បណ្តាញសង្គម

បាន​ឃើញ បាន​ដឹង​​ ពី​ជីវិត​ប្ដី​ប្រពន្ធ​ភេទ​ដូច​គ្នា​មួយ​គូ​នេះ តិច​ថា​ច្រណែន

ក្នុងចំណោមគូស្នេហ៍ភេទដូចគ្នា ដែលបើកចំហហើយហ៊ានទទួលស្គាល់មិនខ្វល់ពីការរិះគន់ គេកត់សម្គាល់ឃើញថា គូស្នេហ៍ចៅខ្មែរ និងស្វាមី ជាគូស្នេហ៍ភេទដូចគ្នា

បាន និងកំពុងរស់ក្នុងភាពស្រស់បំព្រង ក៏ព្រោះតែទាំងស្នេហា និងអាជីវកម្ម កំពុងមានដំណើរល្អគួរឲ្យច្រណែន។ អ្វីដែលគេកត់សម្គាល់ គឺចៅខ្មែរ កាន់តែក្លាយជាបុរសស្រលាញ់ភេទដូចគ្នាដ៏ជោគជ័យម្នាក់ ទាំងជីវិតគ្រួសារ និង មុខជំនួញ ចាប់តាំងពីលោករៀបការភេទដូចគ្នា យ៉ាងកក្រើកស្រទាប់មហាជននៅកម្ពុជាកាលពីជាង១ឆ្នាំរួចមក ដោយក្នុងនោះ លោកអាចផ្លាស់ប្ដូរជីវភាពអោយក្លាយជាមនុស្សថ្មីម្នាក់ ដែលមានទ្រព្យក្នុងដៃជាច្រើន។

ចៅខ្មែរ បានរៀបការជាមួយ លោក ខុន ខេមរិន្ទ ជាស្វាមីកាលពីឆ្នាំ ២០១៨។ ក្រោយពីក្លាយជាគូស្វាមី ភរិយានឹងគ្នា ពួកគេទាំងពីរបានចាប់ផ្ដើមរកស៊ីអនឡាញ តាំងពីបាតដៃទទេ រហូតក្លាយជាអ្នកជំនួញធំម្នាក់ ក្នុងចំណោមអ្នករកស៊ីតាមប្រព័ន្ធមួយនេះនាពេលបច្ចុប្បន្ន។ តាមការឲ្យដឹង ចៅខ្មែរ បច្ចុប្បន្នបានក្លាយជាអ្នកនាំចូលផ្ដាច់មុខផលិតផលឡេ និងផលិតផលថែរក្សាសម្រស់ល្បីឈ្មោះម្នាក់។

មិនគ្រាន់តែជាអ្នកនាំចូលផ្ដាច់មុខផលិតផលម៉ាក CK Magic មកលក់នោះទេ ប៉ុន្តែលោក ក៏ត្រូវបានអ្នកឯកទេសថៃ បណ្ដុះបណ្ដាលអោយក្លាយជាអ្នកផ្សំរូបមន្តលាយឡេ និងយល់ដឹងច្បាស់លាស់ពីគុណប្រយោជន៍នៃផលិតផលសម្រស់ដែលលោកធ្វើអាជីវកម្មនោះថែមទៀត។

មកទល់ពេលនេះ បុរសភេទទី៣រូបនេះ បានធ្វើអោយផលិតផលខាងលើ ក្លាយជាផលិតផលពេញនិយមមួយ ហើយផលបានពីការងារទាំងនោះ តាមដំណឹង គឺក្នុងមួយខែៗ លោកអាចរកបានចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិកឯណោះ។ តួលេខនេះ គឺចាប់តាំងពីផលិតផលគ្រប់ម៉ាករបស់លោកត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធរួចមក។

ជុំវិញបញ្ហាខាងលើ ចៅខ្មែរ ទទួលស្គាល់ថា លោកហាក់ជោគជ័យខ្លាំងមែន ចាប់តាំងពីចាប់ផ្ដើមជីវិតគូមួយលោក ខុន ខេមរិន្ទ មក ក្នុងនោះ មុខជំនួញអនឡាញ និង ជីវិតស្នេហា ក៏មានដំណើររលូនដែរ។ យ៉ាងណា លោកសុំមិននិយាយលម្អិតទៅលើរឿងទ្រព្យសម្បត្តិ ក៏ដូចជាប្រាក់ចំណូល។

ប៉ុន្តែលោកគ្រាន់តែបង្ហើបថា ពេលនេះ លោកកំពុងតែមោទកភាពនឹងអ្វីដែលខ្លួនកំពុងមាន ពោលគឺ ទាំងជំនួញ ជីវិតស្នេហាប្ដីប្រពន្ធ គឺសុទ្ធរីកស្គុះស្គាយល្អណាស់។ បើទោះសាមីខ្លួន មិនព្រមបង្ហើប ប៉ុន្តែបច្ចុប្បន្ន លោក ចៅខ្មែរ ដែលពីមុនត្រឹមជាអ្នកមានជីវភាពធម្មតានោះ បច្ចុប្បន្នមានលទ្ធភាពរស់នៅក្នុងបុរីតម្លៃរាប់ម៉ឺនដុល្លារ មានកូនចិញ្ចឹមម្នាក់គួរអោយស្រលាញ់ ប្រើរថយន្តស៊េរីទំនើប និងមានជំនួញរឹងមាំក្នុងដៃ ដែលផ្ដល់ចំណូលខ្ទង់ ម៉ឺនដុល្លារជាងរៀងរាល់ខែ ពីការលក់ផលិតផលអនឡាញថែមទៀតផង៕

ដកស្រង់ពី៖ Sabay