្មីៗនេះ តារាកំប្លែង នាយក្រិន ត្រូវបានគេកត់សម្គាល់ថា លោកហាក់បាន និងកំពុងមានទុក្ខសោក ព្រោះតែលោកបានបង្ហោះសារលើគណនី Facebook

ផ្ទាល់ខ្លួនរៀបរាប់ជីវិតក្រុមគ្រួសាររបស់ខ្លួនកំពុងមានបញ្ហាជាបន្តបន្ទាប់ ដែលមើលទៅគួរឲ្យសង្វេគ ខណៈដែលមានកូនរហូតដល់ទៅ៣នាក់ទៅហើយ។ ការបង្ហាញអារម្មណ៍ជាសាធារណៈលើបណ្ដាញសង្គមបែបនេះ ធ្វើឲ្យមហាជនសម្ដែងការអាណិតអាសូរតារាកំប្លែងរូបនេះជាខ្លាំង ។

គណនី Facebookនាយក្រិនបានសរសេរយ៉ាងខ្លីអមជាមួយរូបកូនប្រុសទាំងពីរបែបនេះថា"ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ"។ នេះគឺជាសារចុងក្រោយ ដែលនាយបានបង្ហោះនៅយប់មិញនេះ ក្នុងនោះគ្រាន់តែនាយបញ្ចេញសារបែបនេះភ្លាម បានធ្វើឲ្យអ្នកគាំទ្រ នាយ សម្ដែងការអាណិតអាសូរនាយជាខ្លាំង ហើយម្នាក់ៗបានជូនពរឲ្យតារាកំប្លែងមានល្អិតរូបនេះ ខំប្រឹងឡើង ដើម្បីអនាគតកូន។

វិលទៅមុននេះបន្តិច តារាកំប្លែងមាឌល្អិត ក៏បានបញ្ចេញសារដែរថា "ខ្ញុំយំព្រោះខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ" ដែលសារនេះ មានភ្ជាប់ជាមួយកូនប្រុសរបស់លោកម្នាក់កំពុងយំអោនមុខលើតុផង។ តម្រុយទាំងនេះ បាននាំឲ្យមានការសង្ស័យថា តារាកំប្លែងមកពីខេត្តបាត់ដំបង អាចនឹងកំពុងមានបញ្ហានៅក្នុងគ្រួសារ។

យ៉ាងណា គេមិនទាន់ដឹងថា សារម្ដងជាពីរដងលើហ្វេសប៊ុករបស់លោកនេះ នាយក្រិន ជាអ្នកបង្ហោះខ្លួនឯង ឬក៏ត្រូវជនទី២ ទី៣ណាលួចយកទៅកាន់កាប់ ហើយបង្ហោះផ្ដេសផ្ដាស ឬយ៉ាងណាឡើយ។ ជុំវិញករណីខាងលើ Sabay មិនទាន់អាចទំនាក់ទំនងនាយ ក្រិន ដើម្បីធ្វើការបកស្រាយលំអិតបាននៅឡើយទេព្រឹកនេះ ដោយទូរសព្ទដែលនាយប្រើរាល់ដង ត្រូវបានបុរសម្នាក់ដែលអះអាងថាជាបងប្រុសជា អ្នកទទួលជំនួស។

បុរសជាបងប្រុសនោះសូមមិនបកស្រាយឡើយ ដោយទុកឲ្យសាមីខ្លួនជាអ្នកបកស្រាយចុះ ព្រោះជារឿងផ្ទៃក្នុងក្រុមគ្រួសារ។ "ហ៊ឺ...រឿងហ្នឹងពិបាកដែរបង ខ្ញុំដូចអត់ហ៊ាននិយាយទេបងរឿងប្ដីប្រពន្ធគេ ទុកឲ្យគាត់អ្នកនិយាយចុះ " បុរសម្នាក់ដែលអះអាងថាជាបងនាយក្រិន ថ្លែង។ នាយក្រិន ត្រូវបានគេដឹងថា មានប្រពន្ធ២ និងកូនរហូតដល់ទៅ៤នាក់ទៅហើយ ប្រុស២ស្រី២ ក្នុងនោះកូនប្រពន្ធដើម ១នាក់ប្រុស បច្ចុប្បន្នកំពុងរស់នៅជាមួយអតីតប្រពន្ធដើមនៅឯនៅឯខេត្តព្រះសីហនុ។

ក្រោយមកនាយក្រិន បានរៀបការជាមួយភរិយាទី២ អំឡុងឆ្នាំ ២០១៣ ដែលគេមកដល់ពេលនេះ មានរយៈពេលជាង៦ឆ្នាំមកហើយ បន្ទាប់ពីចែកផ្លូវពីភរិយាដើម ដោយទទួលបានកូន៣នាក់ ជាចំណងដៃ។ កូនទី១ ជាមួយភរិយាក្រោយ គឺជាកូនប្រុស មានវ័យជិត៥ឆ្នាំ កូនទី២ ស្រី មានវ័យជាង២ឆ្នាំ និងកូនទី៣ គឺជាកូនស្រី មានខ្ទង់១ឆ្នាំហើយ៕

ដកស្រង់ពី៖ Sabay