បណ្តាញសង្គម

ស្រាយ​ចម្ងល់ ស្រី​ស្អាត សំណាង អេលីណា ហាក់​ស្ងប់ស្ងាត់​ការ​សម្ដែង​ក្រោយ​ជាប់​បវរកញ្ញា​កម្ពុជា ២០១៩

ស្រីស្អាត សំណាង អេលីណា ត្រូវបានគេកត់សម្គាល់ឃើញថា ហាក់មិនមានសកម្មភាពលើការសម្ដែងទាល់តែសោះ បើធៀបនឹងរៀមច្បងដូចជាកញ្ញា រឿន ណាត ជាដើម ក្រោយពីនាងបានជាប់ជយលាភីលេខ១បវរកញ្ញាចក្រវាលកម្ពុជាកាលពីឆ្នាំ ២០១៩ មក។

ជុំវិញបញ្ហាខាងលើ ស្រីស្អាតវ័យ ១៩ឆ្នាំ បានទទួលស្គាល់ថា នាងពិតជាមិនមានមុខក្នុងការសម្ដែងមែន ពិសេសការសម្ដែងភាពយន្ត។ អេលីណា បញ្ជាក់ថា តាមពិតអាជីពសម្ដែងភាពយន្ត ក៏ជាអ្វីដែលនាងស្រឡាញ់ពេញចិត្តដូចគ្នា នឹងអាជីពផ្សេងទៀត ដូចជាដើរម៉ូដជាដើម ប៉ុន្តែការដែលនាងមិនមានមុខសម្ដែងក្នុងខ្សែភាពយន្តណាមួយ ក៏មិនមែនមានន័យថា មិនមានផលិតករណាចាប់អារម្មណ៍នោះដែរ។

សំណាង អេលីណា លើកឡើងថា “និយាយថារឿងគេទាក់ទង គឺមានច្រើនបង គឺច្រើនមែនទែន ប៉ុន្តែនាងខ្ញុំអត់ព្រមទទួល!"។ ចំពោះហេតុផល ស្រីស្អាតកើតនៅរាជធានីភ្នំពេញរូបនេះ ប្រាប់ថា នៅពេលនេះ គឺនាងលៃពេលមិនទាន់បានសម្រាប់ទទួលយកការអញ្ជើញទាំងនោះ ដោយសារតែនាងនៅជាប់រវល់នឹងការសិក្សានៅឡើយ។

អេលីណា បាន និងកំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ ឆ្នាំទី២នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដោយនៅសល់២ឆ្នាំទៀតទើបបញ្ចប់ការសិក្សា។ ក្នុងរយៈពេលនេះ នាងបញ្ជាក់ថា នាងមិនអាចចោលការសិក្សា ទៅស្រវាសិល្បៈតែមួយមុខឡើយ ពិសេសគឺការសម្ដែងភាពយន្តនេះតែម្ដង។ បវរកញ្ញាចក្រវាលកម្ពុជារូបនេះ បញ្ជាក់ថា ថតភាពយន្ត គឺត្រូវការពេលវេលាច្រើន ដូច្នេះចៀសមិនផុតពីប៉ះពាល់ដល់ការសិក្សាឡើយ ទើបនាងកន្លងមកមិនព្រមទទួលការថតនានា។

យ៉ាងណា ដ្បិតថា មិនទទួលការសម្ដែងភាពយន្ត ប៉ុន្តែការងារសិល្បៈផ្សេងទៀត ដែលមិនចំណាយពេលយូរ គឺថតសំអាងការ ស្ប៉តពាណិជ្ជកម្មនានា និងធ្វើជាតារាតំណាងផលិតផល (Brand Ambassador) គឺនាងទទួលជាធម្មតា ព្រោះទាំងនេះ មិនត្រូវការពេលវេលាច្រើនដូចសម្ដែងភាពយន្តឡើយ ហើយថាកន្លងមក គឺនាងទទួលបានការងារនេះជាហូរហែដែរ។

ស្រីស្អាត បញ្ជាក់ថា ទាំងនេះ ក៏ជាហេតុផលបន្ថែមទៀត ដែលធ្វើឲ្យកាលវិភាគរបស់នាងសម្រាប់ទទួលយកការសម្ដែងភាពយន្ត ត្រូវចង្អៀតគ្មានចន្លោះតែម្ដង។ អេលីណា បន្ថែមថា នៅពេលនេះ នាងសុំពេលផ្ដោតលើការសិក្សារបស់នាងសិន ចាំរហូតដល់ ២ឆ្នាំទៀត បញ្ចប់ការសិក្សា ទើបនាងទំនងអាចលៃពេលបានសម្រាប់ការសម្ដែងភាពយន្ត ព្រោះថា នេះក៏អ្វីដែលនាងពេញចិត្តដែរ៕

ដកស្រង់ពី៖ Sabay