បណ្តាញសង្គម

កម្រងរូបភាពវីរភាពរបស់ "ទេពនាថវដ្តីឯក" សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ

តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម ៧៦ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងព្រះបរមនាមជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានទទួលព្រះគោរមងារថា «ទេពនាថរដ្តីឯក» និងជា «មរតកមនុស្សរស់របស់កម្ពុជា»។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ខាងក្រោមនេះជាកម្រងរូបថតរបស់ <<ទេពនាថរដ្តីឯក>> និងជា «មរតកមនុស្សរស់របស់កម្ពុជា» នៃរបាំព្រះរាជទ្រព្យ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ៖

ដកស្រង់ពី៖ Sabay