បណ្តាញសង្គម

vivo Z6 5G ប្រើប្រាស់ឈីប Snapdragon 765G និងមានថ្មទំហំធំ 5000mAh ត្រៀមចេញលក់លើទឹកដីចិន នៅថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះ

vivo Z5 ជាទូរសព្ទឆ្លាត ដែលបានបង្ហាញខ្លួនកាលពីខែកក្កដា ឆ្នាំ 2019 កន្លងទៅនេះ ជាមួយរូបរាងបែបទាន់សម័យ មានអេក្រង់លាតធំ ដោយប្រើម៉ូតឆកតំណក់ទឹក និងមានកាណុងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់។ មិនតែប៉ុណ្ណោះ វាក៏មានកម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិផ្សេងៗល្អគ្រាន់បើ ជាមួយកញ្ចប់តម្លៃដ៏សមរម្យល្អ សាកសមជាមួយសមត្ថភាពដែលវាអាចធ្វើបានផងដែរ។

ដោយឡែក នៅថ្ងៃនេះដែរ ក្រុមហ៊ុន vivo ផ្ទាល់ ក៏បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ទៅលើបណ្តាញគណនី Weibo ទាក់ទងនឹងទូរសព្ទម៉ូឌែលថ្មីមួយទៀត ស្ថិតក្នុងខ្សែស្រឡាយត្រកូល Z ដូចគ្នា ដែលវាមានឈ្មោះហៅផ្លូវការថា vivo Z6 5G។ បើមើលទៅលើរូបភាពផ្លូវការនោះ បង្ហាញឲ្យឃើញថា ទូរសព្ទឆ្លាតលំដាប់ថវិកាជំនាន់ថ្មីនេះ ទទួលបានការឌីហ្សាញប្លែកពីស៊េរីមុន ទាំងអេក្រង់កាន់តែលាតធំ ប្តូរមកប្រើកាមេរ៉ាជាលេនទម្លុះអេក្រង់តូចមួយ និងរចនាបថនៃកាមេរ៉ាក្រោយ សុទ្ធតែត្រូវបានអាប់ដេតឲ្យកាន់តែស្រស់ស្អាត និងកាន់តែទាក់ទាញជាងមុន មួយកម្រិតទៀត។ យ៉ាងណា គួរឲ្យសោកស្តាយ vivo បែរជាផ្លាស់ប្តូរកន្លែងស្កេនម្រាមដៃ មកដាក់នៅផ្នែកខាងក្រោយអេក្រង់ ក្បែរកាមេរ៉ាទៅវិញ។ កាន់តែពិសេស តាមរយៈរូបភាពផ្លូវការនោះ ក៏បានបង្ហាញឲ្យដឹងថា ទូរសព្ទឆ្លាតម៉ូឌែលថ្មីនេះ នឹងដំណើរការដោយ បន្ទះឈីបកម្រិតមធ្យមជំនាន់ថ្មី Snapdragon 765G បូករួមទាំងបច្ចេកវិទ្យាបន្សាបកម្តៅ ដែលក្រុមហ៊ុនអួតថា វាអាចធ្វើការបានក្នុងលំដាប់ថា្នក់ប្រៀបដូចជាកុំព្យូទ័រអញ្ចឹងទៀតផង។ លើសពីនេះ vivo Z6 5G នឹងប្រើប្រាស់ថាមពលថ្មធំជាងមុន លោតដល់ 5000mAh និងអាចទ្រទ្រង់កម្លាំងសាកល្បឿនលឿន កម្រិត 44W ដើម្បីឲ្យសមស្របជាមួយថ្មដូច្នេះដែរ។ សម្រាប់បច្ចុប្បន្ន ក្រៅពីលក្ខណៈសម្បតិ្តទាំងនេះហើយ ក្រុមហ៊ុនពុំទាន់បានបង្ហាញអ្វីផ្សេងទៀតឡើយ ប៉ុន្តែ យើងអាចដឹងត្រឹមថា vivo Z6 5G នឹងវេចខ្ចប់មកជាមួយជម្រើសពណ៌ 3 ប្រភេទ រួមមានដូចជាពណ៌ខ្មៅ ស និងពណ៌ខៀវបែកស្វាយ ជាលក្ខណៈ Gradient color។

ជាចុងក្រោយ vivo ក៏ថែមទាំងបានបង្ហើបឲ្យដឹងថា សម្រាប់ទូរសព្ទឆ្លាតស៊េរីថ្មី vivo Z6 5G នេះ នឹងត្រូវបានដាក់លក់សាកល្បង នៅលើគេហទំព័រអនឡាញ JD.com នៅប្រទេសចិន ជាលើកដំបូងចាប់ពីថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះតទៅ រីឯតម្លៃវិញ ខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK