បណ្តាញសង្គម

មិន​មាត់​ៗ យឹង យន ស្រាប់​តែ​ហក់​ចូល​ប្រឡូក​ជំនួញ​មួយ​បាត់

តារាចម្រៀងសម្បុរស្រអែមមកពីខេត្តកំពង់ធំ យឹង យន បានសម្រេចឈានជើងចូលទីរកទីផ្សារជំនួញ ដែលជារឿងថ្មីថ្មោងមួយសម្រាប់លោក ដោយបានបង្កើតក្រុមពិធីការមួយក្រុមសម្រាប់បម្រើអារម្មណ៍ប្រិយមិត្តនៅក្នុងកម្មវិធីផ្សេងៗ។

ជំនួញផ្ទាល់ខ្លួនលើកដំបូង ជាក្រុមពិធីការនេះ ម្ចាស់បទ "សម្រស់ផ្លរីដា" បានយកឈ្មោះរបស់លោកទៅដាក់តែម្ដង ខណៈលោកត្រូវបានគេស្គាល់ច្រើនរួចមកហើយ ពោលគឺឈ្មោះ "យ៉ឹង យន តន្ត្រី"។ លោក យន ប្រាប់ថា លោកបានដំណើរការក្រុមពិធីការនេះ បានប្រមាណជាង ១ឆ្នាំមកហើយ ដោយមានបម្រើប្រិយមិត្តនូវសិល្បៈតន្ត្រីសម័យ និងបុរាណ បូករួមទាំងភ្លេងការ និងមហោរីផង។

មកដល់បច្ចុប្បន្ននេះ ក្រុមពិធីការរបស់លោក មានគ្នាសរុបជិត២០នាក់ ក្នុងនោះមាន តន្ត្រីករសម័យ៥នាក់ តន្ត្រីករភ្លេងខ្មែរ ៨នាក់ និងអ្នកចម្រៀង ៤នាក់ ដែលទាំងអស់គ្នា សុទ្ធតែមានជំនាញច្បាស់លាស់ និងមានសមត្ថភាពខ្ពស់ទាំងផ្នែកសម័យ និងបុរាណ។ ចំពោះការបង្កើតក្រុមនេះឡើយង តារាចម្រៀងដែលគេដាក់នាមឲ្យថាជា កែវ សារ៉ាត់ ទី២ របស់កម្ពុជារូបនេះ បានលើកឡើងថា ការចាប់យករបរបន្ថែមនេះ គឺដើម្បីពង្រឹងការងារសិល្បៈ ក៏ដូចជាអាជីពផង។

ហេតុផលផ្សេងទៀត ក៏ព្រោះតែលោកស្រឡាញ់សិល្បៈបុរាណខ្មែរ ទើបបង្កើតក្រុមនេះឡើង ដែលអាចផ្សព្វផ្សាយពីសិល្បៈបុរាណខ្មែរផង និងបានជួយឲ្យសិល្បករបុរាណ កាន់តែមានទីផ្សារច្រើនផង។ លោក យឹង យន មិនបានបង្ហើបឲ្យចំពីតួលេខដែលលោកបានទទួលការកក់ក្រុមរបស់លោកទៅសម្ដែងក្នុងកម្មវិធីនានានោះឡើយ។ ប៉ុន្តែលោកបានឲ្យដឹងថា ក្រោយពីបើកបានជាង ១ឆ្នាំ មកនេះ លោក ប្រាប់ថា អ្វីដំណើរទៅមុខសន្សឹមៗ ក្នុងនោះលោកទទួលបានកក់ច្រើននៅរដូវប្រាំង ប៉ុន្តែខ្សត់បន្តិចនៅរដូវភ្លេង។

ដោយឡែករដូវប្រាំងឆ្នាំនេះ ការងារបានរត់មករកហូរហែហើយ។ លោកប្រាប់ថា "គិតត្រឹមឥឡូវ គឺមានគេកក់បណ្ដើរៗហើយ ចាប់ពីខែ ១១ ខែ ១ និងខែ ៤ ឆ្នាំ២០២០"។ ក្រៅពីកាន់កាប់ក្រុមពិធីការខាងលើ លោក យឹង យន គេឃើញចេញមុខផ្សព្វផ្សាយលក់ដីទៀតផង កាលពីពេលកន្លងទៅ។ យ៉ាងណា អតីតជយលាភីលេខ២ កម្មវិធី "ស្ដាប់ចម្រៀងរបស់ខ្ញុំ" រដូវកាលទី២ ប្រាប់ថា នោះគ្រាន់ជាការងារបន្ទាប់បន្សំប៉ុណ្ណោះ ប៉ុន្តែក្រុមតន្ត្រីរបស់លោក រាប់ទុកថាជាការងារស្នូលមួយ៕

ដកស្រង់ពី៖ Sabay