បណ្តាញសង្គម

បវរកញ្ញា​ហុងកុង​ឱន​ក្បាល​សុំ​ទោសទស្សនិកជន ព្រោះ​ឡើង​ថ្លៃ​លក់​ម៉ាស ពេល​កំពុង​មាន​វីរុស​កូរ៉ូណា

បវរកញ្ញា Tobi Chan ព្រមទាំងមិត្តប្រុសមហាសេដ្ឋីរបស់ខ្លួន កំពុងក្លាយជាផ្ទាំងស៊ីបរងការរិះគន់យ៉ាងខ្លាំង ដោយសារលក់ម៉ាសថ្លៃពេកនៅពេលប្រទេសកំពុងមានរោគកូរ៉ូណា។

ព្រឹកថ្ងៃទី២៩ ខែមករា បណ្ដាញព័ត៌មាន Kwongwah បានរាយការណ៍ថា បវរកញ្ញាហុងកុងឆ្នាំ២០១០ នាង Tobi Chan ព្រមទាំងមិត្តប្រុស លោក Yang Chen Yuan កំពុងត្រូវប្រជាជនរិះគន់យ៉ាងចាស់ដៃ ដោយសារតែឆ្លៀតឱកាសមានអាសន្នរកស៊ី។ តាមនោះដែរ ដោយសារខ្លាចឆ្លងរោគ ម៉ាសត្រូវលក់ដាច់គ្មានសល់។

នៅពេលឃើញដូចនេះ បវរកញ្ញា Tobi Chan បានប្រកាសលើបណ្ដាញសង្គមខ្លួនថា ខ្លួនមានម៉ាសច្រើនសំរាប់លក់ តម្លៃនៅដដែរ។ យ៉ាងណាក៏ដោយ នៅពេលភ្ញៀវទៅហាងរបស់ស្រីស្អាតនេះទិញ គឺចំនួនមានកំណត់ ដោយអ្នកខ្លះត្រូវត្រលប់មកវិញដៃទទេ ហើយតម្លៃគឺគុណនឹង៣។

ក្រោយហេតុការណ៍នេះកើតឡើង មនុស្សជាច្រើនបានរិះគន់គូស្នេហ៍ខាងលើយ៉ាងចាស់ដៃ បង្ខំឲ្យនាងត្រូវឡើងទូរទស្សន៍បកស្រាយ និងឱនក្បាលសុំទោសពីកំហុសរបស់ខ្លួន ដោយនាងបកស្រាយថា មិនដឹងចំនួនអ្នកទិញច្រើនដល់ថ្នាក់នេះ។ នាងកំពុងទាក់ទងទៅខាងផ្គត់ផ្គង់ឲ្យយកទំនិញបន្តទៀត។

គួរបញ្ជាក់ផងដែរថា ទោះបីជាមានពានបវរកញ្ញាក៏ដោយ តែស្រីស្រស់រូបនេះមិនបានបោះជើងចូលសិល្បៈឲ្យពេញទីឡើយ ដោយនាងរវល់តែរកស៊ីប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay