បណ្តាញសង្គម

អ្នកស្រី សូរ សម្បត្តិ ប្រឹង​ច្នៃ​កាបូប​ពី​កំប្លោក តាំងពី​គ្មាន​ទីផ្សារ រហូត​ផលិត​មិនទាន់​អ្នកទិញ​

ភ្នំពេញ៖ រយៈពេលជាង១០ឆ្នាំហើយ ដែលអ្នកស្រី សូរ សម្បត្តិ បានប្រឹងច្នៃកាបូបពីកំប្លោក ដើម្បីលើកកម្ពស់ផលិតផលខ្មែរ និងផ្គត់ផ្គង់ទីផ្សារ។ បច្ចុប្បន្នម្ចាស់សិប្បកម្មរូបនេះ អាចផលិតកាបូបកំប្លោក ចាប់ពី៥០០កាបូបឡើងទៅ សម្រាប់

តម្រូវការអតិថិជន។
កាបូបកំប្លោកជាង១០០ម៉ូត ត្រូវបានអតិថិជននៅភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងឈ្មួញនៅអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ជាដើម បានបញ្ជាទិញពីអ្នកស្រី សូរ សម្បត្តិ ដែលជាម្ចាស់សិប្បកម្មកាបូបកំប្លោកនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ខេត្តសៀមរាប។ អតិថិជនទាំងនោះ បានបញ្ជាទិញកាបូបកំប្លោកពីអ្នកស្រី សម្បត្តិ ជិត១០០០កាបូប។ សម្រាប់អ្នកស្រី សម្បត្តិ ការបញ្ជាទិញច្រើនបែបនេះ វាជាការបង្ហាញពីអត្ថន័យធំធេង នៃការគាំទ្រដល់ផលិតផលខ្មែរ។

«កាបូបខ្ញុំ គឺអ្នកភ្នំពេញ និងតាមបណ្ដាខេត្តនានា ភាគច្រើនទិញយកទៅលក់បន្ត អ្នកខ្លះឲ្យធ្វើឲ្យគេ៣០ ទៅ៥០កាបូប ខ្លះដល់ទៅ១០០កាបូបក៏មាន បើគិតទៅប្រមាណ៤០០ទៅ៥០០កាបូបសម្រាប់អ្នកទិញនៅក្នុងប្រទេស។ សម្រាប់អ្នកក្រៅប្រទេសបញ្ជាទិញពី២០០ទៅ៥០០ ខ្លះទៅ១០០០កាបូបក្នុងមួយខែ»។ នេះជាការលើកឡើងរបស់អ្នកស្រី សម្បតិ្ត។


ចំពោះការនាំចេញទៅក្រៅប្រទេសវិញ ភាគច្រើនអ្នកបញ្ជាទិញយកតែតួខ្លួននៃកាបូបប៉ុណ្ណោះ ពោលគឺពួកគេយកទៅច្នៃដាក់ដៃ ឬខ្សែស្បែកជាម៉ូតថ្មីបន្តទៀត ខុសពីពលរដ្ឋខ្មែរ ដែលទិញយកកាបូបស្រាប់ៗទៅលក់បន្ត ឬប្រើប្រាស់។ នេះបើតាមម្ចាស់សិប្បកម្មកាបូបកំប្លោក ដែលបានបន្ថែមថា អ្នកស្រីមិនទាន់ចេះពីរបៀបច្នៃដាក់ដៃ ឬ ខ្សែជាស្បែកនោះទេ។ 

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកស្រី សូរ សម្បត្តិ បាននិយាយដូច្នេះថា៖«ការបូបខ្ញុំអាចនាំចេញទៅក្រៅបាន ដោយសារខ្ញុំត្បាញស្អាត មាំជាប់ គឺត្បាញកំប្លោកទាំងមូល មិនច្រៀកជាពីរឡើយ។ គុណភាពល្អ ដោយសារបានយកកំប្លោកទៅស្ពង់សម្លាប់មេរោគសត្វល្អិតលើដើមកំប្លោក។ កាបូបខ្ញុំពេលចេញម៉ូតថ្មីៗមក មានការបញ្ជាទិញច្រើន។ ប៉ុន្តែម៉ូតមួយៗទាល់តែដេកគិត ត្បាញយ៉ាងណាឲ្យល្អ ជាពិសេសពិបាកធ្វើពុម្ព» ។

ដ្បិតមានការគាំទ្រច្រើនក្តី ប៉ុន្តែវាក៏មានបញ្ហាប្រឈមក្នុងការកែច្នៃវត្ថុធាតុដើមដែរ។ នោះក៏ព្រោះតែដើមកំប្លោកត្រូវការពេល១៥ថ្ងៃ សម្រាប់ហាលឲ្យស្ងួតល្អ ទើបអាចយកទៅផលិតកាបូបបាន ដែលនាំឲ្យអ្នកបញ្ជាទិញរង់ចាំយូរ។ នេះជាការបញ្ជាក់របស់អ្នកស្រី សម្បត្តិ ដែលបានបន្ថែមថា កាបូបកំប្លោក អាចយកទៅប្រើប្រាស់រយៈពេលយូរ ហើយមិនងាយខូចនោះទេ។


ម្ចាស់សិប្បកម្មរូបនេះ បាននិយាយដូច្នេះថា៖«សម្រាប់អ្នកបើថែ កាបូបកំប្លោកអាចប្រើបាន៧ទៅ៨ឆ្នាំ ប្រសិនបើត្រូវទឹកសើមកុំទុកយូរ គ្រាន់តែហាលថ្ងៃទៅ គឺលែងអីហើយ។ចំពោះតម្លៃកាបូប គឺចាប់ពី១០ទៅដល់៣០ដុល្លារ តាមម៉ូត»។

ដើមឡើយអ្នកស្រី សម្បត្តិ ជាអ្នកធ្វើអង្រឹងពីកំប្លោកលក់នោះទេ ប៉ុន្តែក្រោយពីទទួលបានការបង្រៀនពីអង្គការជប៉ុន ក្នុងការច្នៃកំប្លោកត្បាញទៅជាកាបូប នៅឆ្នាំ២០០៧នោះ បានធ្វើឱ្យអ្នកស្រីចាប់អារម្មណ៍ងាកមកចាប់ជំនាញនេះវិញ។ បើតាមអ្នកស្រី សម្បត្តិ ការផលិតការបូបកំប្លោកមុនដំបូង មិនសូវទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុកទេ ពោលគឺភាគច្រើនមានការបញ្ជាទិញពីក្រៅប្រទេស។«កាលពីប៉ុន្មានឆ្នាំមុន ចំនួនបញ្ជាទិញពីក្រៅប្រទេសមានច្រើនជាង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ចំនួនអ្នកបញ្ជាទិញក្នុងស្រុកច្រើនជាងវិញ»។ នេះបើតាមអ្នកស្រី សម្បតិ្ត។






***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
https://web.facebook.com/tvtbaungkhmum/
https://web.facebook.com/pditbk/
http://pditbaungkhmum.org/