បណ្តាញសង្គម

តស៊ូ​ច្រើន​ឆ្នាំ តាំង​នៅ​ជ្រក​ជាមួយ​បង ឥឡូវ​នាយ គ្រឿន សល់​ទ្រព្យ​រាប់​សិប​ម៉ឺន​ ជា​ញើស​ឈាម​សិល្បៈ

នាយ គ្រឿន ត្រូវបានគេដឹងថា ពេលចូលប្រឡូកសិល្បៈដំបូង គឺជ្រកក្រោមដំបូលផ្ទះនាយ ពែកមី ជាបងប្រុសប៉ុណ្ណោះ

ប៉ុន្តែដល់ឥឡូវនេះ តាមសាមីខ្លួន គឺលោកបានចេញពីផ្ទះរបស់បងប្រុសយូរដែរហើយ ហើយលោកសន្សំទ្រព្យបានច្រើនគួរសមដែរ ក្រោយពីប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំរួចមក។ នេះជាលើកទី១ តារាកំប្លែងល្បីឈ្មោះ បង្ហើបពីទ្រព្យសម្បត្តិដែលខ្លួនមាន ជាសំណល់សល់ពីញើសឈាមសិល្បៈ។ នាយ គ្រឿន អះអាងថា លោកមិនចេះលាក់ ប៉ុន្តែកន្លងមកមិនដែលនិយាយ ក៏ព្រោះតែមិនដែលមានអ្នកសួរដែរ។ ដោយឡែកការបើកបង្ហាញនាពេលនេះ នាយថា ក៏មិនចង់អួតអាងអ្វីដែរ។

“បាទ វាត្រូវតែមានសល់ខ្លះហើយ មិនចង់អួតអីទេ តែកុំអោយគេមើលងាយអ្នកសិល្បៈគ្មានសល់អី..."។ នាយ គ្រឿន ថ្លែង។ តាមការបង្ហើប មកទល់បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិដុំកំភួនមួយចំនួន ក្នុងនោះមានដូចជា៖ ផ្ទះ១ល្វែងលោកទិញនៅក្នុងបុរីពិភពថ្មីខាងឫស្សីកែវតម្លៃជិត១០ម៉ឺន ប៉ុន្តែមិនមែនទិញដាច់ទេ គឺបង់រំលស់ និងមិនទាន់ចប់នៅឡើយទេ។ ក្រៅពីនេះ លោកទើបទិញបានរថយន្តប្រណិត១គ្រឿង តម្លៃជាង ៥ម៉ឺនដុល្លារអាមេរិក ដោយការបង់រំលស់ដែរ។

"តែឡានបង់តិចជាងផ្ទះទេបង ព្រោះយើងបង់ដើមទៅមុនគេឲ្យច្រើនហើយ គឺនៅសល់តែបន្តិចទេ"។ នាយ គ្រឿន ថ្លែង។ ទ្រព្យសម្បត្តិបន្តទៀត ដែលនាយគ្រឿនមានជាកម្មសិទ្ធិដេរនោះ គឺ "ដី”។ តាមសាមីខ្លួនបានឲ្យដឹងថា ដោយព្យាយាមសន្សំពីការងារសិល្បៈ លោកទិញដីទុក្ខបានប្រមាណជា២-៣កន្លែងដែរ ទុកប្រការពេលការងារសិល្បៈថមថយ ឬពេលចាស់ទៅនាយអាចអាស្រ័យផលពីអចលនទ្រព្យនេះបានវិញ។

ក្រៅពីនេះ នាយបានទិញរបស់របរប្រើប្រាស់តូចតាចមួយចំនួនទៀត ដែលសរុបទៅ ជាច្រើនម៉ឺនដុល្លារអាមេរិកដែរ។ នាយ គ្រឿន ដើមឡើយ គឺជាកម្មករសំណង់រកមួយថ្ងៃរស់មួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែដោយមានទេពកោសល្យសិល្បៈ លោក និងនាយ ពែកមី ជាបងប្រុស ក៏បានផ្លាស់ប្ដូរខ្លួន មកជាតារាកំប្លែង ក្រោយជាប់ក្នុងការប្រឡងមួយរៀបចំដោយស្ថានីយទូរទស្សន៍ស៊ីធីអិន គឺកម្មវិធី "មហាកំប្លែង" កាលពីអំឡុងឆ្នាំ២០០៩។

ជាមួយអាជីពថ្មីនេះ នាយ គ្រឿនដែលមានទេពកោសល្យកំប្លែងស្ងួត និងមានអំណោយទានផង បានទទួលភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ។ ក្រៅពីអាជីពជាតារាកំប្លែង នាយ គ្រឿន នៅមានសមត្ថភាពសិល្បៈជាច្រើនទៀតដូចជា និពន្ធ និងដឹកនាំរឿង និងច្រៀងថែមទៀត។

ក្រៅពីនេះ នាយក៏ពេញនិយមសម្រាប់ការងារថតស្ប៉តពាណិជ្ជកម្ម កាត់សក់ក្នុងពិធីមង្គលការផងដែរ ដែលទាំងនេះ សុទ្ធជាប្រភពថវិកាចម្បង ជួយយឹតយោងជីវភាពរបស់នាយ ឲ្យហក់ឡើងយ៉ាងលឿន។ នាយ គ្រឿន ប្រាប់ថា មកដល់ពេលនេះ នាយ មោទកភាពនឹងអ្វីដែលលោកសម្រេចបាន ហើយក៏ពេញចិត្តនឹងអ្វីដែលលោកបាន និងកំពុងមាននាពេលបច្ចុប្បន្ននេះណាស់៕

ដកស្រង់ពី៖ Sabay