បណ្តាញសង្គម

សាន់​ឆាយ​ឲ្យ​គេ​ហួស​ចិត្ត​ ​បរិច្ចាគជួយ​​អ្នកឈឺកូរ៉ូណា​ជាង២០០​ដុល្លារ បែរ​ជះ​លុយ​ទិញ​នំ​ជាង​១០០០ដុល្លារ

ចំនួនទឹកប្រាក់ដែលតារាសម្ដែងស្រីកំពុងឡើងកូដចិន បរិច្ចាគដើម្បីជួយដល់ជនរងគ្រោះនៃវីរុសកូរ៉ូណានោះ បានធ្វើឲ្យគេហួសចិត្តស្មានមិនដល់។

ដោយសារវីរុសចម្លងកូរ៉ូណាកំពុងតែវិវដ្តកាន់តែស្មុគស្មាញនោះ អ្នកជំនួញ ក៏ដូចជាសិល្បៈករ សិល្បការិនីជាច្រើនបានរួបរួមដៃគ្នា បរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីជួយទិញម៉ាសបិទមុខ ទឹកលាងដៃ ក៏ដូចជាសម្ភាៈពេទ្យជាច្រើនទៀត។ ខណៈតារាជាច្រើន បានហ៊ានចំណាយលុយដល់ទៅរាប់លានយាន់ (ជាង១០ម៉ឺនដុល្លារ) ដូចជា Jay Chou, Jolin Tsai នោះ ក៏ស្រាប់តែមានតារាស្រីម្នាក់បានធ្វើឲ្យភ្ញាក់ព្រើតនៅពេលបរិច្ចាគថវិកាតែ ២០០០យាន់ (២៨៥ដុល្លារ)។

តារាស្រីនោះគឺ ស្រីស្អាតកំពុងឡើងកូដខ្លាំង Shen Yue តួឯករឿង F4 ស៊េរីថ្មី។ នេះគឺជាតួលេខតូចខ្លាំងបំផុត សម្រាប់សិល្បករមកពីប្រទេសចិន ដ្បិតតម្លៃខ្លួនរបស់គេខ្ពស់កប់ពពក។ អ្វីដែលទស្សនិកជនទប់អារម្មណ៍មិនឈ្នះនោះគឺ តួសាន់ ឆាយមួយនេះធ្លាប់ចំណាយលុយដល់ទៅ១ម៉ឺនយាន់ (១៤២៥ដុល្លារ) ទិញនំខេកមួយដែលល្បីឈ្មោះលើអ៊ីនធឺណិតកាលពីមុន ។

មនុស្សជាច្រើនបានលាន់មាត់ថា តួរឿង F4 ស៊េរីថ្មីអាត្មានិយមពេកហើយ ដោយគិតតែខ្លួនឯង មិនគិតដល់សុខទុក្ខប្រជាជនទាំងឡាយ។ ទោះបីជាប្រឈមមុខនឹងពាក្យរិះគន់ខ្លាំងៗមែនពិត តែស្រីស្អាតរូបនេះមិនបានចេញមុខបកស្រាយអ្វីឡើយ៕

ដកស្រង់ពី៖ Sabay