បណ្តាញសង្គម

តក់​ស្លុត! អ្នក​និពន្ធ​ភ្លេង​បទ "កូន​យំ​ល្វើយ​ៗ" ដែល​កំពុង​ល្បី ជួប​គ្រោះ​ថ្នាក់​រថយន្ត រហូត​ដល់​ផ្ទុះ​ឆេះនៅ​រតនគីរី

លោក ចក់ ដែលជាអ្នកនិពន្ធបទភ្លេងក្នុងក្រុម "ចចកសមុទ្រ" និងជាអ្នកនិពន្ធបទភ្លេងបទចម្រៀងកំពុងល្បីរបស់លោកព្រាប សុវត្ថិ "កូនយំល្វើយៗ" បានជួបគ្រោះថ្នាក់រថយន្តនៅលើដងផ្លូវរហូតដល់ផ្ទុះឆេះខូចខាតរថយន្តទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីតាំងភូមិសាស្ត្រនៃភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ មិនមានតួលេខនៃអ្នករបួសនោះ ឬស្លាប់ក្នុងហេតុការណ៍នេះទេ ប៉ុន្តែរថយន្តមួយគ្រឿងម៉ាក ហាយឡេនឌឺរ ត្រូវភ្លើងឆាបឆេះទាំងស្រុង។ ចំពោះមូលហេតុ នៃគ្រោះថ្នាក់ខាងលើ បើតាមលោកចក់ ឆ្លើយប្រាប់ប្រិយមិត្តរបស់លោកនៅលើបណ្ដាញសង្គម បណ្ដាលមកពីបែកកង់ ហើយរថយន្តបានក្រឡាប់១ត្រឡប់ រួចក៏បានផ្ទុះឆេះតែម្ដង។

អ្វីដែលគួរឲ្យស្រណោះ ម្ចាស់រថយន្តបានពោលដោយការសោកស្ដាយចំពោះរបស់ទ្រព្យដែលបាត់បង់ទៅ ព្រោះជាកម្លាំងញើសឈាមរបស់លោកប្រឹងប្រែងទាំងយប់ទាំងថ្ងៃ។ ឥឡូវស្រាប់តែត្រូវមកបង់ក្នុងហេតុការណ៍នឹកស្មានមិនដល់នេះ។ “ហេតុអ្វីរឿងបែបនេះកើតមកលើខ្ញុំចឹង កំលាំងញើសឈាមខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃទម្រាំតែបានប៉ុណ្ណេះ ឥឡូវប្រែរលាយអស់មួយរំពេច”។

ប្រិយមិត្តស្គាល់លោកជាច្រើនបានចូលរួមសោកស្ដាយ និងលោកទឹកចិត្តលោក ចំពោះការខាតបាត់បង់ ដោយពួកគេលើកឡើងថា "ឲ្យតែជីវិតគង់ ទ្រព្យបង់អាចរកបានវិញទេ"។ នៅក្នុងចំណោមនោះ ក៏ឃើញមានលោក សុខ ជំនោរ អតីតអ្នកនិពន្ធរបស់ហង្សមាស ក៏បានចូលរួមលើកទឹកចិត្តលោកចក់ដែរ ក្នុងនោះ លោកថែមទាំងសង្ឃឹមថា មិត្តភ័ក្តិ ពិសេសតារាចម្រៀងដែលធ្លាប់ធ្វើការជាមួយលោក ចក់ ជួយឈឺឆ្អាលចំពោះគ្រោះថ្នាក់របស់អ្នកនិពន្ធបទភ្លេងនាគ្រានេះផង៕

ដកស្រង់ពី៖ Sabay