បណ្តាញសង្គម

មូលហេតុ​ដែល​អ្នក​និពន្ធ​ចម្រៀង​ពិភពលោក​អាច​រក​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​បទៗ

សម្រាប់ប្រទេសជឿនលឿន អាជីពជាអ្នកនិពន្ធបទចម្រៀងគឺល្មមគ្រប់គ្រាន់អាចឲ្យពួកគេក្លាយជាអ្នកមានបាន ព្រោះថាពួកគេអាចរកចំណូលបានស្ទើរតែគ្រប់ទីកន្លែង ពីស្នាដៃរបស់ខ្លួន។

ទស្សនាវដ្ដីអាមេរិក Rolling Stone បានឲ្យដឹងថា រាល់ពេលដែលអាល់ប៊ុមចម្រៀងលក់ដាច់ អ្នកនិពន្ធចម្រៀងទាំងអស់អាចទទួលបានចំណូល ៩,១សេនក្នុងមួយអាល់ប៊ុម។ ឧទាហរណ៍បទចម្រៀង "Umbrella” របស់ Rihanna អាចលក់ដាច់ចំនួន ៤លានបន្ទះ សម្រាប់អាល់ប៊ុម Single (អាល់ប៊ុមដែលមានតែចម្រៀងមួយបទ) និង ២,៧២លានបន្ទះទៀត នៅពេលបញ្ចូលក្នុងអាល់ប៊ុម "Good Girl Gone Bad” ។

ដូច្នេះអ្នកនិពន្ធបទនេះទាំង៤នាក់អាចទទួលបានចំណែកស្មើៗគ្នាពីទឹកប្រាក់សរុបទាំងអស់ ៦១១ ៥២០ដុល្លារ។ នេះគិតតែចំនួនអាល់ប៊ុមដែលលក់ដាច់នៅអាមេរិកប៉ុណ្ណោះ គឺមិនរាប់បញ្ចូលការលក់នៅប្រទេសផ្សេងៗទូទាំងពិភពលោកឡើយ។ លើសពីនេះ ប្រសិនបើបទចម្រៀងនោះ ត្រូវចាក់ក្នុងខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ វីដេអូហ្គេម ឬក៏វីដេអូពាណិជ្ជកម្មផ្សេងៗ ស្ថាប័នទាំងនោះត្រូវចុះកិច្ចសន្យាទិញសិទ្ធិពីផលិតកម្ម ហើយជាទូទៅអ្នកនិពន្ធអាចទទួលបានចំណូលមួយផ្នែកធំពីការទិញសិទ្ធិនេះ។

សម្រាប់បទចម្រៀងល្បីដូចជាបទ "Rolling in the Deep” ឬ "Poker Face” ត្រឹមតែការចាក់ផ្សាយតាមវិទ្យុគឺ អាចរកប្រាក់ប្រមាណ ៥សែនដុល្លារ ក្នុងមួយឆ្នាំ។ ម្ចាស់ស្នាដៃបទចម្រៀងក៏អាចទទួលបានចំណូលដែរ នៅពេលដែលបទចម្រៀងរបស់ពួកគេ ត្រូវបានតារាចម្រៀងណាក៏ដោយយកទៅសម្ដែងក្នុងការប្រគំតន្ត្រី ក៏ដូចជាកម្មវិធីពានរង្វាន់ និងកម្មវិធីកីឡាផ្សេងៗ។

អ្នកនិពន្ធក៏អាចទទួលបានចំណូលខ្លះដែរ រាល់ពេលបទចម្រៀងរបស់គេមានអ្នកចូលស្ដាប់ និងទស្សនាលើបណ្ដាញអ៊ីនធឺណិតផ្សេងៗដូចជា Spotify, YouTube, Rhapsody និងវេបសាយជាច្រើនទៀត។ លោក Seth Saltzman ជានាយករងសមាគមអ្នកនិពន្ធអាមេរិក ដែលមើលការខុសត្រូវចំពោះចំណូលសមាជិកអ្នកនិពន្ធចំនួន ៤សែននាក់ បាននិយាយថាអ្នកនិពន្ធខ្លះអាចរកចំណូលបានដល់រាប់សិបលានដុល្លារ បើសិនបទចម្រៀងរបស់គេល្បីបានរយៈពេលយូរ។

ដូច្នេះហើយបានជាសិល្បករខ្លះដែលបានស្លាប់ទៅហើយដូចជា Michael Jackson នៅតែអាចរកចំណូលបានច្រើនតាមរយៈស្នាដៃរបស់ខ្លួន៕

ដកស្រង់ពិ៖Sabay