បណ្តាញសង្គម

តារា​​​ច​ម្រៀង​​​ចាស់​វស្សា​​​ពីរ​​​ដួង ប្រាប់​​​យុវ​វ័យ​​​ពី​​​ដួង​ចិត្ដ​​​ពិត​​​ក្នុង​​​ថ្ងៃ​​១៤ កុម្ភៈ​

នៅសល់ពេលមិនដល់១០ថ្ងៃទៀតទេ ថ្ងៃ១៤ កុម្ភៈដែលជាថ្ងៃទិវា នៃក្ដីស្រឡាញ់នឹងចូលមកដល់។ សម្រាប់តារាចម្រៀងចាស់វស្សា២ដួង គឺលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ដ

បានថ្លែងសារជូនពរ និងបានណែនាំដល់យុវជនគ្រប់ត្រូវគិតល្អ ហើយធ្វើល្អ ដើម្បីតបស្នងសងគុណដល់ឪពុកម្ដាយ គ្រួសារ និងសង្គមជាតិវិញ នាឱកាសបុណ្យដ៏ពេញនិយមសម្រាប់យុវវ័យនេះ។ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ និយាយថា សម្រាប់រូបលោកផ្ទាល់មិនបានធ្វើអ្វីធំដុំដល់អ្នកមានគុណនោះទេ ព្រោះលោកនឹងជាប់រវល់ក្នុងកម្មវិធីប្រគំតន្ដ្រីមួយនៅខេត្ដស្វាយរៀង។

ប៉ុន្ដែលោកសូមជូនពរ និងសុំយុវវ័យគ្រប់រូបផ្ដល់ក្ដីស្រឡាញ់របស់ខ្លួនចំពោះអ្នកមានគុណ ឬអ្នកដែលខ្លួនស្រឡាញ់ ជាជាងធ្វើអ្វីដែលខុសឆ្គងធ្វើឲ្យឪពុកម្ដាយពិបាកចិត្ដ។ "ថ្ងៃហ្នឹងគឺជាថ្ងៃបុណ្យបង្ហាញពីក្ដីស្រឡាញ់ទូទាំងពិភពលោក  តែការស្រឡាញ់ហ្នឹងមានលក្ខណៈផ្សេងៗគ្នា បើស្រឡាញ់ទៅលើផ្លូវអាក្រក់បានអាក្រក់បើស្រឡាញ់ទៅលើផ្លូវល្អគឺបានល្អ។

ទោះជាយ៉ាងខ្ញុំសូមឲ្យអ្នកគ្រប់គ្នាជួបតែសេចក្ដីសុខ និងសេចក្ដីស្រឡាញ់ពិតប្រាកដ" ។ចំណែកតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ខេមរៈ សិរីមន្ដ វិញ និយាយថា ក្នុងឱកាសនោះរូបលោកនឹងរវល់ខ្លាំងក្នុងកម្មវិធីប្រគំតន្ដ្រីមួយនៅកោះពេជ្រ រាជធានីភ្នំពេញ។ ប៉ុន្ដែលោកនឹងថ្លៃងសារអប់រំដល់យុវវ័យ និងអ្នកគាំទ្ររបស់លោកនៅក្នុងឱកាសនោះតែម្ដង។

លោកបន្ថែមថា យុវជនមួយចំនួននៅតែយល់ខុសពីអត្ថន័យនៃថ្ងៃទិវានៃក្ដីស្រឡាញ់៖ "ខ្ញុំចង់ឲ្យប្អូនៗជាពិសេសមិត្ដយុវវ័យយល់ច្បាស់ពីអត្ថន័យទិវានៃក្ដីស្រឡាញ់ គឺគេចង់និយាយអំពីអ្នកមានគុណគឺឪពុកម្ដាយ ហើយកុំគិតរឿងផ្លូវភេទ ឬធ្វើអ្វីដែលខុសឆ្គងក្នុងថ្ងៃនៃទិវានៃក្ដីស្រឡាញ់នេះ”។ដោយភាពមញាញឹកក្នុងអាជីពសិល្បៈក្នុងថ្ងៃ១៤ កុម្ភៈ តារាទាំងចម្រៀងចាស់វស្សាទាំងពីរដួងមិនបានរៀបចំកម្មវិធីសម្បាយរីករាយអ្វីសម្រាប់ខ្លួន ឬក្រុមគ្រួសារឡើយ។

ប៉ុន្ដែពួកគេបញ្ជាក់ថា ក្ដីស្រឡាញ់ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ គឺកើតចេញពីខ្លួនឯងផ្ទាល់ តាមរយៈការធ្វើខ្លួនឯងឲ្យល្អ និងមានប្រយោជន៍ដល់គ្រួសារ និងសង្គម ហើយបានផ្ដល់ជាគំរូដល់យុវវ័យ។ទាក់ទងនឹងថ្ងៃ១៤ កុម្ភៈ ឬថ្ងៃនៃក្ដីស្រឡាញ់នេះ។ មានរឿងមួយដំណាលអំពីបព្វជិតម្នាក់គឺ លោក Valentine ដែលបានបម្រើសាសនា ក្នុងសតវត្សទី ៣ ដែលបានជួយការពារនៃសេចក្ដីស្រលាញ់ដល់គូស្នេហ៍ជនជាតិ រ៉ូម៉ាំង។ បច្ចុប្បន្នយុវជនកម្ពុជា បានយកឱកាសនេះដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់របស់ខ្លួនចំពោះអ្នកមានគុណ ឬអ្នកដែលខ្លួនស្រឡាញ។

ប៉ុន្ដែយុវវ័យមួយចំនួន នៅតែបន្ដយល់ខុសពីអត្ថន័យរបស់ទិវានៃក្ដីស្រឡាញ់នេះ ហើយពួកគេទៅគិតរឿងផ្លូវភេទ ឬព្រឹត្ដិអំពើខុសឆ្គងផ្សេងៗក្នុងថ្ងៃនេះដែលធ្វើឲ្យសង្គមព្រួយបារម្ភទៅវិញ៕

ដកស្រង់ពី៖ Sabay