បណ្តាញសង្គម

បែកធ្លាយវីដេអូចាប់កាន់ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip ដោយផ្ទាល់ដៃតែម្តង

ស្មាតហ្វូនអេក្រង់បត់ម៉ូឌែលថ្មីមួយផ្សេងទៀតរបស់ Samsung ដែលអាចនឹងមានឈ្មោះថា Galaxy Z Flip ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ Unpacked ដ៏ធំប្រចាំឆ្នាំ ដែលធ្វើឡើងនៅក្នុងថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2020 ខាងមុខនេះ។

ប៉ុន្តែជាទម្លាប់ដូចដែលយើងបានដឹងហើយថា ដរាបណាដែលទូរសព្ទឆ្លាតអេក្រង់បត់ម៉ូឌែលថ្មីមួយនេះមិនទាន់ត្រូវបាន ប្រកាសចេញជាផ្លូវការនោះទេ ដំណឹងដែលពាក់ព័ន្ធនឹងវា នៅតែបន្តលេចឡើងមកជានិច្ច។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន រូបភាពគម្រូផ្លូវការរបស់ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip ជាច្រើនសន្លឹក ត្រូវបានលេចធ្លាយជាសាធារណៈ។

ដោយឡែកនៅក្នុងថ្ងៃនេះដែរ យើងក៏ប្រទះឃើញ វីដេអូចាប់កាន់ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip ដោយផ្ទាល់ដៃតែម្តង ហើយវីដេអូបែកធ្លាយមួយនេះ ត្រូវបានបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់កំពូលអ្នកគូររូបភាពគម្រូ (Render) ដែលមានឈ្មោះថា Ben Geskin។ បើសង្កេតមើលទៅលើវីដេអូមួយនេះ បានធ្វើឲ្យយើងដឹងថា Galaxy Z Flip ពិតជាមានលក្ខណៈបត់ស្រដៀងគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់ Motorola Razr ពិតមែន ឬក៏យើងអាចនិយាយបានថា វាមានលក្ខណៈបត់ស្រដៀងទៅនឹងម៉ាស៊ីនហ្គេម Gameboy Advance SP របស់ក្រុមហ៊ុន Nintendo អញ្ចឹងដែរ។ តាមរយៈវីដេអូមួយនេះដែរ ក៏បានបង្ហាញឲ្យយើងដឹងផងដែរថា ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip ពិតជាមានសមាមាត្រអេក្រង់វែងខុសពីទូរសព្ទឆ្លាតធម្មតាពិតមែន ដោយនៅពេលដែល Galaxy Z Flip ធ្វើការបើកអេក្រង់របស់វាពេញ (Unfolded) វានឹងមានសមាមាត្រអេក្រង់រហូតដល់ទៅ 22:9 ឯណោះ។

មិនទាន់អស់នោះទេ វីដេអូដដែលខាងលើនេះ ក៏បានបញ្ជាក់ឲ្យយើងបានដឹងកាន់តែច្បាស់ថា ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip ពិតជាបានភ្ជាប់មកជាមួយកាមេរ៉ាមុខ ជាប្រភេទលេនទម្លុះអេក្រង់ចំនួន 1 គ្រាប់ និងកាមេរ៉ាក្រោយចំនួន 2 គ្រាប់, LED Flash មួយគ្រាប់ និងអេក្រង់តូចខាងក្រៅ (អាចនឹងមានទំហំ 1.06 អ៊ីញ) ប្រើសម្រាប់មើលសារដំណឹង ពិតមែន។ គួររំលឹកផងថា Galaxy Z Flip អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.7 អ៊ីញ ព្រមទាំងស្រោបដោយកញ្ចក់ការពារកម្រាស់ស្តើង (Ultra-Thin Glass) ដែលអាចធ្វើការបត់បែនបាន។ ចំពោះកម្លាំងម៉ាស៊ីន Galaxy Z Flip អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 855+ គួបផ្សំជាមួយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB។ បន្ថែមពីនេះ Galaxy Z Flip ក៏នឹងអាចភ្ជាប់មកជាមួយថ្ម ទំហំ 3,300 mAh ព្រមទាំងមកជាមួយជម្រើសពណ៌ខ្មៅ និងពណ៌ស្វាយបែកផ្កាឈូក ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK