បណ្តាញសង្គម

តើ​​​តារា​​​ៗ គួរ​​​ផ្ដល់​​​អ្វី​​​ខ្លះ​​​ដល់​​​យុវ​ជន​​​ក្នុង​​​ថ្ងៃ​​​ទិវា នៃ​​​ក្ដី​ស្រឡាញ់​?

ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្ដែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ចង់ឃើញសិល្បករ-សិល្បការិនីខ្មែរគ្រប់រូបបង្ហាញពីក្ដីស្រឡាញ់ពិតប្រាកដ ហើយផ្ដល់ជាគំរូល្អដល់យុវវ័យក្នុងថ្ងៃទិវា នៃក្ដីស្រឡាញ់ ១៤ កុម្ភៈ។

អ្នកនាង ចន ច័ន្ទលក្ខិណា និយាយថា " តាមពិតទៅខ្ញុំមិនចង់បញ្ចេញមតិយោបល់អីក្រៅពីនៅក្នុងឱកាសបុណ្យជាតិយើងទេ ប៉ុន្ដែតារាៗគួរបញ្ចេញសារល្អៗតាមហ្វេសប៊ុករបស់ខ្លួន ឬតាមឆាកតន្ដ្រីផ្ទាល់ដល់យុវវ័យ ជាពិសេសសិស្សសាលា ព្រោះក្នុងឱកាសនេះមានក្មេងខ្លះបានយល់ខុសពីអត្ថន័យនៃថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ហើយទៅធ្វើរឿងអីផ្ដេសផ្ដាស"។

អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថា សមាគមសិល្បករខ្មែរ មិនបានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដល់យុវវ័យនៅក្នុងឱកាសនេះទេ ហើយអ្នកនាងផ្ទាល់ក៏មិនទាន់បានគិតថានឹងបញ្ចេញសារអ្វីតាមហ្វេសប៊ុកដល់យុវវ័យដែរ ព្រោះរវល់ពេក។ ទាក់ទងនឹងថ្ងៃ១៤ កុម្ភៈ ដែលគ្រឹស្ដបរិស័ទបានចាត់ទុកថ្ងៃនេះជាទិវា នៃក្ដីស្រឡាញ់នោះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែកុម្ភៈ ថា ទិវា នៃក្ដីស្រឡាញ់កំពុងជ្រៀតចូលមកក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្ដាលឲ្យមនុស្សមួយចំនួនទទួលយក និងប្រើប្រាស់ដោយភ័នច្រឡំ ហើយប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ។

ដកស្រង់ពី៖ Sabay