បណ្តាញសង្គម

ភាពយន្ត​ខ្មែរ​មួយ​រឿង លើក​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​លើ Facebook ត្រៀម​ឡើង​រោង​កុន​ហើយ​

ខ្សែភាពយន្តថ្មីមួយទៀតរបស់ អិលឌី ទើបបញ្ចេញនាយប់មិញ ដែលអ្នកនិពន្ធបានអះអាងថា រឿងនេះបានឆ្លុះបញ្ចាំងមួយផ្នែកពីការប្រើប្រាស់ពាក្យពេចន៍លើបណ្ដាញសង្គម Facebook។ ដូច្នេះហើយ ទើបរឿងនេះ ត្រូវបានដាក់ចំណងជើងថា "ថេកចុងក្រោយ"។

"ថេកចុងក្រោយ" គឺជាស្នាដៃតែមួយរបស់និពន្ធរឿង "នាឡិកាដាស់វិញ្ញាណ" ដែលទើបបានប្រមូលពានជាច្រើនពីមហោស្រពភាពយន្តជាតិលើកទិ៦ កាលពីខែមុន។ អ្នកនិពន្ធរូបនោះ ត្រូវបានឲ្យដឹងអត្តសញ្ញាណយប់មិញនេះ ដោយលោកមានឈ្មោះថា នួន ម៉ូលីន។ តាមអ្នកនិពន្ធរូបនេះបានឲ្យដឹងថា "ថេកចុងក្រោយ" គឺជារឿងទី២របស់លោក ធ្វើឲ្យ LD ដែលជាភាពយន្តបែបភ័យរន្ធត់ ប៉ុន្តែក៏មានបង្កប់ការអប់រំស៊ីជម្រៅផងដែរ ជាជាងផ្ដល់ជូនតែការកម្សាន្តដល់ទស្សនិកជនតាមអារម្មណ៍ព្រឺព្រួចតែមួយមុខ។

រឿងនេះ លោកបញ្ចេញទៀតបាន បានសម្ងំនិពន្ធជាច្រើនខែណាស់មកហើយ មុនពេលត្រូវបានយកទៅផលិតជាភាពយន្ត។ លោកបន្តថា "ថេកចុងក្រោយ" បានឆ្លុះបញ្ចាំងពីថតភាពនៃសង្គមបច្ចុប្បន្នមួយចំនួន ដូចជាការប្រើប្រាស់ពាក្យពេចន៍នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលទាំងនេះមានភាពជិតស្និទ្ធបំផុតនឹងយុវវ័យ។

ក្រៅពីនេះ ក៏មានឆ្លុះបញ្ចាំងពីការស្រលាញ់ ក៏ដូចជាទំនាក់ទំនងរវាងបងប្អូន នៅក្នុងក្រុមគ្រួសារមួយផងដែរ។ ដូច្នេះហើយ លោករំពឹងទុកថា ភាពយន្តនេះនឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ពិសេសអ្នកដែលធ្លាប់គាំទ្រ និងនិយមទស្សនាភាពយន្តខ្មែរ។ មួយវិញទៀត ក៏សំអាងលើស្នាដៃទី១របស់លោករឿង "នាឡិកាដាស់វិញ្ញាណ" ដែលមានការគាំទ្រច្រើនដែរ។

ក្រោយពីចំណាយពេលនិពន្ធ រហូតឈានមកដល់ការថតជាច្រើនខែ រឿង "ថេកចុងក្រោយ" បានបើកសម្ពោធត្រៀមចាក់បញ្ចាំងនៅរោងកុននាយប់មិញហើយ ដោយវេលានោះ គេឃើញមានសិល្បករ សិល្បការិនីជាច្រើនបានចូលរួម។ កញ្ញា ប៊ូ ច័ន្ទដាណែត ដែលមានវត្តមាន និងជាតារាសម្ដែងក្នុងភាពយន្តនេះបានបង្ហាញពីការពេញចិត្តខ្លាំងនឹងស្នាដៃថ្មីមួយនេះ។ កញ្ញា លើកឡើងថា ជាភាពយន្តមានគុណភាព ក្រោមការយកចិត្តទុកដាក់ពីពីផលិតករ ខណៈតារាសម្តែងក៏ជាសិល្បករប្រុសស្រីល្បីឈ្មោះ។

បើទោះបីជានេះគឺជាការសម្តែងភាពយន្តខ្នាតធំរបស់ខ្លួនមែនប៉ុន្តែកញ្ញាថា ក្នុងភាពយន្តនេះមានលក្ខណៈពិសេសស្ទើរគ្រប់ឈុត សំខាន់គឺបង្កប់ដោយទស្សនៈអប់រំស៊ីជម្រៅ ដែលកញ្ញារំពឹងថាទស្សនិកជននឹងទទួលបានទស្សនីយភាពថ្មីថ្មីប្លែក និងទទួលបានគំនិតល្អៗក្រោយទស្សនាភាពយន្តមួយនេះចប់។ ភាពយន្តខាងលើ នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៣ខែមករាឆ្នាំ ២០២០នេះតទៅនៅគ្រប់រោងភាពយន្តទំនើបទាំងអស់៕

ដកស្រង់ពី៖ Sabay