បណ្តាញសង្គម

ប្រព័ន្ធប្រតិបត្តិការ Android 11 ជំនាន់ Developer Preview លើកដំបូង ត្រូវបានបញ្ចេញជាផ្លូវការ

កាលពីសប្ដាហ៍មុននេះ យើងប្រទះឃើញវេបសាយផ្លូវការសម្រាប់ Android 11 ត្រូវបានបើកដំណើរការក្នុងរយៈពេលខ្លី ហើយក៏បានបិទទៅវិញផងដែរ

មើលទៅដោយសារតែច្រឡំដៃ ចេញមុនពេលកំណត់តែម្ដង។ រហូតមកដល់ពេលនេះ Google បានធ្វើការដាក់បញ្ចេញ Android 11 ជំនាន់ Developer Preview លើកដំបូងបង្អស់ជាផ្លូវការហើយ ដោយវាមានរយៈពេល 1 ខែលឿនជាងរាល់ឆ្នាំទៅទៀត។ ចំណែកឯអត្ថបទខាងក្រោមនេះ គឺជាមុខងារថ្មីៗមួយចំនួន ដែលបានបង្ហាញខ្លួននៅលើ Android 11 ជំនាន់តេស្ដសាកល្បងដំបូង ក៏ដូចជាការកែប្រែប្រព័ន្ធសុវត្ថិភាព ឲ្យកាន់តែតឹងជាងមុនជាដើម។

មុននឹងដល់មុខងារថ្មីៗទាំងអស់នោះ អញ្ចឹងយើងចង់បញ្ជាក់ប្រាប់ថា នាពេលឥឡូវនេះ Google បានអនុញ្ញាតឲ្យទូរសព្ទឆ្លាតរបស់ខ្លួន ចាប់ពី Pixel 2 Series រហូតដល់ទៅ Pixel 4 Series ដាក់ឲ្យដំឡើងតេស្ដមើលជាបណ្ដើរៗហើយ ដើម្បីស្វែករកមើលកំហុសនានា ហើយរាយការណ៍ទៅកាន់ក្រុមអ្នក Developers វិញ។ ហាក់បីដូចជា បានដឹងរួចមកហើយថា ជំនាន់តេស្ដលើកដំបូងនេះ នឹងមានផ្ទុកនូវកំហុសជាច្រើន ហើយដំណើរការក៏មិនទាន់ស្រួលនោះដែរ ដូច្នេះយល់ល្អកុំទាន់ដំឡើងប្រើប្រាស់ ប្រសិនបើមិនយល់ច្បាស់អំពីវា។ ចូលមកដល់មុខងារទី 1 ដំបូងគេបង្អស់ គឺវាមានឈ្មោះហៅថា Bubbles ហើយដំណើរការដូចជាមុខងារ Chat Heads នៅក្នុងកម្មវិធី Messenger អញ្ចឹងដែរ ដោយនៅលើ Android 11 វានឹងមានភ្ជាប់មកជាមួយកម្មវិធី Message ដើមមកស្រាប់តែម្ដង ដើម្បីកាន់តែងាយស្រួលនិងរហ័ស ជាមួយការតបផ្ញើសារនានា។ បន្ទាប់ពីនេះ គឺជាការផ្ដល់ជម្រើសបន្ថែម ទៅឲ្យផ្ទាំងស្នើរសុំសិទ្ធិ លើការប្រើប្រាស់មុខងារផ្សេងៗដូចជា កាមេរ៉ា, មីក្រូហ្វូន និងទីតាំងជាដើម ដោយជំនាន់ក្រោយនេះ វានឹងមានកន្លែងឲ្យយើងជ្រើសរើស ការអនុញ្ញាតឲ្យកម្មវិធីបើកប្រើ តែលើកនេះម្ដងប៉ុណ្ណោះ “Only This Time” ហេតុនេះហើយ វានឹងសាកសួរម្ដងទៀត នៅពេលយើងបើកប្រើលើកក្រោយ ដើម្បីកុំឲ្យកម្មវិធីទាំងអស់នោះលួចបើកចោល។ ជាទីបំផុត នោះគឺជាមុខងារថតអេក្រង់ជាលក្ខណៈវីដេអូ (Screen Recording) បានឈានមកដល់ Android Stock ដើមហើយ ដោយសង្ឃឹមថាវានឹងមិនត្រូវដកចេញ ដូចជាជំនាន់មុនទៀត។

លើសពីនេះទៅទៀត Android 11 ក៏នាំយកមកជាមួយមុខងារផ្សេងៗជាច្រើន ដែលរួមមានដូចជា ការកែតម្រូវឲ្យដំណើរការរលូនជាមួយ ទូរសព្ទឆ្លាតអេក្រង់បត់, អេក្រង់កោងបែប Waterfall និងកាមេរ៉ាទម្លុះអេក្រង់ ហើយថែមទាំងមុខងារទាក់ទងនឹង 5G, អាចកំណត់ Dark Mode ដោយស្វ័យប្រវត្តិបាន តាមពេលថ្ងៃពេលយប់ និងពង្រីងសុវត្ថិភាពជាពិសេស។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK