បណ្តាញសង្គម

«Crash Landing On You» ល្បីសុខៗ ស្រាប់តែ​មាន​ពាក្យរិះគន់ថា លើកកូរ៉េខាងជើង​ខ្លាំងទៅវិញ

រឿងភាគកូរ៉េថ្មីមានចំណងជើងថា «Crash Landing On You» កំពុងវាយលុកពេញទ្វីបអាស៊ី អង្រួនចិត្តមនុស្សជាច្រើនតាមដានទស្សនាជាបន្តបន្ទាប់ ប៉ុន្តែស្រាប់តែពេលនេះ លេចឮដំណឹងថា រឿងនេះកំពុងត្រូវបានគេរិះគន់ទៅវិញ។

នៅថ្ងៃទី ២២ ខែមករានេះ ខាងក្រុមភ្នាក់ងារប៉ូលីស Seoul Metropolitan Police Agency បានប្រកាសជាសាធារណៈថា គណបក្ស Christian Liberal Party របស់កូរ៉េខាងត្បូង បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងទូរទស្សន៍ tvN ដែលបានលើកពីភាពល្អរបស់ប្រទេសកូរ៉េខាងជើងជ្រុលពេក និងអួតកងទ័ពរបស់ប្រទេសនេះសុទ្ធតែជាឥស្សរជនជាន់ខ្ពស់។

រឿងភាគដែលសម្ដែងដោយ Hyun Bin និង Son Ye Jin នេះ គឺជាខ្សែភាពយន្តដែលបង្កប់នូវរឿងរ៉ាវស្នេហា រវាងនារីអ្នកស្នងមរតកម្នាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងជើង ដោយសារតែគ្រោះថ្នាក់ចៃដន្យពីការលោតឆ័ត្រយោងមួយ ជាមួយនឹងមន្ត្រីម្នាក់ដែលចាំជួយការពារនាង។

មួយវិញទៀត «Crash Landing On You» ក៏បានបង្ហាញពីជីវិតរស់នៅក្នុងប្រទេសកូរ៉េខាងជើងដែរ។ ចំពោះកង្វល់ទាក់ទងនឹងបញ្ហាខាងលើវិញ វាបានកើតឡើងតាំងពីមុនរឿងចាក់ផ្សាយម្ល៉េះ ប៉ុន្តែផលិតករ Lee Jung Hyo បានបញ្ជាក់ថា លោកចង់ធ្វើឲ្យវាក្លាយជារឿងភាគមួយដែលបង្ហាញពី ទំហំស្នេហារបស់គូស្នេហ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណា គណបក្សដដែលខាងលើ នៅតែចោទថារឿងនេះ ពិតជារំលោភលើច្បាប់សន្តិសុខជាតិទៅវិញ៕

ដកស្រង់ពី៖Sabay