បណ្តាញសង្គម

ឧបត្ថម្ភ​ប្លែក! រដ្ឋមន្ត្រី​ម៉ាំ​​ល្ហុង​ប្រកាស​ផ្ដល់​ម៉ាំ​ល្ហុង​ញាំ Free ៥​ឆ្នាំ​ដល់​ជយលាភី X Factor Cambodia

ម្ចាស់ពានរង្វាន់ X Factor Cambodia ២០១៩ បានរកឃើញហើយកាលពីយប់មិញនេះ ដោយបានទៅលើ បេក្ខជន ចាន់ សុបញ្ញា ទន្ទឹមគ្នានោះដែរ លោក បូរ៉ា ហៅរដ្ឋមន្ត្រីម៉ាំល្ហុងដែលជាមនុស្សម្នាក់និយមធ្វើរឿងប្លែកៗនោះ

បានថ្លែងមកកាន់ Sabay ថា លោកសូមប្រកាសផ្ដល់ម៉ាំល្ហុង Free ដល់ជយលាភី រួមទាំង៣នាក់ទៀតដែលមកដល់វគ្គផ្ដាច់ព្រាត់ នៃកម្មវិធី X Factor Cambodia ញ៉ាំដោយមិនគិតប្រាក់ រយៈពេល៥ឆ្នាំពេញតែម្ដង។ ហេតុផលដែលនាំឲ្យ អ្នកលក់ម៉ាំ តុបតែងខ្លួនដូចរដ្ឋមន្ត្រីរូបនេះសម្រេចផ្ដល់ជូន ដល់ជយលាភីទាំង៤នាក់នោះ ត្រូវបានលើកបញ្ជាក់ថា មិនមែនចង់ទាញយកប្រជាប្រិយភាពតាម ពួកគេឡើយ គឺដោយសារតែការស្រលាញ់ពេញចិត្តលើ សមត្ថភាពរបស់ពួកគេទាំង៤នាក់នោះតែម្ដង។

"គេមានលុយគេឧបត្ថម្ភលុយរាប់រយរាប់ពាន់ តែខ្ញុំមានតែម៉ាំ អីចឹងខ្ញុំជូនប្អូនៗ បើចង់ញាំ ៥ឆ្នាំពេញតែម្ដង ឲ្យតែឃើញខ្ញុំលក់កន្លែងណាមកយក ខ្ញុំជូនអត់គិតប្រាក់ទេ ខ្ញុំពេញចិត្តពួកគាត់ណាស់" លោក បូរ៉ា លើកឡើង។ ការផ្ដល់ជូននេះ មិនសំដៅដែល លើម៉ាំល្ហុង១មុខទេ លោកមានលក់គ្រឿងក្លែមផ្អាប់ជាច្រើនមុខទៀត ជ្រក់ជើងមាន់ ជ្រក់ឆៃថាវ ជ្រក់ត្រពាំង ក្ដាមប្រៃ ជាដើម អីចឹងចង់បានមុខណាក៏បាន។

បន្ថែមលើនេះ លោក បូរ៉ា និយាយថា ប្រសិនបើពួកគេមានកម្មវិធីជប់លៀង ឬកម្មវិធីជួបជុំសាច់ញាតិមិត្តភ័ក្ដិ ដើម្បីអបអរ ត្រឹម ១០០ទៅ ២០០ កញ្ចប់លោកដឹកជូនភ្លាមដោយ មិនគិតប្រាក់ឡើយ គ្រាន់តែទូរស័ព្ទមកលោកជាមុន ដើម្បីស្រួលរៀបចំទុកជូន។ "ម្នាក់ៗមិនមែនមានកម្មវិធីរាល់ថ្ងៃទេ ត្រឹមជប់លៀង ឬ ខួបកំណើត ពួកគាត់អីវិន ត្រឹម ១០០ទៅ ២០០ កញ្ចប់ខ្ញុំឲ្យគេ ដឹកជូនភ្លាម ទូរស័ព្ទប្រាប់មុនមក"។

រដ្ឋមន្ត្រីម៉ាំល្ហុង ថ្លែងបញ្ជាក់។ សូមបញ្ជាក់ផងដែរថា កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានបញ្ចប់ហើយថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ។ នៅក្នុងវគ្គចុងក្រោយនេះ មានបេក្ខជនចំនួន៤នាក់ ក្នុងនោះមាន បេក្ខជន សំ សុវណ្ណារ៉ាក់ បេក្ខជន ចាន់ សុបញ្ញា បេក្ខជន គង់ ចំរើន និងបេក្ខជន ចាន់ កូម៉ែន។ ជាលទ្ធផល បេក្ខជន ចាន់ សុបញ្ញា ជាម្ចាស់ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់១០០លានរៀល រួមការឧបត្ថម្ភជាច្រើនទៀត ៕

ដកស្រង់ពី៖ Sabay